តែម សុខុម
ញូវយ៉កៈ ក្រុមហ៊ុនសណ្ឋាគារដ៏ល្បីល្បាញបំផុតមួយនៅសហរដ្ឋអាមេរិក គ្រោងបើកដំណើរការសណ្ឋាគារ និងរីហ្សតមួយតម្លៃ៣,៧ពាន់លានដុល្លារ នៅ Las Vegas ក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រោយប្រើពេលសាងសង់២៣ឆ្នាំ។
សណ្ឋាគារ និងរីហ្សត Fontainebleau Las Vegas នឹងក្លាយជាសាខាសណ្ឋាគារ និងរីហ្សត Fontainebleau Miami Beach ដែលបានបើកដំណើរការតាំងពីឆ្នាំ១៩៥៤ ហើយត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជារីហ្សតគោលដៅទេសចរណ៍ដំបូងរបស់សហរដ្ឋអាមេរិក។យោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី២៥ តុលា ឱ្យដឹងថា សណ្ឋាគារ និងរីហ្សតខាងលើនេះនឹងបើកដំណើរការនៅថ្ងៃទី១៣ ខែធ្នូ ចុងឆ្នាំនេះលើផ្ទៃដីជាង១០,១ហិកតានៅ Las Vegas។
សណ្ឋាគារ និងរីហ្សតដែលមានបន្ទប់គេងចំនួន៣.៦៤៤បន្ទប់នេះបានចាប់ផ្ដើមការសាងសង់ក្នុងឆ្នាំ២០០៧ ក្រោយពីលោក Jeffrey Soffer ដែលជាប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Fontainebleau Development បានទិញដីនេះក្នុងឆ្នាំ២០០០។ទោះជាយ៉ាងណា ការសាងសង់បានផ្អាកដំណើរការក្នុងឆ្នាំ២០០៨ ដោយសារផ្ទុះវិបត្តិសេដ្ឋកិច្ចពិភពលោក។ក្រោយពីវិបត្តិនេះបានបញ្ចប់ទៅ ការសាងសង់ក៏បានបន្តឡើងវិញ ហើយរយៈពេល១២ឆ្នាំរាប់ចាប់ពីរការចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ២០០៧ ការងារសាងសង់សម្រេចបាន៧០%។
នៅទីបំផុត កិច្ចព្រមព្រៀងជាច្រើនបានធ្វើឱ្យគម្រោងសាងសង់នេះចាប់ផ្ដើមឡើងវិញនៅមុនពេលផ្ទុះវិបត្តិកូវីដ-១៩ បន្តិចរហូតមកទល់បច្ចុប្បន្ន ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរក្នុងពេលពេលដ៏ខ្លីខាងមុខ៕ CNN៕