ដោយៈ តែម សុខុម
បាងកកៈ វាជាដំណឹងដ៏គួរភ្ញាក់ផ្អើលមួយ ដែលព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ បានទិញយកក្លឹបបាល់ទាត់ នៃក្របខណ្ឌកំពូលរបស់ថៃ Police Tero FC។
ក្លឹបបាល់ទាត់ Police Tero FC បានប្រកាសកាលពីថ្ងៃច័ន្ទ ទី៦ ខែវិច្ឆិកា ថា ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ បានទិញយកក្លឹបរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងបណ្ដាក់ទុនរួមគ្នា ដោយព្រះអង្គម្ចាស់គឺជាភាគហ៊ុនធំ និងជាអ្នកដឹកនាំក្លឹបនេះ។ នេះបើយោងតាមកាសែតថៃ The Nation ចុះផ្សាយនៅថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា នេះ។
អ្នកគ្រប់គ្រងក្លឹបនេះលោក Thanya Wongnak និយាយថា ព្រះអង្គម្ចាស់ បានប្ដេជ្ញាអភិវឌ្ឍន៍វិស័យបាល់ទាត់ និងដឹកនាំក្លឹបបាល់ទាត់ Police Tero FC ឱ្យខ្លាំងឡើងវិញ ដែលស្របនឹងគោលដៅរបស់គណៈគ្រប់គ្រងក្លឹបបច្ចុប្បន្ន។អ្នកគ្រប់គ្រងរូបនេះបានបន្ថែមថា គោលដៅរបស់ក្លឹបគឺដើម្បីឈានឡើង ទៅចំណាត់ថ្នាក់កំពូលទាំង៣ នៃក្របខណ្ឌកំពូលរបស់ថៃនៅឆ្នាំក្រោយ និងចូលរួមក្នុងក្របខណ្ឌជើងឯក AFC Champions League។
ព្រះអង្គម្ចាស់ នរោត្តម អមរិទ្ធិវង្ស ដែលជាតំណាងព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ មានបន្ទូលថា ព្រះអង្គផ្ទាល់មានចំណាប់អារម្មណ៍លើការគ្រប់គ្រងក្លឹបបាល់ទាត់ ហើយទ្រង់យល់ថា ការបណ្ដាក់ទុនរួមគ្នានេះគឺជាឱកាសដ៏ល្អ ដើម្បីអភិវឌ្ឍវិស័យបាល់ទាត់ទាំងក្នុងប្រទេសថៃ និងតំបន់អាស៊ានទាំងមូល។ព្រះអង្គម្ចាស់មួយព្រះអង្គទៀត ដែលចូលរួមក្នុងការបណ្ដាក់ទុនរួមគ្នានេះដែរ គឺព្រះអង្គម្ចាស់ នរោត្តម ណារិទ្ធិពង្ស។យោងតាមកាសែតដដែលបង្ហាញថា ព្រះអង្គម្ចាស់ទាំង៣ព្រះអង្គខាងលើ បានរួមគ្នាទិញក្លឹប Police Tero FC និងក្លាយជាម្ចាស់ភាគហ៊ុនធំ៕ The Nation ៕