ដោយៈ គង់ ហ្វីអូណា
ព្រះសីហនុៈ រដ្ឋាភិបាលកម្ពុជា បានធ្វើអនុប្បយោគដីសាធារណៈរបស់រដ្ឋទំហំ៦៣៩ហិកតា នៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឱ្យជាដីឯកជនរបស់រដ្ឋ ដើម្បីប្រគល់ឲ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍជាតំបន់ពាណិជ្ជកម្ម។
នេះបើតាមអនុក្រឹត្យ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ដែលទើបត្រូវបានគេផ្សព្វផ្សាយ។អនុក្រឹត្យនេះបានបង្ហាញថា ផ្ទៃដីសរុបដែលបានធ្វើអនុប្បយោគ មានទំហំ៧៩៩ហិកតា ក្នុងនោះផ្ទៃដីចំនួន២០ភាគរយ ស្មើនិងទំហំ ១៥៩,៨០ហិកតា ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ។ ចំណែកផ្ទៃដីចំនួន៨០ភាគរយ ស្មើនិងទំហំ៦៣៩ហិកតា ២០អា ត្រូវបានផ្តល់ជាកម្មសិទ្ធិឯកជនជូនក្រុមហ៊ុន C99 international investment (Cambodia) Co., Ltd សម្រាប់ធ្វើការអភិវឌ្ឍជាសណ្ឋាគារ វីឡាទំនើប អគារស្នាក់នៅរួម ផ្សារទំនើប ភោជនីយដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម តំបន់សេវាកម្មនានា និងឃ្លាំងដាក់សម្ភារៈនានា។
ការបន្តកាត់ដីរបស់រដ្ឋប្រគល់ឲ្យឯកជន ជាបន្តបន្ទាប់ក្រោមរូបភាពអភិវឌ្ឍន៍នេះ បានធ្វើឲ្យមន្ត្រីអង្គការសង្គមស៊ីវិលខ្លះ មានការព្រួយបារម្ភពីការបាត់បង់ធនធានធម្មជាតិ ដោយកត់សំគាល់ថា ការផ្តល់ដីសម្បទានមួយចំនួនកន្លងមក មិនសូវបានផ្តល់ប្រយោជន៍ដល់ប្រជាជនមូលដ្ឋានឡើយ។