សមាគមជំរុញឧស្សាហកម្មវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិនចុះMOUជាមួយសមាគមភ្នាក់ងារទេសចរណ៍Changshaដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

0

        ដោយៈ ហ្វីអូណា

        សៀមរាបៈ សមាគមជំរុញឧស្សាហកម្មវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន និងសមាគមទីភ្នាក់ងារទេសចរណ៍ Changsha ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការក្របខណ្ឌមួយនៅខេត្តសៀមរាប ប្រទេសកម្ពុជា។

លោកស្រី Wu Guiying លេខាធិការគណៈកម្មាធិការបក្សក្រុង Changsha បានដឹកនាំគណៈប្រតិភូ ទៅទស្សនាខេត្តសៀមរាប និងផ្សព្វផ្សាយទេសចរណ៍ Changsha នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅសណ្ឋាគារSofitel សៀមរាប ដែលជាការចាប់ផ្តើមដំបូងបង្អស់ ក្នុងការពង្រីកទីផ្សារទេសចរណ៍ ក្រៅប្រទេសរបស់ Changsha ក្រោយការរីករាលដាលនៃជំងឺកូវីដ១៩។

ពិធីនេះបានធ្វើឡើងកាលពីចុងសប្តាហ៍មុន ដោយមានការចូលរួមពីលោក ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា, លោកយុន លីនណេ អភិបាលរងខេត្តសៀមរាប លោក Liu Zhijie ប្រធានការិយាល័យកុងស៊ុលខេត្តសៀមរាប នៃស្ថានទូតចិនប្រចាំកម្ពុជា លោក Wu Guanghua ប្រធានសមាគមពាណិជ្ជកម្មខេត្ត Hunan នៅកម្ពុជា លោក Wu Changda អនុប្រធានសាខាខេត្តព្រះសីហនុនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងលោក Cui Hanyu នាយកប្រតិបត្តិនៃក្រុមហ៊ុនទេសចរណ៍អន្តរជាតិ Zhiyuan នៅកម្ពុជា និងថ្នាក់ដឹកនាំវិស័យទេសចរណ៍ផ្សេងទៀត បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខានេះ។

តាមរយៈការចុះហត្ថលេខានេះ វានឹងជំរុញឱ្យមានការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ទ្វេរភាគី ប្រកបដោយប្រសិទ្ធភាព ព្រមទាំងបង្កើតលក្ខខណ្ឌដ៏ល្អ សម្រាប់ជំរុញភ្ញៀវទេសចរខេត្ត Hunan កាន់តែច្រើនឱ្យធ្វើដំណើរមកកម្ពុជា ទន្ទឹមនឹងនោះ វាក៏នឹងបង្កើតឱកាសថ្មីសន្លាង សម្រាប់កិច្ចសហប្រតិបត្តិការពហុចំណុចក្នុងឧស្សាហកម្មទេសចរណ៍រវាងកម្ពុជា និងចិន។

លោក ប្រាក់ ផាន់ណារ៉ា បានសម្តែងនូវក្តីរំពឹងទុកចំពោះទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនលើវិស័យទេស​ចរណ៍ និងបានផ្តល់នូវការរំពឹងទុក និងការវាយតម្លៃវិជ្ជមានចំពោះលទ្ធផលជាផ្លែផ្កា ដ៏ធំធេងដែលប្រសូត្រចេញ ពីកិច្ចសហប្រតិបត្តិការទ្វេរភាគីនាពេលអនាគត។

លោកបានថ្លែងថា “ប្រទេសចិនគឺជាប្រភពទេសចរណ៍ដ៏ធំបំផុតរបស់កម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងវិស័យទេសចរណ៍ជាមួយតំបន់ផ្សេងៗ នៃប្រទេសចិន គឺជាកិច្ចការដែលក្រសួងទេសចរណ៍កម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំង”។

ចំណែកលោកស្រី Wu Guiying បានគូសបញ្ជាក់នៅក្នុងវេទិកាផ្សព្វផ្សាយថា វេទិកាផ្សព្វផ្សាយនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការ ក្រៅស្រុកនៃឧស្សាហកម្មទេសចរណ៍ Changsha តាមរយៈការផ្សព្វផ្សាយ និងផ្លាស់ប្តូរនេះ វានឹងជំរុញទំនាក់ទំនងឧស្សាហកម្ម ទស្សនកិច្ចទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការរវាងទីក្រុង Changsha និងប្រទេសកម្ពុជា ហើយជំរុញនិងលើកទឹកចិត្តដល់ភ្ញៀវទេសចរ Changsha កាន់តែច្រើនមកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីភាពទាក់ទាញ នៃវប្បធម៌ល្អឯករបស់ប្រទេសកម្ពុជា។

យោងតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការ ក្របខណ្ឌដែលបានចុះហត្ថលេខា រវាងសមាគមជំរុញឧស្សាហកម្មវប្បធម៌ និងទេស​ចរណ៍កម្ពុជា-ចិន ជាមួយសមាគមទីភ្នាក់ងារទេសចរណ៍ Changsha ភាគីទាំងពីរនឹងរួមគ្នាជំរុញ កិច្ចសហប្រតិបត្តិការលើការចែករំលែកធនធានទេសចរណ៍ ការច្នៃប្រឌិតផលិតផលទេសចរណ៍ ការលើកកម្ពស់ភ្ញៀវទេសចរទៅវិញទៅមក ការបណ្តុះបណ្តាលធនធានមនុស្ស និងប្រតិបត្តិការទីផ្សារ។

កិច្ចព្រមព្រៀងនេះគឺមានសារសំខាន់ យ៉ាងទូលំទូលាយសម្រាប់ការជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងទីក្រុង Changsha និងកម្ពុជា។ វាមិនត្រឹមតែបង្ហាញពីការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ នៅក្នុងឧស្សាហកម្មទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវវេទិកាទំនាក់ទំនង និងបណ្តាញកិច្ចសហប្រតិបត្តិការ សម្រាប់អ្នកប្រកបរបរទេសចរណ៍នៃតំបន់ទាំងពីរផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here