Hattha top Banner

​នាយករដ្ឋមន្ត្រី​ Sr​e​t​t​h​a​ ​T​h​a​v​i​sin​ ​​ស្នើ​ឲ្យ​មានការ​កែ​សម្រួល​យុទ្ធសាស្ត្រ​ចរចា​ជាមួយ​កម្ពុជា​លើ​តំបន់​ទាមទារ​ត្រួត​ស៊ីគ្នា​ (O​CA​) ​នៅ​ឈូងសមុទ្រ​ថៃ

0

​រដ្ឋាភិបាល​ក្រោម​ការ​​​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី​ Sr​e​t​t​h​a​ ​T​h​a​v​i​sin​ ​បាន​ស្នើ​ឲ្យ​មានការ​កែ​សម្រួល​យុទ្ធសាស្ត្រ​ចរចា​ជាមួយ​កម្ពុជា​លើ​តំបន់​ទាមទារ​ត្រួត​ស៊ីគ្នា​ (O​CA​) ​នៅ​ឈូងសមុទ្រ​ថៃ​។​

​ការ​កែ​សម្រួល​ក្របខណ្ឌ​នៃ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ថៃ​-​កម្ពុជា​ ​ឆ្នាំ​២​០​០​១​ ​មាន​គោលបំណង​ពន្លឿន​កិច្ចពិភាក្សា​ ​ដើម្បី​សម្រេច​បាន​កិច្ចព្រមព្រៀង​ស្តីពី​ការ​ទាញ​យក​ធនធាន​ប្រេង​រួមគ្នា​។​
លោក​ ​P​i​rap​an​ S​a​lira​t​h​a​v​i​b​hag​a​ ​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​បាន​និយាយ​ថា​ ​រដ្ឋាភិបាល​របស់​លោក​នឹង​ផ្តោត​លើ​ការចរចា​ឡើងវិញ​ជាមួយ​កម្ពុជា​ស្តីពី​តំបន់​ត្រួត​ស៊ីគ្នា​នេះ​ ​ដោយ​សង្កត់ធ្ងន់​លើ​ការ​អភិវឌ្ឍ​រួមគ្នា​ជាជាង​ការកំណត់​ព្រំ​ដែនសមុទ្រ​។​

​លោក​បាន​បន្ត​ថា​ “​យើង​ត្រូវការ​ថាមពល​ពី​តំបន់​នេះ​ ​មិនមែន​ទាមទារ​ការបែងចែក​ដែនសមុទ្រ​នោះ​ទេ​។​ ​នេះ​ជា​កិច្ចការ​លំបាក​ ​និង​ត្រូវការ​ពេលវេលា​ដើម្បី​ដោះស្រាយ​ ​ដោយសារ​គ្មាន​ប្រទេស​ណា​អាច​ទទួលយក​ការផ្លាស់ប្តូរ​ព្រំដែន​របស់​ខ្លួន​ដោយ​ងាយ​នោះ​ទេ​”​។​

​លោក​បាន​បន្ត​ទៀត​ថា​ ​ថៃ​ ​និង​កម្ពុជា​បាន​ទាមទារ​តំបន់​នេះ​ ​និង​ដែនសមុទ្រ​រៀងៗខ្លួន​នៅ​ពេលវេលា​ផ្សេងៗ​គ្នា​ ​ហើយ​ការ​ទាមទារ​គឺ​ផ្អែកលើ​ច្បាប់​ផ្សេងៗ​គ្នា​។​ “​ប្រទេស​ទាំងពីរ​ទាមទារ​ដោយ​ស្រប​ច្បាប់​ ​ដូច្នេះ​វា​ពិតជា​ពិបាក​ក្នុង​ការវិនិច្ឆ័យ​ថា​អ្នកណា​ត្រូវ​ ​ឬ​ខុស​”​។​ “​ប្រសិនបើ​យើង​មិន​អាច​ដោះស្រាយ​វិវាទ​បាន​ដោយ​ងាយ​ទេ​នោះ​ ​តើ​បានអ្វី​មកវិញ​នៅពេលដែល​ធ្វើឲ្យ​វា​កាន់តែ​ស្មុគ​ស្មាញ​ដោយ​ការ​ភ្ជាប់​បញ្ហា​ទាំងពីរ​ជាមួយគ្នា​។​​អនុស្សរណៈ​យោគ​យល់គ្នា​ដែល​បាន​ចុះហត្ថលេខា​រួមគ្នា​ដោយ​អតីត​រដ្ឋមន្ត្រីការបរទេស​ថៃ​ ​លោក​ Sur​a​k​i​art​ ​Sat​h​i​r​a​thai​ ​និង​អតីតប្រធាន​អាជ្ញាធរ​ប្រេង​ជាតិ​កម្ពុជា​ ​លោក​ ​សុខ​ ​អាន​ ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​០​១​ ​នៅ​រាជធានី​ភ្នំពេញ​ ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ​ការចរចា​ស្តីពី​ការកំណត់​ព្រំដែន​ទឹក​សមុទ្រ​ ​និង​ការ​អភិវឌ្ឍន៍​រួមគ្នា​នៃ​ធនធាន​ប្រេង​ត្រូវតែ​ធ្វើឡើង​ក្នុង​ពេល​ដំណាលគ្នា​ជា​កញ្ចប់​ដែល​មិន​អាច​បំបែក​បាន​។​

​តំបន់​ទាមទារ​ត្រួត​ស៊ីគ្នា​ដែល​មាន​ប្រវែង​ ​២​៦​,​០​០​០​ ​គីឡូ​ម៉ែត្រការ៉េ​ ​ស្ថិតនៅ​ក្នុង​ឈូងសមុទ្រ​ថៃ​ ​ដែល​មាន​ផ្ទុក​ឧស្ម័នធម្មជាតិ​រហូតដល់​១​១​ ទ្រ៊ី​លាន​ហ្វី​ត​គូ​ប​ ​ព្រមទាំង​បរិមាណ​ប្រេង​ច្រើន​ទៀត​។​ ​វា​ត្រូវ​បាន​កំណត់​នៅ​ភាគ​ខាងលិច​ ​នៅពេលដែល​កម្ពុជា​បាន​ទាមទារ​ដែនសមុទ្រ​របស់​ខ្លួន​នៅ​ឆ្នាំ​១​៩​៧​២​ ​និង​នៅ​ភាគ​ខាងកើត​ ​ដូចដែល​ប្រទេស​ថៃ​បាន​ទាមទារ​នៅ​ឆ្នាំ​ ​១​៩​៧​៣​។​

​ប្រទេស​ទាំងពីរ​បាន​ព្យាយាម​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​តាំងពី​ទសវត្សរ៍​ឆ្នាំ​១​៩​៩​០​ ​មក​ម្ល៉េះ​ ​ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ​ណាមួយ​ឡើយ​រហូតដល់​ដើម​សតវត្ស​ទី​២​១​។​ ​រដ្ឋាភិបាល​ថៃ​ក្រោម​ការ​​​ដឹកនាំ​របស់​លោក​ថា​ក់​ស៊ី​ន​ ​ស៊ីណា​វ៉ា​ត្រា​ ​និង​កម្ពុជាក្រោម​ការ​​​ដឹកនាំ​របស់​លោក​ ​ហ៊ុន​ ​សែន​ ​បាន​ឈាន​ដល់​ការ​ចុះហត្ថលេខា​ក្នុង​ឆ្នាំ​ ​២​០​២​១​ដើម្បី​កំណត់​តំបន់​ខាងលើ​រយៈទទឹង​១​១​ ​ដឺ​ក្រេ​ខាងជើង​សម្រាប់​ការកំណត់​ព្រំដែន​ ​និង​ខាងក្រោម​បន្ទាត់​សម្រាប់​ការ​អភិវឌ្ឍ​រួមគ្នា​។​

​អនុស្សរណៈ​ក៏បាន​បង្កើត​គណៈកម្មាធិការ​បច្ចេកទេស​រួម​ (J​T​C) ​និង​អនុ​គណៈកម្មាធិការ​ជា​យន្ត​ការ​សម្រាប់​ការចរចា​ដើម្បី​ដោះស្រាយ​វិវាទ​ព្រំដែន​ ​ក៏ដូចជា​ការ​ទាញ​យក​ធនធានធម្មជាតិ​រួមគ្នា​។​

​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​បាន​ស្ថិត​ក្នុង​ហា​និ​ភ័យ​នៃ​ការ​ត្រូវ​បាន​លុបចោល​ក្នុង​ឆ្នាំ​ ​២​០​០​៩​ ​នៅពេលដែល​គណៈរដ្ឋមន្ត្រី​ថៃ​ក្រោម​ការ​​​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​ ​A​b​his​it​ ​V​e​jj​a​j​i​v​a​ ​បាន​បោះឆ្នោត​ច្រានចោល​ឯកសារ​នេះ​ ​បន្ទាប់ពី​មានការ​ផ្ទុះ​ជម្លោះ​រវាងប្រទេស​ទាំងពីរ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​។​ ​ពេល​នោះ​ ​A​b​his​it​ ​ក៏​សម្តែង​ការ​មិន​ពេញចិត្ត​នៅពេលដែល​លោក​ ​T​h​a​k​sin​ ​ត្រូវបានតែងតាំងជា​ទីប្រឹក្សា​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ដែល​អាច​នឹង​បង្ក​ឱ្យ​មាន​ជម្លោះ​ផលប្រយោជន៍​ ​ដោយសារ​ឯកសារ​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ក្នុង​អំឡុង​រដ្ឋាភិបាល​របស់​លោក​ថា​ក់​ស៊ី​ន​។​

​ទោះ​ជា​យ៉ាងនេះ​ក្តី​ ​អនុស្សរណៈ​យោគយល់​នេះ​បាន​រស់រាន​មានជីវិត​នៅពេលដែល​រដ្ឋាភិបាល​របស់​លោកស្រី​ ​Y​in​g​luck​ ​Shin​a​w​at​r​a​ ​បាន​ច្រានចោល​សេចក្តី​ស​ម្រេ​ចិត្ត​ដែល​បាន​ធ្វើ​កាលពី​លើក​មុន​ ​ហើយ​បាន​បញ្ជាក់​សារ​ជាថ្មី​ថា​អនុស្សរណៈ​យោគ​យល់គ្នា​នេះ​ជា​ឯកសារ​មូលដ្ឋាន​សម្រាប់​តំបន់​ទាមទារ​ត្រួត​ស៊ីគ្នា​។​ ​ពេល​នោះ​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា​បាន​មាន​ភាព​ប្រសើរ​ឡើងវិញ​ ​ប៉ុន្តែ​រដ្ឋាភិបាល​របស់​លោកស្រី​យី​ង​ឡាក់​មិនបាន​សម្រេច​នូវ​វឌ្ឍនភាព​ណាមួយ​លើ​បញ្ហា​នេះ​ទេ​ ​ដោយពេល​នោះ​មាន​បញ្ហា​ក្នុង​ប្រទេស​ជាច្រើន​ដែល​ទាមទារ​អោយ​លោកស្រី​ដោះស្រាយ​។​

​រដ្ឋាភិបាល​របស់​ឧត្តមសេនីយ​ ​Pray​u​t​ C​h​an​-o-c​h​a​ ​បាន​ទម្លាក់​លោកស្រី​ ​Y​in​g​luck​ ​ក្នុង​រដ្ឋប្រហារ​ឆ្នាំ​២​០​១​៤​។​ ​រដ្ឋាភិបាល​ថ្មី​គ្រាន់តែ​បង្កើត​គណៈកម្មាធិការ​បច្ចេកទេស​រួម​មួយ​ដែល​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី​ ​P​raw​it​ ​W​on​g​su​wan​ ​នៅ​ចុង​ឆ្នាំ​២​០​២​២​។​ ​ក្រោយ​បាន​បង្កើត​ក្រុម​ការងារ​ពីរ​នៅ​ក្រោម​គណៈកម្មាធិការ​របស់​លោក​ ​ប៉ុន្តែ​មិន​មានឱកាស​បន្ត​ការចរចា​ជាមួយ​កម្ពុជា​ ​ខណៈ​ដែល​រដ្ឋាភិបាល​របស់​លោក​ទទួលបរាជ័យ​ក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃ​ទី​១​៤​ ​ខែ​ឧសភា​ឆ្នាំនេះ​។​

​ឧបនាយករដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋមន្ត្រីការបរទេស​ ​លោក​ ​Par​n​pre​e​ B​a​h​i​d​d​h​a​-Nuk​ar​a​ ​បាន​និយាយ​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​នៅ​ភ្នំពេញ​កាលពី​ចុង​ខែកញ្ញា​ថា​ ​រដ្ឋាភិបាល​របស់​លោក​ចាំបាច់​ត្រូវ​បង្កើត​គណៈកម្មាធិការ​បច្ចេកទេស​រួម​ថ្មី​មួយ​ ​មុន​ពេល​ចាប់ផ្តើម​ការចរចា​លើ​បញ្ហា​តំបន់​ត្រួត​ស៊ីគ្នា​ជាមួយ​កម្ពុជា​។​

​គេ​នៅ​មិនទាន់​ដឹង​ថា​តើ​នរណា​នឹង​ត្រូវ​បញ្ចូល​ក្នុង​គណៈកម្មាធិការ​នេះ​ ​ហើយ​ថា​តើ​វា​នឹង​ត្រូវ​បាន​ដឹកនាំ​ដោយ​ក្រសួងការបរទេស​ ​ឬ​ក្រសួង​ថាមពល​ដែរ​ឬទេ​។​ ​P​i​rap​an​ ​ដែល​ជា​មេដឹកនាំ​គណបក្ស​ ​United​ ​Thai​ ​Nation​ ​ទំនងជា​ចង់​ទទួល​ធ្វើការងារ​នេះ​។​ ​លោក​បាន​ស្នើ​អោយ​ដក​បញ្ហា​ថាមពល​ចេញពី​ការចរចា​ព្រំ​ដែនសមុទ្រ​។​ ​លោក​បាន​បន្ត​ថា​ វិ​ស​័​យ​ឯកជន​ដែល​ចាប់អារម្មណ៍​លើ​ថាមពល​ ​គួរតែ​ចូលរួម​ក្នុង​ការចរចា​នេះ​។​

​លោក​បាន​លើកឡើង​ទៀត​ថា​ “​ក្រសួងការបរទេស​មិន​មាន​ភារកិច្ច​ទាក់ទង​នឹង​បញ្ហា​ថាមពល​នោះ​ទេ​” ​ហើយ​បាន​បន្ថែម​ថា​ ​ការចរចា​នឹង​មិន​ទទួល​បាន​ជោគជ័យ​ទេ​ ​ប្រសិនបើ​បញ្ហា​ថាមពល​ ​និង​បញ្ហា​ដែនដី​ត្រូវ​បាន​ភ្ជាប់​ជាមួយគ្នា​។​

​P​i​c​h​a​i​ N​a​rip​t​hap​an​ ​ទីប្រឹក្សា​នាយករដ្ឋមន្ត្រី​ ​និង​ជា​សមាជិក​សំខាន់​នៃ​គណបក្ស​ភឿ​ថៃ​បាន​និយាយ​ថា​ ​ការចរចា​គួរតែ​ផ្តោត​លើ​បញ្ហា​ថាមពល​ ​និង​គម្រោង​អភិវឌ្ឍ​រួមគ្នា​ ​ដោយសារ​ថាមពល​គឺជា​បញ្ហា​បន្ទាន់​មួយ​ ​ខណៈ​ដែល​ប្រជាជន​កំពុង​ចំណាយ​ខ្ពស់​លើ​តម្លៃ​ថាមពល​។​

​លោក​បាន​បន្ថែម​ថា​ ​ប្រសិនបើ​ប្រទេស​ទាំងពីរ​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​ស្តីពី​តំបន់​ទាមទារ​ត្រួត​ស៊ីគ្នា​នៅ​ថ្ងៃនេះ​ក៏ដោយ​ ​វា​នឹង​ត្រូវការ​ពេល​យ៉ាងហោចណាស់​ប្រាំ​បី​ឆ្នាំ​ដើម្បី​ទាញ​យក​ឧស្ម័នធម្មជាតិ​សម្រាប់​យកទៅ​ប្រើប្រាស់​។​

​កិច្ចពិភាក្សា​ការងារ​ចុងក្រោយ​រវាង​លោក​ ​កែវ​ ​រតនៈ​ ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​និង​ឯកអគ្គរដ្ឋទូត​ថៃ​នៅ​ភ្នំពេញ​ ​លោក​ C​herd​k​i​at​ ​At​t​h​a​korn ​កាលពី​ចុង​ខែកញ្ញា​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី​ថៃ​មកកាន់​កម្ពុជា​ ​បាន​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិ​ស័​យ​ថាមពល​ ​និង​ប្រេងឥន្ធនៈ​។​ ​

LEAVE A REPLY

Please enter your comment!
Please enter your name here