រដ្ឋាភិបាលថៃនឹងអនុញ្ញាតឱ្យបារក្នុងតំបន់ទេសចរណ៍បើកដល់ម៉ោង៤ទៀបភ្លឺចាប់ពីឆ្នាំ២០២៤

0

ដោយៈ តែម សុខុម

បាងកកៈ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច បារ ឬកន្លែងកម្សាន្តក្នុងបណ្ដាខេត្តទេសចរណ៍របស់ថៃ នឹងត្រូវបានអនុញ្ញាតឱ្យបើកដល់ម៉ោង៤:០០ទៀបភ្លឺចាប់ពីឆ្នាំថ្មីតទៅ។

លោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានបញ្ជាក់កាលពីថ្ងៃច័ន្ទ ទី៣០ ខែតុលា ថា ការអនុញ្ញាតថ្មីនេះ គឺជាគោលនយោបាយរបស់នាយករដ្ឋមន្ត្រីថ្មី លោក Srettha Thavisin ហើយជាជំហានដំបូង នឹងត្រូវអនុវត្តនៅតាមបណ្ដាខេត្តដែលពេញនិយម ក្នុងចំណោមភ្ញៀវទេសចរ ជាពិសេសជនបរទេស។

លោកលើកឡើងថា តំបន់ទេសចរណ៍គោលដៅទាំងនោះរួមមានបាងកក ឈៀងម៉ៃ និងភូកេត។ លោកបញ្ជាក់ថា កន្លែងកម្សាន្តនានាត្រូវតែរក្សាសណ្ដាប់ធ្នាប់ឱ្យបានល្អ និងគ្មានបទល្មើសកើតឡើង ក្នុងម៉ោងបើកដំណើរការរកស៊ី។

លោកបន្ថែមថា “យើងធ្វើបែបនេះ គឺសម្រាប់អ្នកដែលមិនបំពានច្បាប់។ ដូចនេះត្រូវតែនាំគ្នាគោរពច្បាប់ ឱ្យបានខ្ជាប់ខ្ជួន ឧទាហរណ៍តាមរយៈការចៀសវាងការស្រវឹងបើកបរ ការកាន់ប្រដាប់អាវុធ និងការចែកចាយគ្រឿងញៀនជាដើម”។

លោកបន្ថែមទៀតថា យុវជនដែលមានវ័យក្រោម២០ឆ្នាំ នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលឡើយ ហើយភ្ញៀវទេសចរត្រូវតែជួយទប់ស្កាត់ការវាយតប់គ្នា។ ប្រសិនបើគ្រប់គ្នាសហការគ្នាបានល្អ ហើយការកម្សាន្តប្រព្រឹត្ត ទៅដោយគ្មានបញ្ហាអ្វីកើតឡើង ពួកគេចង់បើកយូរដល់ម៉ោងប៉ុន្មានក៏បានដែរ។

លោកបញ្ជាក់ថា មន្ត្រីមានសមត្ថកិច្ច នឹងបន្តទទួលយកមតិយោបល់លើបញ្ហានេះ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ហើយបន្ទាប់មកនឹងបញ្ជូនសំណើពាក់ព័ន្ធ នឹងការកម្សាន្តនេះទៅគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តជាផ្លូវការ៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here