កម្ពុជា ចិន ឯកភាពគ្នាប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន នៅឆ្នាំ២០២៤ សំដៅជំរុញកំណើនទេសចរចិនមកកម្ពុជា

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ កម្ពុជា-ចិន ក៏បានឯកភាពគ្នា ផ្តួចផ្តើមនូវសកម្មភាពជាក់ស្តែងនានា ដើម្បីប្រារព្ធ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន” នៅឆ្នាំ២០២៤ សំដៅជំរុញកំណើនទេសចរចិន មកទស្សនាកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត។

នេះបើយោងតាមលទ្ធផល នៃជំនួបពិភាក្សាការងារប្រកបដោយផ្លែផ្ការវាង លោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅទីស្តីការក្រសួងកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ។ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើនជាបន្តបន្ទាប់ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលបានផ្តល់ប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ និងបានឯកភាពគ្នាអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព នូវកុងសង់ស៊ីស ដែលថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ បានព្រមព្រៀងគ្នា នាពេលកន្លងមក ក្នុងនោះ រួមមាន ទី១ ការដាក់ចេញនូវ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” ទី២ ការបង្កើត “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និងទី៣ ច្រករបៀងមច្ឆានិងអង្ករ” ដែលសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានរដ្ឋចិន Xi Jinping បានឯកភាពគ្នាកាលពីខែកុម្ភៈ ឆ្នាំ២០២៣។ភាគីទាំងពីរក៏បានកត់សម្គាល់ ដោយការពេញចិត្តនូវជំនួបប្រ​កបដោយផ្លែផ្ការវាង សម្តេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំចិន ជាពិសេសឯកឧត្តមប្រធានរដ្ឋចិន Xi Jinping និងលោកនាយករដ្ឋមន្ត្រី Li Chang។  ក្នុងឱកាសទស្សនកិច្ចរបស់សម្តេចធិបតី ទៅកាន់ប្រទេសចិនចំនួន២លើក កន្លងមក ថ្មីៗនេះ។

ភាគីទាំងពីរក៏បានឯកភាពគ្នាផ្តួចផ្តើម នូវសកម្មភាពជាក់ស្តែងនានា ដើម្បីប្រារព្ធ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន” នៅឆ្នាំ២០២៤ សំដៅជំរុញកំណើនទេសចរចិន មកទស្សនាកម្ពុជាឱ្យកាន់​តែច្រើនថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here