ដោយៈ តែម សុខុម
បាងកកៈ កម្ពុជា ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ នូវឱកាសចរចាជាមួយប្រទេសថៃ ឡើងវិញជុំវិញតំបន់អភិវឌ្ឍន៍រួមគ្នា (JDA) ដោយផ្ដោតលើការរុករករ៉ែប្រេង និងឧស្ម័ន ក្នុងតំបន់ទាមទារត្រួតស៊ីគ្នា (OCA) ដែលលាតសន្ធឹង២៦.០០០គីឡូម៉ែត្រការ៉េ។
តំបន់ទាមទារត្រួតស៊ីគ្នានេះ ត្រូវបានប៉ាន់ប្រមាណថា មានផ្ទុករ៉ែប្រេង និងឧស្ម័នយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្រោមបាតសមុទ្រ ដែលអាចផ្ទុករ៉ែប្រេងដល់ទៅ៥០០លានបារ៉ែល។ នេះបើយោងតាមកាសែតថៃ The Nation ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា។
-->
ខណៈវិបត្តិថាមពលអាចនឹងកើតឡើង ក្នុងពេលដ៏ខ្លីខាងមុខ ប្រទេសទាំងពីរ ពិតជាចង់ធានាឱ្យបាននូវអនាគត ថាមពលរបស់ខ្លួនប្រកបដោយនិរន្តរភាព។
រដ្ឋមន្ត្រីថាមពលថៃ លោក Pirapan Salirathavibhaga បានលើកឡើងកាលពីថ្ងៃទី៣០ ខែតុលា ថា រដ្ឋាភិបាលរបស់លោកមានបំណងបង្វែរការផ្ដោតយកចិត្តទុកដាក់ លើការចរចាជាមួយកម្ពុជា ឆ្ពោះទៅរកតំបន់ទាមទារត្រួតស៊ីគ្នា (OCA)។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃបានឱ្យដឹងថា វិធីសាស្ត្រផ្ដោតយកចិត្តទុកដាក់ឡើងវិញនេះ ផ្ដល់អាទិភាពលើការអភិវឌ្ឍរួមគ្នាជាជាងការកំណត់ព្រំដែនសមុទ្រ។
រដ្ឋមន្ត្រីថាមពលថៃ លោក Pirapan Salirathavibhaga បានលើកឡើងថា “យើងត្រូវការថាមពលពីតំបន់ទាមទារត្រួតស៊ីគ្នា (OCA) គឺមិនមែនការកំណត់ព្រំដែនសមុទ្រនោះទេ”។លោកបន្ថែមថា “ ការដោះស្រាយជម្លោះទឹកដី គឺជាដំណើរការដ៏ស្មុគស្មាញ និងត្រូវការពេលវេលា ព្រោះគ្មានប្រទេសណា សុខចិត្តទទួលយកការកែប្រែព្រំដែនរបស់ខ្លួនឡើយ”។
ជាមួយគ្នានេះ លោក កែវ រតនៈ រដ្ឋមន្ត្រីរ៉ែ និងថាមពលកម្ពុជា បានលើកឡើងកាលពីថ្ងៃទី០២ ខែវិច្ឆិកា ថា កម្ពុជា បើកចំហរង់ចាំការសហការជាមួយសមភាគីថៃ លើតំបន់អភិវឌ្ឍន៍រួមគ្នា (JDA) ដោយផ្ដោតលើការផ្ដល់ផលប្រយោជន៍គ្នា ទៅវិញទៅមកសម្រាប់ប្រទេសជិតខាងទាំងពីរ។
លោកថ្លែងថា “យើងកំពុងទន្ទឹងរង់ចាំ ធ្វើការជាមួយសមភាគីថៃ”។ទោះជាយ៉ាងណា លោកគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា មិនទាន់ទទួលបានការអញ្ជើញណាមួយពីអាជ្ញាធរថៃ នៅឡើយទេ៕ The Nation ៕ 