រដ្ឋបាលរាជធានីភ្នំពេញ និងក្រុងមួយរបស់ចិនជំរុញការវិនិយោគទេសចរណ៍ ពាណិជ្ជកម្ម និងតភ្ជាប់ការហោះហើរត្រង់

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អភិបាលស្តីទីនៃគណៈអភិបាលរាជធានីភ្នំពេញ លោកកើត ឆែ បានជួបជាមួយលោកស្រី Wu Guiying សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្តហ៊ូណាន និងជាលេខាបក្ស នៃគណៈកម្មាធិការបក្សក្រុងឆាងសា ប្រទេសចិន ចូលជួបសម្តែងការគួរសម នៅសាលារាជធានីភ្នំពេញ។

ក្នុងជំនួបសំដែងការគួរសមនោះ លោក កើត ឆែ បានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ពីភាពរីកចម្រើនរបស់រាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកបញ្ជាក់ថា ការរីកចម្រើនរបស់រាជធានីភ្នំពេញ គឺផ្ដើមចេ​ញ​ពីកម្ពុជា មានសន្តិភាពពេញលេញ ហើយការរីកចម្រើនរបស់រាជធានីភ្នំពេញ គឺពិតជាមិនអាចខ្វះបាន ពីការចូលរួមឧបត្ថម្ភគាំទ្រពីប្រទេសចិន។ ចិនបានជួយវ៉ាក់សាំងកូវីដ១៩ មកកម្ពុជា ក៏ដូចការវិនិ​យោគជាច្រើនរបស់ចិននៅកម្ពុជា គិតមកដល់ពេលនេះការវិនិយោគរបស់ប្រទេសចិននៅកម្ពុជា នៅតែឈរលំដាប់លេខ១ ការវិនិយោគរបស់ចិនយ៉ាងច្រើននេះ គឺបានមកពីទំនាក់ទំនងយ៉ាងជិតស្និត រវាងប្រទេសចិន និងកម្ពុជា ដែលជាទំនាក់ទំនងត្បូងពេជ្រ។

លោកកើត ឆែ ក៏បានសំដែងនូវការអរគុណ យ៉ាងជ្រាលជ្រៅ ចំពោះប្រទេសចិន ដែលបានជួយឧបត្ថម្ភវ៉ាក់សាំងកូវីដ-១៩ មកឱ្យកម្ពុជា លោកបានលើកជាពាក្យស្លោករបស់ខ្មែរមួយឃ្លាថា “គេអាចរកឃើញមិត្តល្អបាន នៅពេលដែលយើងជួបគ្រោះអាសន្ន” ប្រទេសចិន គឺជាមិត្តល្អរបស់កម្ពុជា។លោក កើត ឆែ បានបន្តទៀតថា ទីក្រុងឆាងសា គឺជាទីក្រុងប្រវត្តិសាស្ត្រ ជាទីក្រុងដែលមានអាយុកាលរាប់ពាន់ឆ្នាំ ហើយក៏ជាទីក្រុងដែលមានសក្តានុពល សេដ្ឋកិច្ចខ្លាំងក្លាផងដែរ។ សម្រាប់រាជធានីភ្នំពេញ និងបន្តកិច្ចសហប្រតិបត្តិការ ជាមួយទីក្រុងឆាងសា ឲ្យកាន់តែល្អបន្ថែមទៀត ពិសេសគឺការជំរុញការវិនិយោគ ទេសចរណ៍ ពាណិជ្ជកម្ម ការនាំចេញ នាំចូលទំនិញរវាងទីក្រុងទាំងពីរ ពិសេសជំរុញឲ្យមានការហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងទីក្រុងឆាងសា។

លោកស្រី Wu Guiying ក៏បានលើកឡើងពីស្ថានភាពទូទៅរបស់ទីក្រុងឆាងសា និងបានបញ្ជាក់ថា​ ទីក្រុងឆាងសាក្រៅពីជាទីក្រុងបុរាណ មានធនធានធម្មជាតិ មានទាំងភ្នំ ទន្លេរ ទេសភាព គួរឲ្យគយគន់ ទីក្រុងមួយនេះក៏ជាទីក្រុង ដែលមានចង្វាក់ផលិតកម្មខ្លាំងក្លាផងដែរ ដោយមានទាំងការផលិតគ្រឿងអេឡិចត្រូនិក ការផលិតរថយន្ត ហើយឆាងសា ក៏បានវិនិយោគច្រើននៅកម្ពុជាផងដែរ ។លោកស្រីនឹងជំរុញឲ្យអ្នកមាននិយោគរបស់ចិន ពិសេសអ្នកវិនិយោគនៅទីក្រុងឆាងសា បន្តមកវិនិយោគរកស៊ី នៅរាជធានីភ្នំពេញ ឲ្យកាន់តែច្រើនថែមទៀត ហើយវិស័យទេសចរណ៍ ក៏ជាវិស័យមួយដែលមានសារៈសំខាន់ ដោយលោកស្រី នឹងជំរុញឲ្យវិស័យទេសច​រណ៍ពីឆាងសា មកកម្ពុជាកាន់តែច្រើនថែមទៀត។លោកស្រីបានបញ្ជាក់ថា “ដើម្បីរឹតចំណងសាមគ្គីភាពឱ្យកាន់តែខ្លាំងក្លា រវាងរាជធានីភ្នំពេញ និងទីក្រុងឆាងសានោះ ទីក្រុងឆាងសា នឹងនាំផលិតផលដូចជារថយន្ត គ្រឿងបន្លាស់រថយន្ត មករាជធានីភ្នំពេញ ព្រមទាំងការវិនិយោគច្រើនទៀត ព្រមទាំងជម្រុញឱ្យមានការហោះហើរត្រង់មកកម្ពុជាផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here