Hattha top Banner

ប្រទេសចិនផ្តល់ហិរញ្ញប្បទានជាង៣៣៤០លានដុល្លារសាងសង់ផ្លូវ ស្ពានធំៗនៅកម្ពុជា

0

        ដោយៈ ជេស៊ីកា

        ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុលអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងថា មិត្តចិនបាននិងកំពុងផ្តល់ហិរញ្ញប្បទានជាង៣៣៤០លានដុល្លារ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋធំៗនៅកម្ពុជា រួមមានស្ពាន ផ្លូវជាតិ និងផ្លូវនៅតាមបណ្តាខេត្តនានា។

លោកស៊ុន ចាន់ថុលបានមានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើញប្រារពខួបមួយឆ្នាំ នៃការដាក់ឲ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ កាលពីថ្ងៃទី៧ វិច្ឆិកាកន្លងមកនេះ។លោកបានបង្ហាញឱ្យឃើញ អំពីបច្ចុប្បន្នភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងរបស់មិត្តចិន ដែលបានសាងសង់រួចមានចំនួន ៣១ខ្សែ ប្រវែងសរុប៣.០៧៧,៥០គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាប្រមាណ២.១៨០,៧៩លានដុល្លារ។

លោកស៊ុន ចាន់ថុលបានបន្តថា គម្រោងសាងសង់ផ្លូវថ្នល់ ដែលកំពុងដំណើរការមានចំនួន០៦ខ្សែ មានប្រវែងសរុប៥៥៧,៦២គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ៦៧៥.៨៧លានដុល្លារ។ ស្ពានធំៗដែលបានសាងសង់រួច មានចំនួន១០ស្ពាន ប្រវែងសរុប១០.៨៩៧​ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ៣៧២,១៥លានដុល្លារ និងកំពុងសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង១.៧៦១ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ១១១,៩៨លានដុល្លារ។

លោកបន្ថែមទៀតថា គម្រោងដែលប្រើប្រាស់ឥណទានសម្ប​ទាន និងជំនួយឥតសំណងរបស់មិត្តចិន ដែលបានសាងសង់រួច និងកំពុងសាងសង់ មានទឹកប្រាក់សរុបប្រមាណ៣.៣៤០លានដុល្លារ។

ក្រៅពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកវ៉ាង វិនធៀន អំពីវឌ្ឍនភាពនៃគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ(FA)រួចរាល់ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅសាធារណរដ្ឋប្រជាមានិតចិន ដោយលោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើជំរុញឱ្យក្រុមហ៊ុនបញ្ជូន អ្នកជំនាញពីប្រទេសចិនឱ្យបានច្រើន ដើម្បីបញ្ចប់សិក្សាសមិទ្ធិលទ្ធភាព លម្អិតឱ្យបានហ្មត់ចត់ និងឆាប់រហ័ស។

បន្ថែមពីនេះ គម្រោងសំខាន់ៗផ្សេងទៀត គឺគម្រោងសិក្សាសមិទ្ធិ​​លទ្ធភាពផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ក៏ជាអាទិភាពមួយ ដែលលោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យក្រុមហ៊ុនពន្លឿនកិច្ចការងារសិក្សា ដើម្បីអាចឈានទៅនីតិវិធីបន្តបន្ទាប់ទៀត សំដៅយ៉ាងណាអាចឱ្យគម្រោងនេះ ចេញជាលទ្ធផលសម្រាប់នីតិកាលទី៧នេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here