ដោយ: គង់ លាងហួរ
អន្តរជាតិ:តំណាងពាណិជ្ជកម្មថៃ លោកស្រីNalinee Taveesin បានមានប្រសាសន៍ថា ក្រុមហ៊ុនហុងកុង កំពុងបង្ហាញចំណាប់អារម្ម ណ៍ក្នុងការបង្កើតក្រុមហ៊ុនផលិត និងក្រុមហ៊ុនដឹកជញ្ជូននៅក្នុងប្រទេ សថៃ។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំជាមួយលោក Ronald Ho នាយកក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង នៅទីក្រុងបាងកក កាលពីថ្ងៃអាទិត្យ លោកស្រី Nalinee បានបញ្ជាក់ថា ហុងកុងគឺជាសម្ព័ន្ធមិត្តរបស់ប្រទេសថៃ ក្នុងពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងទេសចរណ៍អស់រយៈពេលជាយូរមកហើយ។
-->
កិច្ចប្រជុំនេះបានធ្វើឡើង បន្ទាប់ពីលោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានបំពេញទស្សនៈកិច្ច ទៅកាន់ទីក្រុងហុងកុង ដើម្បីជួបអ្នកវិនិយោគ ដែលមានសក្តានុពលកាលពីដើមខែតុលានេះ។ លោកស្រី Nalinee បន្តថា កិច្ចប្រជុំក៏ផ្តោតលើការផ្លាស់ប្តូរព័ត៌មាន និងការរឹតបន្តឹងទំនាក់ទំនងពាណិជ្ជកម្មផងដែរ។
លោកស្រីបានអះអាងថា “បន្ទាប់ពីជំងឺរាតត្បាតបានធូរស្រាល ក្រុមហ៊ុនហុងកុង បានចាប់អារម្មណ៍ ក្នុងការពង្រីកទីផ្សាររបស់ខ្លួនទៅកាន់តំបន់អាស៊ាន រួមទាំងប្រទេសថៃ ដោយមានក្រុមហ៊ុនហុងកុងចំនួន៣០ កំពុងស្វែងរកឱកាសវិនិយោគ និងបង្កើតមូលដ្ឋានផលិតកម្ម និងប្រព័ន្ធដឹកជញ្ជូននៅក្នុងប្រទេសថៃ”។
កិច្ចសហប្រតិបត្តិការនេះ នឹងជួយឱ្យអ្នកធុរកិច្ចថៃ ជាពិសេសសហគ្រាសធុនតូច និងមធ្យម និងអ្នកទើបចាប់ផ្តើមអាជីវកម្មថ្មីៗអាចទទួលបានបណ្តាញចែកចាយផលិតផល និងការអភិវឌ្ឍន៍ចំណេះដឹងក្នុងវិស័យផ្សេងៗ រួមទាំងពាណិជ្ជកម្មអេឡិចត្រូនិកផងដែរ។
ក្នុងជំនួបនោះ លោក Ho ក៏បានអញ្ជើញលោក សេដ្ឋា ថាវីស៊ីន ទៅចូលរួមវេទិកាហិរញ្ញវត្ថុអាស៊ី នៅទីក្រុងប៉េកាំងក្នុងខែមករា ខាងមុខផងដែរ។ជាមួយគ្នានេះ លោកស្រី Nalinee ក៏បានជួបជាមួយលោក Kevin Yang ប្រធានសមាគមអ្នករចនាម៉ូដហុងកុង ដើម្បីពិភាក្សាអំពីវិធីផ្សព្វផ្សាយសូត្រថៃនៅលើទីផ្សារពិភពលោក។
លោក Yang បានស្នើឱ្យប្រទេសថៃ បង្ហាញប្រវត្តិរឿងរ៉ាវអំពីសូត្ររបស់ខ្លួនទៅកាន់ពិភពលោក ដើម្បីបង្ហាញថា សូត្រមិនត្រឹមតែត្រូវបានគេប្រើប្រាស់ ដើម្បីផលិតសម្លៀកបំពាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើប្រាស់សម្រាប់ការតុបតែង និងគ្រឿងសង្ហារឹមតាមរយៈការតាំងពិពណ៌ផងដែរ។ លោកបានបន្ថែមថា ការរចនារ៉ូបសូត្រថៃ ក៏គួរកាត់បន្ថយទម្រង់បែបបទផងដែរ ដើម្បីធ្វើឱ្យវាកាន់តែមានភាពទាក់ទាញ សម្រាប់យុវវ័យ៕