ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំង របស់ប្រទេសថៃ Carabao Group កំពុងត្រៀមខ្លួន ដើម្បីប្រកួតប្រជែងយ៉ាងពេញទំហឹង ជាមួយស្រាបៀរម៉ាកល្បីចំនួន២ គឺស្រាបៀរ Singha និងស្រាបៀរ Chang។
លោក Sathien Setthasit នាយកប្រតិបត្តិក្រុមហ៊ុនCarabao Group បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ ជាមួយសារពត៌មាន Nikkei Asia ថា “Carabao នឹងត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនស្រាបៀរធំជាងគេបំផុតទី២របស់ប្រទេសថៃ”។
ក្រុមហ៊ុននេះមានគោលបំណង ចាប់យកចំណែកទីផ្សារក្នុងស្រុកចំនួន១០% ក្នុងឆ្នាំ២០២៤ ហើយនឹងកើនឡើងដល់២០% ក្នុងរយៈពេលពី៣ ទៅ៥ឆ្នាំខាងមុខ។
ក្រុមហ៊ុន Carabao គ្រោងបោះទុនវិនិយោគ រហូតដល់៦ពាន់លានបាត (ប្រហែល១៦៧លានដុល្លារ) ដើម្បីដំឡើងឧបករណ៍ផលិតស្រាបៀរនៅរោងចក្រ របស់ក្រុមហ៊ុនក្នុងខេត្ត Chai Nat ភាគកណ្តាលនៃប្រទេសថៃ។

Carabao Group ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈ ប៉ូវកម្លាំងដ៏ពេញនិយមបំផុតទី២ នៅក្នុងប្រទេសថៃ មានគោលបំណងសម្រេចបានទឹកប្រាក់ចំនួន៤០ពាន់លានបាត ពីការលក់ស្រាបៀរប្រចាំឆ្នាំ ក្នុងរយៈពេលពី៣ ទៅ៥ឆ្នាំខាងមុខ។




