ដោយ: គង់ លាងហួរ
ភ្នំពេញ: សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានជំរុញឱ្យភ្ញៀវទេសចរចិន ត្រឡប់មកទស្សនាកម្ពុជាវិញ ដោយធានាថា ប្រទេសកម្ពុជាមានកម្រិតសន្តិសុខ និងសុវត្ថិភាពល្អ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា “ខ្ញុំសូមផ្ញើសារទៅកាន់ប្រជាជនចិន ឱ្យអញ្ជើញមកទស្សនាកម្ពុជា ដោយយើងនឹងផ្តល់ឱ្យអ្នកនូវរាល់គ្រប់ឱកាស”។
សម្តេចបានបន្តថា “ប្រទេសកម្ពុជាគឺជាទឹកដីអច្ឆរិយៈ ភ្ញៀវទេសចរដែលមកកំសាន្តនៅកម្ពុជាបានសរសើរថា ប្រជាជនកម្ពុជាមានចិត្តល្អ និងមានភាពរួសរាយរាក់ទាក់ ហើយកម្ពុជាសម្បូរទៅដោយប្រាសាទបុរាណជាច្រើន”។
-->
សម្តេចបានបន្ថែមថា “ខ្ញុំសូមអំពាវនាវឲ្យប្រជាជនចិនមកលេងប្រទេសកម្ពុជា ដើម្បីស្វែងយល់ថា តើប្រទេសរបស់យើងអាចផ្តល់អ្វីខ្លះ ព្រមទាំងស្វែងយល់អំពីប្រជាជនរបស់យើង និងវប្បធម៌របស់យើង”។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ថ្មីៗនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានអះអាងថាប្រទេសកម្ពុជាពុំមែនជាគោលដៅសុវត្ថិភាព ដែលបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមភ្ញៀវទេសចរចិន។
ប្រទេសចិន គឺជា ប្រភព ភ្ញៀវទេសចរ អន្តរជាតិ ដ៏ធំ បំផុត ដែលបានចូលមក ទស្សនាកម្ពុជា មុន ផ្ទុះជំងឺរាតត្បាតកូវីដ-១៩។ ជាក់ស្តែង កម្ពុជាទទួលបានភ្ញៀវទេសចរចិនចំនួន២,៣៦លាននាក់ក្នុងឆ្នាំ២០១៩ ដែលស្មើនឹង៣៥,៧% នៃការមកដល់នៃភ្ញៀវទេសចរអន្តរជាតិសរុប និងបង្កើតចំណូលបានប្រមាណ១,៨ពាន់លានដុល្លារអាមេរិក៕