ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនសកល ដែលមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល បានផ្អាកប្រតិបត្តិការ ឬស្នើឱ្យបុគ្គលិកធ្វើការពីផ្ទះ ខណៈដែលប្រទេសនេះ កំពុងបើកការវាយលុក ទៅលើក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប។
ខាងក្រោមនេះគឺជាជំហានមួយចំនួន ដែលកំពុងត្រូវបានអនុវត្តដោយក្រុមហ៊ុនជាច្រើន នៅក្នុងឧស្សាហកម្មនានា រាប់ចាប់តាំងពីការធ្វើដំណើររហូតដល់វិស័យហិរញ្ញវត្ថុ។
ការធ្វើដំណើរ
បណ្តាក្រុមហ៊ុនអាកាសចរណ៍ នៅតំបន់អាស៊ី អឺរ៉ុប និងអាមេរិកជាច្រើនបានផ្អាកជើងហោះហើរ ត្រង់ទៅកាន់ទីក្រុង Tel Aviv។វិស័យថាមពល
ក្រសួងថាមពលរបស់ប្រទេសអ៊ីស្រាអែល បានបញ្ជាដល់ក្រុមហ៊ុន Chevron ដែលជាក្រុមហ៊ុនផលិតប្រេង និងឧស្ម័នធំជាងគេទី២របស់សហរដ្ឋអាមេរិក ឱ្យបិទកន្លែងឧស្ម័នធម្មជាតិ Tamar នៅឆ្នេរសមុទ្រភាគខាងជើងរបស់ប្រទេសនេះ។
វិស័យធនាគារ
ធនាគារវិនិយោគអាមេរិក Goldman Sachs បានស្នើឱ្យបុគ្គលិកនៅការិយាល័យរបស់ខ្លួនក្នុងទីក្រុង Tel Aviv ធ្វើការពីផ្ទះ។
ចំណែក ធនាគារ JPMorgan Chase បានស្នើឱ្យបុគ្គលិកជាង២០០នាក់របស់ខ្លួន នៅក្នុងប្រទេសអ៊ីស្រាអែលធ្វើការពីផ្ទះ។ នេះបើយោងតាមប្រភព ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ធនាគារ Bank of America បានបិទការិយាល័យនៅទីក្រុង Tel Aviv របស់ខ្លួន ខណៈធនាគារ Morgan Stanley បានប្រាប់បុគ្គលិករបស់ខ្លួន នៅប្រទេសអ៊ីស្រាអែលឱ្យធ្វើការពីផ្ទះ។
ប្រភពមួយបានប្រាប់សារពត៌មាន Reuters ថា ធនាគារ Citigroup ដែលមានវត្តមានធំបំផុត ក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុបរទេសក្នុងប្រទេសអ៊ីស្រាអែល បានផ្តល់ភាពបត់បែនសម្រាប់បុគ្គលិក ក្នុងប្រទេសអាចជ្រើសរើសធ្វើការពីផ្ទះ ឬការិយាល័យ។
វិស័យភស្តុភារ
ក្រុមហ៊ុន Adani Ports របស់មហាសេដ្ឋីឥណ្ឌាលោក Gautam Adani បានអះអាងថា កំពង់ផែHaifa ដែលស្ថិតនៅភាគខាងជើងប្រទេសអ៊ីស្រាអែល នៅតែបន្តដំណើរការ ប៉ុន្តែក្រុមហ៊ុនកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាព និងបានរៀបចំផែនការបន្តអាជីវកម្ម។ ចំណែក ក្រុមហ៊ុនដឹកជញ្ជូនសកល FedEx បានផ្អាកសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសអ៊ីស្រាអែល។
វិស័យបច្ចេកវិទ្យា
ក្រុមហ៊ុន Nvidia ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក ដែលប្រើប្រាស់សម្រាប់បញ្ញាសិប្បនិម្មិត និងក្រាហ្វិកកុំព្យូទ័រ បានលុបចោលកិច្ចប្រជុំកំពូលAI នៅទីក្រុង Tel Aviv។
អ្នកប្រើប្រាស់ និងការលក់រាយ
ក្រុមហ៊ុនសម្លៀកបំពាក់ខ្នាតយក្ស H&M បានបិទហាងទាំងអស់ជាបណ្ដោះអាសន្ន ក្នុងប្រទេសអ៊ីស្រាអែល រីឯក្រុមហ៊ុន Inditex ដែលជាម្ចាស់ហាងលក់រាយសម្លៀកបំពាក់ Zara បានបិទហាងចំនួន៨៤របស់ខ្លួនជាបណ្ដោះអាសន្ន ក្នុងប្រទេសអ៊ីស្រាអែលផងដែរ។
វិស័យឱសថ
ក្រុមហ៊ុនឱសថ Eli Lilly and Co បានរាយការណ៍ថា ខ្លួនកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយនឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាសុវត្ថិភាពរបស់បុគ្គលិក នៅពេលកំពុងធ្វើការ ដើម្បីធានាការផ្គត់ផ្គង់ថ្នាំ ដែលគ្មានការរំខានដល់អ្នកជំងឺ នៅក្នុងតំបន់៕