Hattha top Banner

កម្ពុជា និងសាធារណរដ្ឋកូរ៉េ ពង្រឹងទំនាក់ទំនងទ្វេរភាគីកាន់តែស៊ីជម្រៅដើម្បីឈានទៅកាន់កម្រិតថ្មីមួយទៀត

0

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ លោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូនលោកត្តម Chang Ho-jin អនុរដ្ឋមន្ត្រីការបរទេសទី១ នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ ក្នុងឱកាសឯកឧត្តមអនុរដ្ឋមន្តី បំពេញទស្សនកិច្ចការងារនៅកម្ពុជា។

ភាគីទាំងពីរបានសម្តែងនូវការពេញចិត្ត យ៉ាងជ្រាលជ្រៅចំពោះការបញ្ចប់ប្រកបដោយ ជោគជ័យនៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-សាធារណរដ្ឋកូរ៉េ លើកទី៥ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដោយបានដាក់ចេញនូវទិសដៅសកម្មភាពថ្មី ដើម្បីបង្កើននិងធ្វើឱ្យស៊ីជម្រៅបន្ថែម ទៀតនូវកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។

ដោយសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ កិច្ចព្រមព្រៀង ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា ច្បាប់ស្តីពីការវិនិយោគរបស់កម្ពុជា និងវេទិការាជ រដ្ឋាភិបាល-ផ្នែកឯកជនប្រចាំឆ្នាំ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសក្តានុពលរបស់ យន្តការទាំងនោះ ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀត។

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរដ្ឋាភិបាល និង ប្រជាជននៃសាធារណរដ្ឋកូរ៉េជាមិត្ត ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ដែលបានរួមចំណែកដល់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ដោយរំលឹកពីអាណត្តិការទូត របស់លោកនៅរាជធានីភ្នំពេញ កាលពីមួយទសវត្សរ៍មុន ឯកឧត្តមអនុរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ ចំពោះការផ្លាស់ប្តូរដ៏ឆាប់រហ័សរបស់កម្ពុជា។

ការកើនឡើងនៃចំនួនអគារខ្ពស់ៗ ព្រមទាំងកំណើនក្នុងស្រុកដ៏រឹងមាំ ឆ្លុះបញ្ចាំងពីការអភិវឌ្ឍដ៏គួរ ឱ្យកត់សម្គាល់របស់កម្ពុជា។លោកអនុរដ្ឋមន្ដ្រី Chang Ho-jin បានគូសបញ្ជាក់ថា កម្ពុជា បានក្លាយជាដៃគូ សហប្រតិបត្តិការអភិវឌ្ឍន៍ដ៏ធំបំផុត របស់សាធា​រណរដ្ឋកូរ៉េក្នុងឆ្នាំនេះ។

ភាគីទាំងពីរបានពិភាក្សាអំពីវិធានការនានា ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈាន ដល់កម្រិតថ្មីមួយទៀត ពន្លឿនការអនុវត្តគម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ និង លើកទឹកចិត្តឱ្យក្រុមហ៊ុនកូរ៉េបន្ថែមទៀត មកបណ្តាក់ទុននៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងផលិតកម្ម ព្រមទាំងសក​ម្មភាពផ្តល់តម្លៃបន្ថែមខ្ពស់ ដោយផ្អែកលើបច្ចេកវិទ្យា ទំនើបរបស់កូរ៉េ។ភាគីទាំងពីរ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការផ្លាស់ប្តូរទស្សនកិច្ចកម្រិត ខ្ពស់ជាញឹកញាប់ ដែលការណ៍នេះនឹងបញ្ជូនសញ្ញាលើកទឹកចិត្តដល់វិស័យឯកជន។ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់ លើបញ្ហាតំបន់និងអន្តរជាតិ ដែលផ្តល់ផលប្រយោជន៍រួម ព្រមទាំងបញ្ហានៅឧបទ្វីបកូរ៉េផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here