ដោយៈ គង់ សូរិយា
ភ្នំពេញៈ តំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន២ របស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិតេជោ និងអាកាសយានដ្ឋាន សៀមរាប អង្គរ ត្រូវបានរំពឹងថានឹងមានសក្ដានុពល កាន់តែខ្ពស់នៅពេលអនាគតឆាប់ៗនេះ។
លោក កែវ សុធារ៉ា អ្នកជំនាញអចលនទ្រព្យមួយរូបប្រចាំខេត្តសៀមរាប និងជាប្រធានក្រុមហ៊ុនអចលនទ្រព្យKW ប្រចាំខេត្តសៀមរាបបានឱ្យដឹងផងដែរថា តំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិសៀមរាប អង្គរ រំពឹងថានឹងមានសក្ដានុពលខ្ពស់ ខណៈបច្ចុប្បន្ននេះមានគម្រោងមួយចំនួន ក៏បានគ្រោងនឹងអភិវឌ្ឍន៍ នៅជុំវិញតំបន់នោះរួចជាស្រេច ដោយរង់ចាំតែពេលវេលា និងស្ថានភាពសេដ្ឋកិច្ចប្រសើរ នឹងត្រូវអភិវឌ្ឍន៍ហើយ។
-->
លោកបន្តថា មិនត្រឹមតែតំបន់ជុំវិញ ព្រលានយន្តហោះសៀមរាបអង្គរនោះទេ ដែលមានសក្ដានុពល ពោលគឺតំបន់នៅក្រុងសៀមរាបទាំងមូលក៏នឹងមានសក្ដានុពល និងទាក់ទាញបាននូវវិនិយោគិនបន្ថែមផងដែរ ក្រោយពីអាកាសយានដ្ឋានអន្តរជាតិ សៀមរាប អង្គរបានបើកដំណើរការ ។
ដោយឡែកក្រលេកទៅមើលតំបន់ជុំវិញ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលវិញក៏ឃើញថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ភ្លើង បានតភ្ជាប់ទៅកាន់តំបន់ជាបណ្ដើរៗហើយ ដោយរំពឹងថា នៅពេលអនាគតឆាប់ៗនេះ តំបន់ជុំវិញអាកាសយានដ្ឋានមួយនេះ នឹងទាក់ទាញបាននូវការវិនិយោគជាបន្តបន្ទាប់ ។
លោកស្រី តាំង ហួរ អ្នកជំនាញអចលនទ្រព្យមួយរូបនិងជាអគ្គនាយិកាក្រុមហ៊ុនAmatak Property Service បានមានប្រសាសន៍ឲ្យដឹងផងដែរថា វិនិយោគិនបរទេស ជាពិសេសវិនិយោគិនចិនបាន និងកំពុងសម្លឹង និងចាប់អារម្មណ៍លើតំបន់ជុំវិញ ព្រលានយន្តហោះអន្តរជាតិតេជោ លើការវិនិយោគរបស់ខ្លួន ដោយតំបន់នេះនឹងអាចក្លាយជាតំបន់ឧស្សាហកម្ម ដូចជាឃ្លាំង រោងចក្រ សហគ្រាសជាដើម ។
លោកស្រីបន្តថា “អ្នកវិនិយោគដីធ្លី អាចចាប់ឱកាសក្នុងការវិនិយោគលើដីធ្លីនៅតំបន់ជុំវិញនោះ ប៉ុន្តែយ៉ាងណាក្ដី តម្លៃដីធ្លីនៅតំបន់ជុំវិញអាកាសយានដ្ឋាន ក៏នឹងមិនឡើងខ្ពស់ដូចតំបន់លំនៅឋាន និងពាណិជ្ជកម្មឡើយ ពីព្រោះថាវាជាតំបន់ឧស្សាហកម្ម”។
លោកស្រីបន្ថែមថា ទោះជាយ៉ាងណាក្ដីនៅប៉ែកខាងត្បូងភ្នំពេញ ដែលសំដៅលើតំបន់ ដែលនៅឆ្ងាយពីព្រលានយន្តហោះតេជោបន្តិច ឃើញមានការអភិវឌ្ឍច្រើនទៅលើ ផ្សារទំនើប លំនៅឋានប្រណិតៗជាច្រើន និងជាពិសេសផ្លូវក្រវាត់ក្រុងទី៣ ដែលជាកត្តាទាក់ទាញអ្នកវិនិយោគទៅកាន់តំបន់នោះកាន់តែច្រើន។
ក្រុមហ៊ុនចិនបានសិក្សាបញ្ចប់ គំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ ភាគខាងកើតដែលមានប្រវែងប្រមាណ៣៣គីឡូម៉ែត្រ និងគ្រោងចំណាយប្រាក់ជាង២០០លានដុល្លាររួចហើយ និងបានបញ្ចប់ការសិក្សាផ្លូវក្រវ៉ាត់ក្រុងទី៤ផងចដែរ ប៉ុន្តែការចាប់ផ្តើមសាងសង់នាពេលណា មិនទាន់មានព័ត៌មានជាក់លាក់នៅឡើយទេ៕