ខេត្តកោះកុងពង្រឹងការបណ្តុះបណ្តាលធនធានមនុស្សលើការគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរ ខណៈខេត្តនេះមានឆ្នេរវែងជាងគេ

0

        ដោយៈ គង់ សូរិយា

        កោះកុងៈ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី“ការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា” ជូនដល់សមាជិកនៃគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង។

លោកជំទាវបានមានប្រសាសន៍ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ដែលបានរៀបចំកាលពីចុងសប្តាហ៍មុនថា ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបញ្ចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក កាលពីថ្ងៃទី២៥ និងទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងទូបាគូកា ប្រទេសសេណេហ្គាល់ ដោយក្លឹប ឆ្នេរស្អាតបំផុតលើពិភពលោក ដោយសារភាពសម្បូរបែបនៃជីវៈចម្រុះ ភាពប្រណិតនៃបរិស្ថានធម្មជាតិ តម្លៃអេកូឡូស៊ី សេដ្ឋកិច្ចសង្គម វប្បធម៌ និងប្រពៃណីក្នុងតំបន់ ព្រមទាំងភាពទាក់ទាញផ្នែកទេសចរណ៍នៃឆ្នេរ សមុទ្រកម្ពុជា។

លោកជំទាវបានបន្តថា ដើម្បីរក្សាបាននូវតម្លៃ ក្នុងនាមជាសមាជិ​កក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ការរៀបចំទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធទីប្រជុំជន នៅជាប់តំបន់ឆ្នេរសមុទ្រ គឺជាកត្តាសំខាន់ ដើម្បីធានាចីរភាពនៃការរីកចម្រើនលើវិស័យ សេដ្ឋកិច្ច ទេសចរណ៍ និងកំណើនប្រជាជននៅក្នុងតំបន់ឆ្នេរសមុទ្រ ពិសេសខេត្តកោះកុងរបស់យើង ដែលជាខេត្តមានឆ្នេរសមុទ្រវែងជាងគេ នៃព្រះរាជាណាចក្រកម្ពុជា (ប្រហែល២៣៧គីឡូម៉ែត្រ) ដែលទាមទារឲ្យមានការអភិវឌ្ឍផ្នែករូបវន្ត ហេដ្ឋារចនាសម្ព័ន្ធ និងផែនការមេអភិវឌ្ឍន៍ទីក្រុងសមស្រប ដើម្បីឆ្លើយតបទៅនឹងស្ថានភាពភូមិសាស្ត្រ និងតម្រូវការ ជាក់ស្តែង។លោកជំទាវមិថុនា ភូថងបានបន្តថា ក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជា មានផែនការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរឲ្យបានត្រឹមត្រូវ មានប្រសិទ្ធភាពនិងចីរភាព ដើម្បីចៀសវាងនិងទប់ស្កាត់ផលប៉ះពាល់ដល់ការអភិវឌ្ឍទេសចរណ៍ សេដ្ឋកិច្ចសង្គម បរិស្ថាន វប្បធម៌ និងប្រពៃណីក្នុងតំបន់ឆ្នេរសមុទ្រ ដោយបានដាក់ចេញនូវសារាចរលេខ ០១ សរណន ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ ស្ដីពី “ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា”។

សារាចរនេះមានគោលបំណង ដើម្បីណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យអនុវត្តនូវគោលការណ៍គ្រប់​គ្រង ប្រើប្រាស់ ថែរក្សា ការពារ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ដែលរួមមានដែនគោក កោះ និងដែនទឹកឱ្យបានល្អប្រសើរ។ ដើម្បីជាយន្តការលើការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានចេញសេចក្តីសម្រេចលេខ ០៥៧សសរ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង ដែលជាគណៈកម្មាធិការមួយក្នុងចំណោមគណៈកម្មាធិការនៃខេត្តជាប់សមុទ្រទាំង៤ កោះកុង ព្រះសីហនុ កំពត កែប។

លោកជំទាវបានបញ្ជាក់ថា ក្នុងន័យនេះការរៀបចំវគ្គបណ្តុះបណ្តាល ស្ដីពី“ការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា”នាថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០៥៧សសរ របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍនតំបន់ឆ្នេរសមុទ្រកម្ពុជា និងធានាប្រសិទ្ធភាពនៃការអនុវត្តតួនាទី ភារកិច្ច និងការយល់ដឹងឱ្យកាន់តែស៊ីជំរៅអំពីការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់សមាជិកនៃគណៈកម្មាធិការ និងស្ថាប័នពាក់ព័ន្ធ ពិសេសរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ដើម្បីអាចមានសមត្ថភាព លើការអភិវឌ្ឍមូលដ្ឋាននានា ឱ្យស្របនឹងសារាចរលេខ០១ របស់រាជរដ្ឋាភិបាល និងចូលរួមរៀបចំផែនការមេអភិវឌ្ឍទីក្រុង ទីប្រជុំជនការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រ ធនធានសមុទ្រ ទប់ស្កាត់ការសាងសង់ សំណង់អាណាធិបតេយ្យរំលោភចំណីឆ្នេរ ការបញ្ចេញកាកសំណល់រឹង-រ៉ាវ ចូលសមុទ្រ នឹងត្រូវ ផ្សព្វផ្សាយបន្តដល់មូលដ្ឋាន វិស័យឯកជនដើម្បីចូលរួមថែរក្សា ការពារ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រដែលជាគ្រឹះក្នុងការ លើកកម្ពស់គុណភាពជីវិតប្រជាជនតំបន់ឆ្នេរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here