ដោយ: គង់ លាងហួរ
ហាណូយ: ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានថ្លែងថា អង្គភាពអាជីវកម្មវៀតណាម និងអាមេរិកគួរតែបង្កើនភាពជាដៃគូ ដើម្បីជំរុញទំហំពាណិជ្ជកម្ម របស់ប្រទេសទាំង២ឡើងដល់កំណត់ត្រាថ្មី២០០ពាន់លានដុល្លារ។
ថ្លែងក្នុងឱកាសនៃកិច្ចប្រជុំកំពូល ធុរកិច្ចអាមេរិក-វៀតណាមឆ្នាំ២០២៣ នៅទីក្រុងហាណូយ លោកឧបនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងថា អង្គភាពអាជីវកម្មរបស់ភាគីទាំង២ នឹងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច -ពាណិជ្ជកម្ម គាំទ្រគ្នាទៅវិញទៅមកក្នុងការចូលរួមក្នុងខ្សែសង្វាក់តម្លៃថ្មី និងខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេរភាគីដល់២០០ពាន់លានដុល្លារនាពេលខាងមុខ។ដោយមានក្តីសង្ឃឹមថា សហរដ្ឋអាមេរិក នឹងចូលក្នុងបញ្ជីអ្នកវិនិយោគធំជាងគេទាំង១០ នៅវៀតណាម លោក Quang បានផ្តល់អនុសាសន៍ថា អង្គភាពអាជីវកម្មរបស់សហរដ្ឋអាមេរិក គួរតែពង្រីកគម្រោងធំៗ ដើម្បីជួយវៀតណាម ទទួលបានប្រភពវិនិយោគ ព្រមទាំងមូលនិធិហិរញ្ញវត្ថុបៃតង និងនិរន្តរភាព។
លោកក៏បានស្នើឲ្យភាគីទាំងសងខាង រួមវិភាគទានសំឡេង ក្នុងការអំពាវនាវ ឱ្យមានការទទួលស្គាល់ ស្ថានភាពសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម ដែលលោកបានចាត់ទុកថា វាមានសារៈសំខាន់ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច- ពាណិជ្ជកម្ម-វិនិយោគរវាងប្រជាជាតិទាំងពីរ។