ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងសារពត៌មានVNexpress បានចុះផ្សាយឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌូណេស៊ីគ្រោងនឹងយកពន្ធលើភ្ញៀវទេសចរបរទេសនៅក្នុងគោលដៅទេសចរណ៍អាទិភាពកំពូលចំនួន៥បន្ថែមទៀត បន្ទាប់ពីកោះបាលី។
លោក Vinsensius Jemadu អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិត បានលើកឡើងថា នាពេលខាងមុខ ពន្ធទេសចរណ៍អន្តរជាតិនឹងមិនត្រឹមតែត្រូវបានអនុវត្តនៅលើកោះបាលីប៉ុណ្ណោះទេ តែថែមទាំងអនុវត្តនៅក្នុងគោលដៅចំនួន៥បន្ថែមទៀត ដូចជាបឹងតូបា (ខេត្តស៊ូម៉ាត្រាខាងជើង) ប្រាសាទបូរ៉ូប៊ូឌូរ (កោះជ្វាកណ្តាល) តំបន់រមណីយដ្ឋានឆ្នេរសមុទ្រ Mandalika កោះLabuan Bajo និងឆ្នេរសមុទ្រ Likupang។
លោក Vinsensius បានគូសបញ្ជាក់ថា ការយកពន្ធពីភ្ញៀវទេសចរបរទេសនឹងចាប់ផ្តើមអនុវត្តនៅកោះបាលីក្នុងខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។ចំំណែក គោលដៅបន្ទាប់ៗសម្រាប់ការអនុវត្តយកពន្ធស្រដៀងគ្នានេះនឹងត្រូវបានកំណត់ឡើង ដោយផ្អែកលើការវាយតម្លៃលើទិដ្ឋភាពចំនួន៣គឺភាពងាយស្រួលនៃការចូលទៅកាន់សម្រស់ និងភាពទាក់ទាញ។