Hattha top Banner

សេដ្ឋវិទូកម្ពុជាលើកទឹកចិត្តឱ្យវិនិយោគគិនចិន-អាស៊ាន បណ្តាក់ទុនលើវិស័យកសិកម្មកម្ពុជា

0

        ដោយៈ គង់ សូរិយា

ប្រទេសចិនៈ អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា លើកទឹកចិត្តឱ្យវិនិយោគគិនចិន-អាស៊ាន បណ្តាក់ទុនលើវិស័យកសិកម្មកម្ពុជា និងជំរុញឱ្យមានការអនុគ្រោះពន្ធបន្ថែមទៀត។

លោកបណ្ឌិត លើកឡើងបែបនេះ ក្នុងវេទិកាអភិវឌ្ឍន៍ផ្លូវសូត្រអាកាសថ្មី ចេងចូវ-កម្ពុជា-អាស៊ាន ឆ្នាំ២០២៣ ដែលបានធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកានៅទីក្រុងចេងចូវ ខេត្តហឺណាន ប្រទេសចិន។

លោកបណ្ឌិតបញ្ជាក់ថា “ដោយសារកម្ពុជាស្ថិតនៅចំកណ្តាលអាស៊ាន ខ្ញុំជឿជាក់ថាកម្ពុជាអាចក្លាយ ជាមជ្ឈមណ្ឌលពាណិ​ជ្ជកម្មសម្រាប់ខេត្តហឺណាន ដើម្បីបង្កើនពាណិជ្ជកម្មអន្តរជាតិរបស់ពួកគេ តាមរយៈការផ្លាស់ប្តូរមូលធន ទំនិញ និងសេវាកម្មជាមួយបណ្តាប្រទេសអាស៊ាន”។ លោកបន្តថា “បើប្រទេសកម្ពុជាក្លាយជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មមួយ ខ្ញុំគិតថា ការវិនិយោគ និងពាណិជ្ជកម្មរបស់ទីក្រុងចេងចូវទៅកាន់សមាជិកអាស៊ាន អាចនឹងត្រូវបានពង្រីកវិសា​លភាពតាមរយៈប្រទេសកម្ពុជា”។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក៏បានរំលេចអំពីការកើនឡើងគួរឱ្យកត់សម្គាល់ នៃទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ហើយដែលបាននិងកំពុងជះឥទ្ធិពលផ្ទាល់ លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ។

លោកបណ្ឌិតបន្តថា “យើងក៏កំពុងប្រឹងប្រែង ក្នុងការកែច្នៃស្វាយដែលមានគុណភាពខ្ពស់បំផុត ពោលគឺស្វាយស្ងួត ឬដំណាប់ស្វាយ”។ លោកបន្តថា “យើងដឹងហើយថា នៅខេត្តហឺណាន ប្រទេសចិន មានកន្លែងជាច្រើន ដែលអាចដាំដុះផ្លែស្វាយបាន ប៉ុន្តែបើនិយាយពីគុណភាពវិញ គឺមានភាពខុសគ្នា ដោយសារផ្លែស្វាយកម្ពុជាមានរសជាតិឆ្ងាញ់ជាង ដែលនេះជាឱកាសមាសសម្រាប់អ្នកវិនិយោគចិន នាំចូលផ្លែស្វាយពីកម្ពុជា ជាមួយនឹងការប្រើប្រាស់ដើមទុនតិច និងទទួ​លបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា”។

លោកបណ្ឌិតបានលើកឡើងបន្តថា យើងក៏សង្ឃឹមថាប្រទេសចិននឹងជួយសម្រួល ដល់គោលនយោបាយអនុគ្រោះពន្ធ ជាពិសេសការកាត់បន្ថយរបាំងមិនមែនពន្ធគយ សម្រាប់ការនាំចេញទំនិញកម្ពុជាទៅកាន់ប្រទេសចិន ក្នុងនោះមានសារធាតុគីមី ថ្នាំសម្លាប់សត្វល្អិតជាដើម។

ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម ចេងចូវ-កម្ពុជា-អាស៊ាន លោកបណ្ឌិតបានចែករំលែកនូវអនុសាសន៍ចំនួន​៦ ដោយលើកទឹកចិត្តដល់វិនិយោគគិនចិន-អាស៊ាន ឱ្យមកបណ្តាក់ទុនលើវិស័យកសិកម្មរបស់ប្រទេសកម្ពុជា ការវិនិយោគលើវិស័យកសិកម្មកែច្នៃ និងពាណិជ្ជកម្ម ការកំណត់ផលិតផល និងការផ្គត់ផ្គង់សម្រាប់ប្រ​ទេសជាសមាជិកអាស៊ាននីមួយៗ ការកាត់បន្ថយពន្ធ ការកាត់បន្ថយរបាំងមិនមែនពន្ធគយ ដោយផ្តល់គោលការណ៍ណែនាំសម្រាប់ការប្រើប្រាស់សារធាតុគីមី និងការផ្ទេរការអភិវឌ្ឍបច្ចេកវិទ្យា ក្នុងវិស័យកសិកម្មក្នុងចំណោមភាគីពាក់ព័ន្ធ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា ចិន និងសមាជិកអាស៊ាន លើវិស័យវាយនភណ្ឌកាត់ដេរ វត្ថុធាតុដើម ផ្លែឈើស្រស់ ផ្លែឈើកែច្នៃ ទំនិញប្រើប្រាស់ ម្ហូបអាហារ និងគ្រឿងចក្រជាដើម។ ទន្ទឹមនឹងនេះ លោកក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ដែលបានជំរុញយ៉ាងខ្លាំង នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសសេដ្ឋកិច្ចកំពូលៗនៅអាស៊ី។

អមជាមួយនឹងការចូលរួមវេទិកានេះផងដែរ គណៈប្រតិភូកម្ពុជាក៏បានទៅទស្សនកិច្ច នៅមជ្ឈមណ្ឌលដឹកជញ្ជូនផលិតផលកសិកម្មអន្តរជាតិ Wanbang ។ ពាណិជ្ជករនៅមជ្ឈមណ្ឌលនេះ បានបង្ហាញការជឿជាក់ថា ក្រោមការសម្របសម្រួល និងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួងពាណិជ្ជកម្មកម្ពុជា-ចិន និងនាយកដ្ឋានពន្ធដារ ប្រទេ​សចិនសង្ឃឹមថា នឹងទទួលបានភ្លើងបៃតង លើការបញ្ជាក់ការនាំចូលផ្លែឈើពីកម្ពុជានៅឆ្នាំក្រោយ ដែលអនុញ្ញាតឱ្យភាគីចិននាំចូលផ្លែឈើស្រស់ដោយផ្ទាល់ពីកម្ពុជា។

យោងតាមទិន្នន័យក្រសួងពាណិជ្ជកម្មបានបង្ហាញថា ក្នុងរយៈពេល៩ខែឆ្នាង២០២៣នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានទឹកប្រាក់៩០៩៩លានដុល្លារអាមេរិក ក្នុងនោះការនាំចេញកម្ពុជាទៅចិន មានទឹកប្រាក់១០៥៩លានដុល្លារ កើនឡើង១៨ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។ ចំណែកម្ពុជានាំចូលពីចិនវិញ មានទឹកប្រាក់៨០៤០លានដុល្លារ កើនជាង១ភាគរយ បើធៀបឆ្នាំ២០២២។

ទំនិញដែលកម្ពុជានាំចេញទៅចិនមាន សម្លៀកបំពាក់ ស្បែកជើង ស្បែកសត្វមានរោម ម៉ាស៊ីនប្រើពីស្តុង អង្ករ កៅស៊ូ ចេក ដំឡូងមី គ្រាប់ស្វាយចន្ទី ស្បែកជើង ហិប វ៉ាលី ជាដើម -ល-។ ការនាំចូលពីចិនមកវិញ នូវផលិតផលសម្រាប់បម្រើឲ្យការវិនិយោគ និងផលិតកម្ម ដូចជា ក្រណាត់ចាក់ ក្រណាត់ត្បាញពីកប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់ផ្សេងៗ បរិក្ខារ និងគ្រឿងអេឡិចត្រូនិក វត្ថុធាតុពីប្លាស្ទិក អាលុយមីញ៉ូម គ្រឿងសង្ហារឹម និងក្រដាស និងក្រដាសកាតុងជាដើម។

បច្ចុប្បន្នកម្ពុជា-ចិន កំពុងអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) ដែលបានចូលជាធរមានកាលពីខែមករា ឆ្នាំ២០២២ ដំណាលគ្នានឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)៕

LEAVE A REPLY

Please enter your comment!
Please enter your name here