ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរយ៉ាងខ្លាំងពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវគោលនយោបាយសំខាន់ៗ និងចាំបាច់មួយចំនួន ដើម្បីជួយទ្រង់ទ្រងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ដោយមានការឧបត្ថម្ភថវិកា នៅពេលមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។
ជាក់ស្តែងនៅឆ្នាំ២០២៤ រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានគ្រោងថវិកាប្រមាណ១៦៥លានដុល្លារអាមេរិក សម្រាប់ជួយដល់គ្រួសារក្រីក្រ និងគ្រួសារងាររងហានិភ័យ។
តាមរយៈសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ ដែលត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង នាចុងសប្តាហ៍មុននេះ បានបញ្ជាក់អំពីចំនួនថវិកា ដែលត្រូវគ្រោងចំនួន ៦៧៤.៥ ប៊ីលានរៀល សមមូលនឹងប្រមាណ១៦៥ លានដុល្លារ សម្រាប់បម្រើ ដល់ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិ ជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាររងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។






