ដោយៈ តែម សុខុម
សិង្ហបុរីៈ អាកាសយានដ្ឋាន Changi ក្នុងប្រទេសសិង្ហបុរី បានបើកដំណើរការឡើងវិញពេញលេញ នូវស្ថានីយចំណតទី២ (Terminal 2) ក្រោយគម្រោងពង្រីកដ៏ធំ ដែលមានរយៈពេល៣,៥ឆ្នាំបានបញ្ចប់ជាស្ថាពរ។
ដោយសារត្រូវបានបោះឆ្នោត ជ្រើសរើសជាអាកាសយានដ្ឋានល្អដាច់គេក្នុងពិភពលោក ក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់អាកាសយានដ្ឋាន 2023 Skytrax Airport Awards ប្រចាំឆ្នាំ២០២៣ គឺប្រាកដណាថា អាកាសយានដ្ឋាននេះ ត្រូវបានរចនាឡើងយ៉ាងពិសេស និងមានការដេគ័រតុបតែងយ៉ាងល្អឯក។
ស្ថានីយចំណតដែលមានស្រាប់ ត្រូវបានពង្រីកបន្ថែមប្រមាណ២១.០០០ម៉ែត្រការ៉េ ដោយផ្ដល់នូវហេដ្ឋារចនាសម្ព័ន្ធបន្ថែម ប្រព័ន្ធថ្មីៗ និងកន្លែងដើរទិញអីវ៉ាន់ ព្រមទាំងកន្លែងទទួលទានអាហារបន្ថែមទៀត។
ស្ថានីយចំណតទី២ នេះត្រូវបានរចនាឡើង និងដេគ័រយ៉ាងស្រស់ស្អាតប្លែកគួរឱ្យភ្ញាក់ផ្អើល ដែលពិតជាស័ក្ដិសមជាមួយអាកាសយានដ្ឋានល្អដាច់គេក្នុងពិភពលោក។
យោងតាមសេចក្ដីថ្លែងការណ៍ចេញ ដោយអាកាសយានដ្ឋាន Changi ឱ្យដឹងថា គម្រោងពង្រីកស្ថានីយចំណតទី២ ដែលបានចាប់ផ្ដើមនៅខែមករា ឆ្នាំ២០២០ នេះនឹងបង្កើនសមត្ថភាពទទួលអ្នកដំណើររបស់អាកាសយានដ្ឋាននេះ បាន៥លាននាក់បន្ថែម ដោយធ្វើឱ្យសមត្ថភាពទទួលអ្នកដំណើរសរុប របស់ខ្លួនឈានដល់៩៥លាននាក់ក្នុងមួយឆ្នាំៗ។
ក្រុមហ៊ុនអាកាសចរណ៍ចំនួន១៦ ធ្វើប្រតិបត្តិការនៅអាកាសយានដ្ឋាននេះ ដោយភ្ជាប់ប្រទេសសិង្ហបុរី ទៅកាន់ទីក្រុងចំនួន៤០៕ CNN៕







