ដោយ: គង់ លាងហួរ
តូក្យូ: យោងតាមរបាយការណ៍ប្រចាំខែ ដែលចេញផ្សាយកាលពីថ្ងៃចន្ទបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានរក្សា ការវាយតម្លៃរបស់ខ្លួនថា សេដ្ឋកិច្ចរបស់ប្រទេសនេះ កំពុងស្ទុះងើបឡើងវិញ ក្នុងកម្រិតល្បឿនមធ្យម និងបានព្រមានអំពីហានិភ័យ ពីជម្លោះនៅតំបន់មជ្ឈិមបូព៌ា។
រដ្ឋាភិបាលជប៉ុនបានរក្សាទស្សនៈរបស់ខ្លួន លើវិស័យសំខាន់ៗភាគច្រើននៃសេដ្ឋកិច្ច រាប់ចាប់តាំងពីការប្រើប្រាស់ឯកជន និងការចំណាយដើមទុន រហូតដល់ការនាំចេញ ដោយរក្សាការវាយតម្លៃដូចគ្នាសម្រាប់រយៈពេល៦ខែជាប់ៗគ្នា។
ក្រុមហ៊ុននានាបានចាត់ទុកលក្ខខណ្ឌ អាជីវកម្មរបស់ពួកគេថា ជាការស្ទុះងើបឡើងវិញ ក្នុងកម្រិតល្បឿនមធ្យម ដែលនេះជាភាពប្រសើរឡើងវិញ ជាលើកដំបូងក្នុងរយៈពេល៣ខែ។ នេះបើយោងតាមរបាយការណ៍ប្រចាំខែតុលា។របាយការណ៍នេះបានបន្តថា ការប្រើប្រាស់ឯកជន និងការវិនិយោគអាជីវកម្មកំពុងកើនឡើង ហើយការនាំចេញកំពុងបង្ហាញសញ្ញានៃការកើនឡើងនាពេលថ្មីៗនេះ។
រដ្ឋាភិបាលបានអះអាងថា ទន្ទឹមនឹងនោះ ការយកចិត្តទុកដាក់យ៉ាងពេញលេញ គួរតែត្រូវបានផ្តោតទៅលើការកើនឡើង នៃតម្លៃទំនិញ ស្ថានភាពសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ និងមូលធន។
សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានកើនឡើង ក្នុងរយៈពេល៣ត្រីមាសជាប់ៗគ្នា គិតត្រឹមត្រីមាសទី២ ក្នុងឆ្នាំនេះ ដោយសារកំណើននៃការនាំចេញរថយន្ត និងការមកដល់របស់ភ្ញៀវទេសចរ បានជួយប៉ះប៉ូវដល់ការធ្លាក់ចុះនៃការប្រើប្រាស់។
កំណើនសេដ្ឋកិច្ចនៅត្រីមាសទី២ បានកើតមានឡើង បន្ទាប់ពីប្រទេសមហាអំណាចសេដ្ឋកិច្ច នៅតំបន់អាស៊ីមួយនេះ សម្រេចបានកំណើនសេដ្ឋកិច្ច ៣,៧ភាគរយនៅក្នុងត្រីមាសទី១ ដែលជាកំណើនលឿនបំផុត គិតចាប់តាំងពីត្រីមាសចុងក្រោយនៃឆ្នាំ២០២០មក៕