ដោយៈសុផល
ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៥.៣ភាគរយ នៅឆ្នាំ២០២៣ និង៦ភាគរយ នៅឆ្នាំ២០២៤។នេះបើតាមការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣។
របាការណ៍របស់ IMF បានលើកឡើងថា កំណើននេះ ដោយសារការស្ទុះងើបឡើងវិញ នៃវិស័យទេសចរណ៍ និងកំណើននៃការនាំចេញបន្ទះសូឡា និងគ្រឿងបន្គុំអគ្គិសនី ដែលជាកត្តាជំរុញកំណើនដ៏សំខាន់។ តែការនាំចេញសម្លៀកបំពាក់ នៅតែមានភាពទន់ខ្សោយ ដោយបង្ហាញសញ្ញា នៃការងើបឡើងវិញតិចតួច ក្នុងប៉ុន្មានខែថ្មីៗនេះ។
ចំណែកវិស័យសំណង់វិញ បានបង្ហាញការងើបឡើងវិញយឺតយ៉ាវ។អតិផរណាបានស្ទុះងើបឡើងវិញដល់ ៣.៨% ក្នុងខែកញ្ញា ឆ្នាំ២០២៣ ដោយសារតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈកាន់តែខ្ពស់។ សម្រាប់រយៈពេលពេញមួយឆ្នាំ២០២៣ អតិផរណាត្រូវបានគេព្យាករណ៍ថា ស្ថិតក្នុងកម្រិតជាមធ្យម២.៣ភាគរយ ហើយអាចនឹងឈានដល់៣ភាគរយ នៅឆ្នាំ២០២៤ ដោយសារកើនឡើងនៃតម្លៃទំនិញបន្ថែម។ចំណែកឱនភាពគណនីចរន្តបានរួមតូច នៅឆ្នាំ២០២២ ហើយត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះបន្ថែមទៀតជាបណ្តើរៗ ដោយសារតែការងើបឡើងវិញយ៉ាងខ្លាំង នៃការនាំចេញផលិតផលមិនមែនកាត់ដេរ ទេសចរណ៍ និងលំហូរផ្ទេរប្រាក់។
ចំណែកទុនបម្រុងអន្តរជាតិ ត្រូវបានគេរំពឹងថានឹងនៅតែមានស្ថិរភាព។ រីឯបំណុលសាធារណៈ ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងក្នុងកម្រិតមធ្យម ក្នុងកំឡុង១ទសវត្សរ៍ចុងក្រោយនេះ ហើយហានិភ័យនៃវិបត្តិបំណុល នៅតែមានកម្រិតទាប៕