G7 គ្រោងបោះទុនជាង៦០០ពាន់លានដុល្លារ ស្ថាបនាគម្រោងផ្លូវដែកឆ្លងទ្វីបអាហ្រ្វិកនៅឆ្នាំ២០២៧ ដើម្បីប្រជែងជាមួយគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានសហការគ្នាជាមួយធនាគារអភិវឌ្ឍន៍អាហ្រ្វិក (AFDB) និងសាជីវកម្មហិរញ្ញវត្ថុអាហ្រ្វិក ដើម្បីស្ថាបនាគម្រោងផ្លូវដែកឆ្លងទ្វីបអាហ្រ្វិក ក្នុងគោលដៅប្រកួតប្រជែងជាមួយគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន។

ភាគីនានាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដោយកំណត់ដាក់ចេញនូវផែនការអភិវឌ្ឍ “ច្រករបៀង Lobito” និងផ្លូវរថភ្លើងតភ្ជាប់ពីប្រទេស Zambia ទៅកាន់ទីក្រុង Lobito ក្នុងប្រទេសអង់ហ្គោឡា ដែលនឹងរួមគ្នាបង្កើតជាតំណភ្ជាប់មួយឆ្លងកាត់ទ្វីបអាហ្រ្វិក។

កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើង នៅក្រៅវេទិកា Global Gateway Forum នៅទីក្រុងប្រ៊ុចសែល ដែលមានតែការអញ្ជើញចូលរួមពីរដ្ឋាភិបាលសហភាពអឺរ៉ុប ជាមួយបណ្តាក្រុមហ៊ុន ធនាគារ និងអង្គការអន្តរជាតិ ដែលមានបំណងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធអន្តរជាតិ។

គម្រោងនេះគឺជាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏សំខាន់បំផុត ដែលសហរដ្ឋអាមេរិកបានជួយអភិវឌ្ឍនៅលើទ្វីបអាហ្រ្វិកក្នុងជំនាន់មួយ ហើយវានឹងលើកកម្ពស់ពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចក្នុងតំបន់ ព្រមគ្នាជំរុញចក្ខុវិស័យរួមគ្នានៃផ្លូវដែកបើកចំហរសេរីសម្រាប់មនុស្សគ្រប់គ្នា ដែលតភ្ជាប់ពីមហាសមុទ្រអាត្លង់ទិកទៅកាន់មហាសមុទ្រឥណ្ឌា។

គម្រោងទាំងនេះនឹងត្រូវបានអនុវត្តឡើងក្រោមការឧបត្ថម្ភនៃភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគសកល ដែលជាការឆ្លើយតបរបស់ក្រុមប្រទេស G7 ចំពោះគំនិតផ្តួចផ្តើម BRI របស់រដ្ឋាភិបាលចិន។

គំនិតផ្តួចផ្តើមថ្មីនេះនឹងត្រូវចំណាយទុនវិនិយោគជាង៦០០ពាន់លានដុល្លារនៅឆ្នាំ២០២៧ ដើម្បីបិទគម្លាតហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញពិភពលោក។

ជាក់ស្តែង សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានខិតខំព្យាយាមពីមុនមក ដើម្បីចាប់ផ្តើមគម្រោងទាំងនេះ ក្នុងគោលដៅប្រកួតប្រជែងជាមួយនឹងគម្រោង BRI របស់ប្រទេសចិន ដែលមានឥទ្ធិពលខ្លាំងនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here