ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen កាលពីថ្ងៃព្រហស្បតិ៍បានអះអាងថា រដ្ឋបាលលោកចូ បៃដិន ប្តេជ្ញាពង្រីកពាណិជ្ជកម្ម និងការវិនិយោគជាមួយបណ្តាប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្រ្តរបស់តំបន់នេះ។
លោកស្រី Yellen បានបន្តថា “ទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ ជាមួយបណ្តាប្រទេស នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នឹងជួយធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់របស់អាមេរិកកាន់តែមានភាពធន់ ហើយ អាមេរិកអាចទាញយកសក្តានុពលពីទីផ្សារថាមវន្ត និងរីកចម្រើនរបស់តំបន់នេះសម្រាប់ជំរុញការនាំចេញរបស់ខ្លួន”។ទន្ទឹមគ្នានេះ រដ្ឋបាលរបស់លោកចូ បៃដិន កំពុងត្រៀមរៀបចំទទួលក្រុមមេដឹកនាំ និងមន្ត្រីកំពូលផ្សេងទៀតមកពីបណ្តាប្រទេសនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកាខាងមុខនេះ។
លោកស្រី Yellen បញ្ជាក់ថា “ស្របពេលដែលយើងសម្លឹងឆ្ពោះទៅរកកិច្ចប្រជុំ APEC នៅខែវិច្ឆិកានេះ ខ្ញុំសូមបញ្ជាក់យ៉ាងច្បាស់ថា ការអះអាងដែលថា អាមេរិកកំពុងងាកចេញពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺគ្មានមូលដ្ឋានទាំងស្រុងសោះឡើយ”។