ដោយ: គង់ លាងហួរ
ភ្នំពេញ: សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងកាលពីថ្ងៃអង្គារថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) នឹងក្លាយជាកាតាលីករសម្រាប់ជំរុញកំណើនទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ដោយស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប អាកាសយានដ្ឋានអន្តរជាតិកម្រិត 4E មួយនេះ គ្របដណ្តប់លើផ្ទៃដី៧០០ហិកតា និងបានចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មរបស់ខ្លួនកាលពីថ្ងៃទី១៦ ខែតុលា។សម្តេចបានគូសបញ្ជាក់នៅក្នុងអត្ថបទមួយ ដែលបានចេញផ្សាយនៅក្នុងបណ្តាញសង្គម Telegram ផ្លូវការ ថា “អាកាសយានដ្ឋាននេះនឹងក្លាយទៅជាសក្តានុពលដ៏រឹងមាំ និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាបជាពិសេស និងសម្រាប់ឧស្សាហកម្មទេសចរណ៍ទាំងមូលក្នុងប្រទេសផងដែរ”។សម្តេចបាន បន្ថែមថា “វាក៏នឹងអាចទាក់ទាញអ្នកវិនិយោគ ក៏ដូចជាផ្តល់អត្ថប្រយោជន៍ ខាងផ្នែកសេដ្ឋកិច្ច ដល់ប្រជាជនក្នុងតំបន់ផងដែរ”។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាការលាយបញ្ចូលគ្នានៃវប្បធម៌ ធម្មជាតិ និងភាពឆ្លាតវៃ។សម្តេចបានបញ្ជាក់ថា អាកាសយានដ្ឋានថ្មីនេះបានជួយលើកកម្ពស់ការតភ្ជាប់ និងប្រសិទ្ធភាពក្នុងវិស័យដឹកជញ្ជូន និងភស្តុភារក្នុងប្រទេសកម្ពុជា។
លោក ស៊ិន ច័ន្ទសេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍ឱ្យដឹងថា ជាមួយនឹងផ្លូវរត់ប្រវែង៣.៦០០ម៉ែត្រ អាកាសយានដ្ឋាន (SAI) អាចទទួលជើងហោះហើរចម្ងាយឆ្ងាយមកពីជុំវិញពិភពលោក។លោកបន្ថែមថា “យើងសង្ឃឹមថា អាកាសយានដ្ឋានថ្មីនេះនឹងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិថ្មីៗ ដើម្បីធ្វើប្រតិបត្តិការជើងហោះហើរត្រង់របស់ពួកគេទៅកាន់ខេត្តសៀមរាប”៕