Hattha top Banner

សម្ដេចធិបតីណែនាំគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវចលនាពលរដ្ឋឱ្យដាំដុះ និងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ

0

ដោយៈ គង់ ហ្វីអួណា

        ភ្នំពេញៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ឋ ណែនាំ និងចលនាប្រជាជនឲ្យចេះចិញ្ចឹមសត្វ និងដាំដុះបន្លែបង្ការ ដើម្បីលើកកំពស់ជីវភាពរបស់ពួកគាត់។

សម្តេចបានថ្លែងបែបនេះ នៅក្នុងឱកាសដ៏ប្រពៃនៃការប្រារព្ធ ទិវាជាតិអាហារូបត្ថម្ភលើកទី១០ ក្រោមប្រធានបទ “ការពង្រឹង ប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ” សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ត្រូវបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងតួអង្គពាក់ព័ន្ធដទៃទៀត អនុវត្ត ផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ឆ្នាំ២០៣០ និងរៀបចំ យុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភលើកទី៣ ឆ្នាំ២០២៤-២០២៨ ដើម្បីចូលរួមចំណែកអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឱ្យទទួលបានជោគជ័យ ពិសេសបញ្ចកោណទី១ មុំទី៤ ការពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យក្រសួងព័ត៌មាន ត្រូវណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងឯកជន អ្នកប្រើប្រាស់បណ្ដាញសង្គម ចូលរួមជួយផលិតកម្មវិធី រឿងអប់រំខ្លីៗ និងចម្រៀងដែលទាក់ទងនឹងប្រធានបទ ប្រព័ន្ធស្បៀង អាហារូបត្ថម្ភ និងការប្រែប្រួលអាកាសធាតុ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជន។

ចំណែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តពង្រឹង និងពង្រីកការស្រាវជ្រាវ និងផ្សព្វផ្សាយ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ គ្រាប់ពូជដំណាំ និងពូជសត្វដែលមានភាពធន់ ទៅនឹងការប្រែប្រួលអាកាសធាតុ និង ផ្តោតលើការធ្វើពិពិធកម្មកសិកម្ម ផលិតកម្មស្បៀងអាហារដែលសម្បូរសារជាតិចិញ្ចឹម និងការពារផលិតផល ស្បៀងអាហារដែលកើតចេញពីធម្មជាតិ ដើម្បីលើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភរបស់ប្រជាជន។

ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន ត្រូវបន្តអនុវត្តន៍ និងសម្របសម្រួ​ល​ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការលើកកម្ពស់ជីវភាព និងបង្កើនអាហារូបត្ថម្ភ ប្រជាសហគមន៍មូលដ្ឋាន តាមរយៈ”អភិរក្ស និងគ្រប់គ្រងតំបន់ការពារធម្មជាតិ ប្រកបដោយចីរភាព និងអភិវឌ្ឍគាំទ្រសហគមន៍អេកូទេសចរណ៍” ដោយរៀបចំឱ្យមានសហគមន៍អេកូទេស​​ចរណ៍ ផ្តល់សេវាល្អ ចងក្រងរបៀងសហគមន៍អេកូទេសចរណ៍ តាមរយៈការលើកកម្ពស់ ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងបង្កើនការងារបៃតងផ្សេងៗទៀត តាមសហគមន៍មូលដ្ឋាន និងបន្តជំរុញយុទ្ធនាការដាំដើមឈើមួយលានដើម ក្នុងមួយឆ្នាំ ដើម្បីបង្កើនគម្របព្រៃឈើ និងសម្រេចគោលដៅអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ព្រមទាំងជំរុញ ការចូលរួមចំណែករបស់ជាតិ ក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ និងជំរុញឱ្យមានកំណើនបៃតង ធានាឱ្យមានការការពារបរិស្ថាន និងសេវាប្រព័ន្ធបរិស្ថាននិងប្រព័ន្ធស្បៀង។

រីឯគណៈកម្មាធិការគ្រប់គ្រង ប្រព័ន្ធស្បៀងបម្រុងកម្ពុជា ត្រូវបន្តកែលម្អប្រព័ន្ធស្បៀងបម្រុងកម្ពុជា ឱ្យមានលទ្ធភាពកាន់តែច្រើន និងអនុវត្តបានរហ័សទាន់សភាពការណ៍ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធ្វើអន្តរាគមន៍ ជួយប្រជាពលរដ្ឋ តាមរយៈការផ្ដល់ស្បៀង ការផ្តល់គ្រាប់ពូជស្រូវ និងពូជដំណាំបន្លែសម្រាប់ស្តារ ការដាំដុះឡើងវិញ ក្រោយរងការខូចខាត ដោយសារគ្រោះមហន្តរាយធម្មជាតិ ឬគ្រោះអាសន្ននានា និងជំរុញការដាំដុះបន្លែមានសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់គ្រួសារ ចូលរួមលើកកម្ពស់អាហារូបត្ថម្ភ បង្កើនប្រាក់ចំណូល និងប្រាក់សន្សំ។

ចំណែកឯគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងប្រព័ន្ធស្បៀង សុវត្ថិភាពម្ហូបអាហារ “ចាប់ពីកសិដ្ឋានទៅដល់កន្លែង បរិភោគ” ត្រូវសហការនិងផ្ដល់ព័ត៌មានដល់គ្នា ដើម្បីកាត់បន្ថយការបាត់បង់ស្បៀងអាហា​រ និងការខ្ជះខ្ជាយ ម្ហូបអាហារ និងដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមានតាមខ្សែចង្វាក់ផលិតកម្មកែច្នៃ និងវេចខ្ចប់ម្ហូបអាហារ និងធានាថា រាល់គោលការណ៍ណែនាំស្តីពី សុវត្ថិភាពម្ហូបអាហារត្រូវបានគោរពតាម និងផ្សព្វផ្សាយជាសាធារណៈ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងអ្នកប្រើប្រាស់។

ចំពោះក្រសួងផែនការ ត្រូវសហការ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីរៀបចំគោលនយោបាយ អាហារបញ្ចូលមីក្រូសារជាតិ និងបន្តផ្សព្វផ្សាយពីសារៈសំខាន់ន ការប្រើប្រាស់អាហារបញ្ចូលមីក្រូសារជាតិឱ្យបានទូលំទូលាយ និងពង្រីកការបញ្ចូលមីក្រូសារជាតិ ទៅក្នុង

ចំណីអាហារមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការអាហារូបត្ថម្ភរបស់ប្រជាពលរដ្ឋ។ ចំណែក អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចលនាប្រជាពលរដ្ឋឱ្យដាំដុះ និងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ជាសហគមន៍ និងតាមសាលារៀន ដើម្បីបង្កើនភាពមានស្បៀងគ្រប់គ្រាន់ទាំងបរិមាណ គុណភាព សុវត្ថិភាព និងធានាឱ្យមានប្រភពស្បៀងអាហារ ចម្រុះមុខច្រើនជាងមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here