ប្រទេសឥណ្ឌូនេសុីបើកការដ្ឋានសាងសង់ព្រលានយន្តហោះតម្លៃ២៦៣លានដុល្លារនៅក្នុងរដ្ឋធានីថ្មី Nusantara

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានចូលរួមកាលពីពេលថ្មីៗនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ព្រលានយន្តហោះខ្នាតធំមួយនៅក្នុងទីក្រុង Nusantara ដែលជារដ្ឋធានីថ្មីរបស់ប្រទេសនេះ។

លោកប្រធានាធិបតី Joko Widodo បានថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ព្រលានយន្តហោះថា រដ្ឋាភិបាលបានកំណត់គោលដៅ ដើម្បីបើកប្រតិបត្តិការអាកាសយានដ្ឋាននេះឱ្យបានពេញលេញនៅខែធ្នូ ឆ្នាំ២០២៤ខាងមុខ។

លោកបន្តថាគម្រោង ព្រលាន យន្តហោះ លាតសន្ធឹងលើផ្ទៃដី សរុប ទំហំ៣៤៧ហិកតា ហើយព្រលាន យន្តហោះនេះមាន សារៈ សំខាន់ណាស់ ខណៈ សកម្មភាព បច្ចុប្បន្ន នៅ តំបន់ នេះ កំពុង កើន ឡើង។

យោងតាមការចុះផ្សាយដោយសារពត៌មាន Reuters បានឱ្យដឹងថា គម្រោង ព្រលាន យន្តហោះខ្នាតធំនេះគ្រោងនឹងចំណាយថវិកាសម្រាប់ការសាងសង់ចំនួន៤,២ពាន់ពាន់លានរូពី(ប្រហែល២៦៣លានដុល្លារអាមេរិក)។

លោក Joko Widodo បានអះអាងថា “មធ្យោបាយក្នុងការដឹកជញ្ជូនគឺត្រូវការជាចាំបាច់ ដើម្បីគាំទ្រគម្រោងសម្រាប់ទីក្រុងរដ្ឋធានីថ្មី និងការតភ្ជាប់របស់គម្រោងជាមួយតំបន់ផ្សេងទៀត”។

លោក Jokowi បានថ្លែងនៅក្នុងព្រឹត្តិការណ៍បើកការដ្ឋានសាងសង់នេះថា “ខ្ញុំជឿជាក់ថា ការសាងសង់ព្រលានយន្តហោះនេះនឹងជំរុញការប្រកួតប្រជែង និងកំណើនសេដ្ឋកិច្ច ក៏ដូចជាពន្លឿនការអភិវឌ្ឍន៍នៃរដ្ឋធានីថ្មីផងដែរ”។

មិនត្រឹមតែប៉ុណ្ណោះ ប្រធានាធិបតីឥណ្ឌូនេសុីរូបនេះ ក៏បានចូលរួមបើកការដ្ឋានសាងសង់គម្រោងជាច្រើនទៀត ដូចជា ផ្លូវបង់ថ្លៃ(Toll-road) មន្ទីរពេទ្យ និងសណ្ឋាគារមួយ ក្នុងទីក្រុង Nusantara ផងដែរ។

ប្រទេសឥណ្ឌូនេស៊ីបានស្វាគមន៍អ្នកធុរកិច្ចក្នុងស្រុក និងបរទេសក្នុងការបោះទុនវិនិយោគលើការសាងសង់រដ្ឋធានី Nusantara ដែលជាគម្រោងខ្នាតយក្សស្ថិតក្រោមទុនវិនិយោគប្រមាណ៣២ពាន់លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here