សម្តេចធិបតីហ៊ុន ម៉ាណែតណាំនាំឲ្យរៀបចំផ្លូវដែកអាចបើកលឿនជាងមុន និងគាំទ្រគំរោងសង់កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ

0

        ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានណែនាំឲ្យរៀបចំផ្លូវដែក អាចឲ្យរត់បានល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ ជាមួយគ្នានេះ សម្តេចក៏គាំទ្រគំរោងសាងសង់កំពង់ផែទឹកជ្រៅ នៅខេត្តព្រះសីហនុ ដែលអនុញ្ញាត្តឲ្យកប៉ាល់ធំៗ អាចចូលចតបាននាពេលខាងមុខផងដែរ។

ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ-និយោជិតប្រមាណ១៥,១៩៤នាក់។ កិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៉ីហ្សេត ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថារឿងផ្លូវដែកដឹកទំនិញ ឥលូវផ្លូវដែករបស់យើង នាពេលបច្ចុប្បន្ន បើកបានត្រឹម៥០គីឡូម៉ែត្រក្នុងមួយម៉ោង ឥលូវយើងធ្វើយ៉ាងម្ដេចឲ្យ អាចរត់បានល្បឿ​ន៨០គីឡូម៉ែត្រក្នុងមួយម៉ោង ដឹកទំនិញបានមួយចំនួន

បន្ថែមពីនោះទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្ដេចនឹងឲ្យសិក្សា អំពីការកាត់បន្ថយតម្លៃ ដឹកជញ្ជូនតាមផ្លូវ ហើយបើសិនជាផ្លូវដែកនេះ ធ្វើរួចរាល់ យើងនឹងដឹកទំនិញបានច្រើន។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ឡានមួយដឹកបានតែមួយទូ ប៉ុន្ដែមួយរទះភ្លើងដឹកបានទូច្រើន ដែលមានប្រវែងពី១គីឡូ ទៅ២គីឡូដី ដែលនេះជាយុទ្ធសាស្ដ្រ ក្នុងការបង្កើនការដឹកទំនិញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។លើសពីនោះទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្ដធ្វើហេដ្ឋារចនាសម្ព័ន្ធ ព្រោះថាហេដ្ឋារចនាសម្ព័ន្ធ វាជួយនៅក្នុងការកាត់បន្ថយ តម្លៃដឹកជញ្ជូន និងជួយឲ្យសេដ្ឋកិច្ច មានការកើនឡើងផងដែរ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងការសាទរ និងរីករាយចំពោះការចាប់ផ្តើម ដំណើរការការដ្ឋានសាងសង់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ដំណាក់កាលទី១ មុនដាច់ឆ្នាំ២០២៣។ ការពង្រីកកំពង់ផែទឹកជ្រៅនេះ គឺជាចំណតកប៉ាល់ធំ ផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូន និងកាត់បន្ថយការដឹកជញ្ជូន ឱ្យមានតម្លៃទាបនាពេលអនាគត។

សម្តេចធិបតីបានបញ្ជាក់ថា ខេត្តព្រះសីហនុ ជាមួយខេត្តជាប់មាត់សមុទ្រ មានសក្តានុពល ក្នុងការអភិវឌ្ឍកំពង់ផែទឹកជ្រៅ ហើយក៏ជាផែមួយដ៏សំខាន់របស់កម្ពុជា តាមពីមុនសម័យសង្គ្រាម។ ដូច្នេះហើយរាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុនេះឱ្យកាន់តែមានភារីចម្រើនបន្ថែមទៀត។

សម្តេចធិបតីបន្តថា កំពង់ផែព្រះសីហនុ មានការចរាចរណ៍កុងតឺន័រ ខណៈដែលការគ្រោងទុក នឹងមានកុងតឺន័រតែ៥៥ម៉ឺននោះទេ ក្នុងមួយឆ្នាំ ប៉ុន្តែ ប៉ុន្មានឆ្នាំនេះមានកុងតឺន័រ ចល័តជាង៧៥ម៉ឺនកុងតឺន័រ។ ដូច្នេះ ដើម្បីបំពេញសេចក្តីត្រូវការ រាជរដ្ឋាភិបាលពង្រីកកំពង់ផែនេះឱ្យមានទំហំធំ និងជ្រៅជាងមុន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “កន្លងទៅយើងបានធ្វើច្រើន អីឡូវយើងកំពុងតែកែប្រែកន្លែងកុងតឺន័រ ដើម្បីចូលកប៉ាល់​បប៉ុន្តែអ្វីដែលសំខាន់ យើងបានធ្វើការជាមួយជប៉ុន ដើម្បីយកមកវិនិយោគពង្រីកផែទឹកជ្រៅរបស់យើង ដំណាក់កាលទី១ ខ្ញុំសង្ឃឹមថានឹងបានបុកគ្រឹះមុនដាច់ឆ្នាំ២០០២៣”

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាជាមួយប្រធានJICA ដើម្បីជំរុញការចរចាបញ្ចប់ការទម្លាក់ថវិកា សម្រាប់បុកគ្រឹះជំហានទី១ ក្នុងការពង្រីកផែទឹកជ្រៅខេត្តព្រះសីហនុ ឱ្យបានមុនដំណាច់ឆ្នាំ២០២៣ ដែលជាឆ្នាំដ៏សំខាន់សម្រាប់កម្ពុជា និងជប៉ុន គឺខួបអនុស្សាវរីយ៧០ឆ្នាំ នៃការបង្កើតចំណងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។សម្តេចធិបតីបន្តថា កម្ពុជា និងជប៉ុន នឹងរួមគ្នាធ្វើ ដើម្បីពង្រីកកំពង់ផែទឹកជ្រៅ នៅខេត្តព្រះសីហនុនេះ ឱ្យមានលេចចេញជារូបរាងឡើង។ ខណៈកំពង់ផែខេត្តព្រះសីហនុ បច្ចុប្បន្ននេះ អាចឱ្យកុងតឺន័រដឹកទំនិញចូលចតបានតែ៩.៥០ម៉ែត្រ។ ដូច្នេះកំពង់ផែខេត្តព្រះសីហនុ ទទួលទំនិញបានតែជាង១៨ភាគរយនៃទំនិញប៉ុណ្ណោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសដាក់ចេញមហិច្ឆតាប្រែក្លាយកំពង់ផែព្រះសីហនុ ជាកន្លែងផ្ទេរទំនិញ។ ប្រសិនបើការពង្រីកកំពង់ផែទឹកជ្រៅ ដំណាក់កាលទី១នេះ ទទួលបានជោគជ័យនោះកំពង់ផែទឹកជ្រៅនេះ អាចមានលទ្ធភាពទទួលកុងតឺន័រដឹកទំនិញប្រមាណ៩៣ភាគរយ វានឹងកាត់បបន្ថយតម្លៃការការដឹកជញ្ជូន តាមផ្លូវទឹក ដែលពីមានតម្លៃចន្លោះ៤០០ ឬ៥០០ដុល្លារ មកត្រឹម២០០ដុល្លារ ក្នុងមួយកុងតឺន័រ។

បន្ថែមពីនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ប្រសិនបើថ្ងៃអនាគតកម្ពុជា អាចពង្រីកកំពង់ទឹកជ្រៅជំហា​នទី២ ឬជំហានទី៣នោះ នៅថ្ងៃអនាគតកំពង់ផែ នឹងអាចទទួលបានកុងតឺន័រកាន់តែច្រើន ដែលដឹកទំនិញឆ្លងកាត់ ដែលវានឹងផ្តល់ឱកាសការងារកាន់តែច្រើនឡើងដល់ប្រជាពលរដ្ឋ ជាពិសេសជំរុញកំណើនសេដ្ឋកិច្ចជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា “ការពង្រីកកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ គឺត្រូវតែបន្តទៅមុនជានិច្ច ព្រោះវាជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា”។ គម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅនេះ អាចជាចំណតកប៉ាល់ធំ ផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូន និងកាត់បន្ថយការដឹកជញ្ជូនឱ្យមានតម្លៃទាបនាពេលអនាគតផងដែរ។

ចំណតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងជំហានទី១ ដែលមានប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក១៤.៥ម៉ែត្រ ដោយទទួលបានប្រាក់កម្ចីជាង ២០០លានដុល្លារពីជប៉ុន នឹងចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០២២ និងបញ្ចប់ការសាង់សង់នៅដើមឆ្នាំ២០២៥ ខណៈបច្ចុប្បន្ននេះ សម្រេចបានការគូសប្លង់រួចរាល់ហើយ និងកំពុងដំណើរការដេញថ្លៃ។

នៅពេលដែលកំពង់ផែទឹកជ្រៅនេះ សាងសង់រួចរាល់នៅឆ្នាំ២០២៥ នឹងអាចអនុញ្ញាតឲ្យកប៉ាល់ដែលសមត្ថភាពផ្ទុក កុងតឺន័ររហូតដល់ជាង ៤ពាន់កុងតឺន័រ អាចចូលចតដែលពេលនោះកប៉ាល់ប្រមាណ៩៣% នៃកប៉ាល់ក្នុងតំបន់អាស៉ី ចូលចតនៅកម្ពុជាបាន ដែលនឹងធ្វើឱ្យតម្លៃដឹកជញ្ជូនទាបជាងមុន ដែលតាមការប៉ាន់ស្មានតម្លៃដឹកជញ្ជូន អាចចុះជាង ២០០ដុល្លារក្នុងមួយកុងតឺន័រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here