Hattha top Banner

តើដំណោះស្រាយអាគារជាប់គាំង នឹងអាចដោះស្រាយបានកម្រិតណា? ចំនួនអាគារជាប់គាំងត្រូវបានកំណត់អត្តសញ្ញាណរួចហើយ

0

        ដោយៈ គង់ សូរិយា

ព្រះសីហនុៈ ការកំណត់អត្តសញ្ញាណអាគារជាប់គាំង នៅក្រុងព្រះសីហនុ គិតត្រឹមខែកញ្ញ ឆ្នាំ២០២៣ មានចំនួន៣៤១គំរោង ស្មើនឹង ៣៦៤អគារបានផ្អាកការសាងសង់។

រាជរដ្ឋាភិបាលកម្ពុជា បានចេញវិធានការជាកញ្ចប់សម្រាប់ដោះស្រាយអគារជាប់គាំងក្នុងខេត្តព្រះសីហនុ ក្នុងនោះមានជាការលើកលែងពន្ធ ទៅតាមប្រភេទគម្រោងសាងសង់នីមួយៗ និងការជួយសម្រួលសេវារដ្ឋបាលមួយចំនួន។

គម្រោងដែលមានការលើកទឹកចិត្ត ដោយការលើកលែងពន្ថប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុងចន្លោះឆ្នាំ២០២៣-២០២៥ ពន្ធអចលនទ្រព្យប្រចាំឆ្នាំជាបន្ទុករបស់រដ្ឋចាប់ពីឆ្នាំ២០២០-២០២៥។ ក្រៅពីនេះ ក៏មានជាការសម្រួលលិខិតអនុញ្ញាតសាងសង់ ឱ្យស្របតាមនីតិវីធីជាធរមាន ចំពោះអគារជាប់គាំង ដែលមិនទាន់មានលិវិតអនុញ្ញាតសាងសង់។

គម្រោងទាំងនេះ ក៏ត្រូវបានលើកលែងកម្រៃ សេវាសាធារណៈ លើលិខិតអនុញ្ញាតសាងសង់ និងវិញ្ញាបនបត្រប្រើប្រាស់សំណង់។

ចំពោះគម្រោងដែលពុំស្ថិតក្រោមច្បាប់ស្តីពី វិនិយោគដូចជា ផ្ទះសំណាក់ សំណង់លំនៅឋាន។ល។ ត្រូវទទួលបានការលើកទឹកចិត្តត្រឹមបទប្បញ្ញត្តិស្តីពី ការលើកទឹកចិត្តពន្ធដារ និងគយ និងមិនកម្រិតត្រឹមសហគ្រាសធុនតូច និងមធ្យម និងវិស័យអាទិភាព។រីឯសកម្មភាពមូលនិធិ នៃគម្រោងវិនិយោគរួម និង/ឬបរធនបាលកិច្ច ទទួលបានការសម្រួលការស្នើសុំអាជ្ញាបណ្ណ, ពន្ធលើប្រាក់ចំណូលរយៈពេល៩ឆ្នាំ, ពន្ធអប្បរមារយៈពេល៩ឆ្នាំ, និង ប្រាក់រំដោះពន្ធលើប្រាក់ចំណូលរយៈពេល៩ឆ្នាំ។

លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកសិក្ខា ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពី “វិធានការជាកញ្ចប់” សំដៅចូលរួមធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃ “វិធានការជាកញ្ចប់” ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាលកម្ពុជា កាលពីចុងខែមីនា ឆ្នាំ២០២៣កន្លងមក។លោកបន្តថា គម្រោងវិនិយោគជាប់គាំង ក្នុងខេត្តព្រះសីហនុ ដែលបានបើកកិច្ចប្រជុំពិគ្រោះយោបល់ប្រមូលធាតុចូល និងរកគន្លឹះយ៉ាងស្វិត​ស្វាញពីអន្តរក្រសួង ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធចាប់ពីថ្នាក់ជាតិ រហូតថ្នាក់ក្រោមជាតិ រួមមាន អាជ្ញាធរមូលដ្ឋាន និងវិស័យឯកជន។ វិធានការជាកញ្ចប់នេះ ក្រុមការងារបានរៀបចំប្រជុំចំនួន៥ដងរួចមកហើយ និងបានដាក់ចេញនូវផែនការសកម្មភាពនានា បានយ៉ាងខ្ជាប់ខ្ជួនតាមកាលវិភាគ ដែលបានកំណត់ ក្នុងនោះរដ្ឋបាលខេត្តព្រះសីហនុ មានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ជាសេនាធិការបានធ្វើការ កំណត់អត្តសញ្ញាណលម្អិត កំណត់តំបន់ចូលរួមវិភាគ ការអនុវត្តគម្រោងសម្រាប់រៀបចំ លិខិតបទដ្ឋានគតិយុត្តិ និងការជំរុញអនុវត្តយន្តការដោះស្រាយ ក្រៅប្រព័ន្ធតុលាការជាដើម។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីបរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា រដ្ឋាភិបាលបានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំង ក្នុងខេត្តព្រះសីហនុក្នុងខែ មីនា ឆ្នាំ២០២៣ ហើយសិក្ខាសាលាថ្ងៃនេះ នឹងធ្វើការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយនូវវិធានការរាជរដ្ឋាភិបាល ក្នុងចំណោម តួអង្គសំខាន់ៗ និងអ្នកពាក់ព័ន្ធនានា ទាំងរដ្ឋ និងឯកជន ដើម្បីជំរុញការអនុវត្ត និងជំរុញសកម្មភាព និងសន្ទុះសេដ្ឋកិច្ចក្នុងខេត្ត ទាំងក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែង។លោកបណ្ឌិតបន្តថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីអូន ព័ន្ធមុនីរ័ត្ន បានដឹកនាំការសិក្សា ​លើការរៀបចំវិធានការ ដោយមានការចូលរួមពីក្រសួ​ងស្ថាប័នពាក់ព័ន្ធ។

ជាមួយនេះ លោកហ៊ាន សាហ៊ីប បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមមគ្គុទ្ទេសក៏ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណដំណា​ក់​កាលទី១” ដែលតាមនេះ រាជរដ្ឋាភិបាល ផ្តោតអាទិភាព លើការពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេ​សគំរូពហុបំណង ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់វិស័យទេ​សចរណ៍ មជ្ឈមណ្ឌលសេវាហិរញ្ញវត្ថុ តំបន់ ឧស្សាហកម្ម ជាដើម ដោយកំណត់យន្តការអនុវត្ត ឱ្យបានច្បាស់​លា​ស់ និងគ្រប់ជ្រុងជ្រោយ។

បន្ថែមពីលើនេះ លោកបណ្ឌិតហ៊ាន សាហ៊ីប បានលើកឡើងថា ខេត្តព្រះសីហនុ គឺជាខេត្តមួយ ដែលរាជរដ្ឋាភិបាលផ្តោតអាទិភាពខ្ពស់ និងម៉្យាងជាខេត្តដែលមានអគារច្រើន មានតម្លៃជាង១០០០លានដុល្លារអាមេរិក ដែលត្រូវជួយដោះស្រាយ ដើម្បីជំរុញសកម្មភាព សេដ្ឋកិច្ច និងធុរកិច្ច ពិសេសប្រែក្លាយពីស្ថានភាពជាប់គាំង ក្នុងអតីតកាល ទៅជាស្ថានភាពរស់រវើក ប្រកបដោយថាមពល ក្នុងបច្ចុប្បន្ន និងអនាគត។

វិធានការដោះស្រាយ គម្រោងវិនិយោគជាប់គាំង គឺជា “វិធានការជាកញ្ចប់ដែលត្រូវអនុវត្តន៍ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ ជាតួអង្គតែមួយ ប្រកបដោយឆន្ទៈខ្ពស់ និងមានភាពសកម្ម ដែលត្រូវធ្វើឡើងតាមរយៈការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ ការបង្កើតតម្រូវការទីផ្សារ សំដៅកាត់បន្ថយគម្រោងវិនិយោគជាប់គាំងជាអតិបរិមា និងការបង្កើតសកម្មភាពសេដ្ឋកិច្ច ដ៏រស់រវើកឡើងវិញ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here