យានយន្តជិត៤, ៧លានគ្រឿងបានឆ្លងលកាត់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងព្រះសីហនុ ជាមួយនឹងការបន្តបញ្ចុះតម្លៃ២០% (រក្សាតម្លៃដដែល) សម្រាប់រយៈពេល១ឆ្នាំទៀត លើការប្រើប្រាស់គន្លងETC និងគន្លង ANPR និងសម្រាប់រយៈពេល ៦ខែ ចំពោះការទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC)។

លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពង់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានចូលរួមក្នុងពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងព្រះសីហនុ ដោយក្នុងពិធីនេះក៏មានការចូលរួម ពីលោកវ៉ាង វ៉ិនធាន ឯកអគ្គរាជទូតចិនប្រជាកម្ពុជា លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ចាវ យ៉ុង (Zhou Yong) នាយកសាខាក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិនប្រចាំកម្ពុជា និងមន្រ្តីពាក់ព័ន្ឋ។

ជាការចូលរួមអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានផ្ញើសារលិខិតអបអរសាទរជូន ចំពោះលោក ចាវ យ៉ុង តាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី បង្ហាញអំពីការកោតសរសើរ និងការគាំទ្រដល់ក្រុមហ៊ុនដែលបានវិនិយោគផ្លូវល្បឿនលឿន ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ការវិនិយោគរបស់ក្រុមហ៊ុន លើការកសាងផ្លូវល្បឿនលឿននេះ បានបង្ហាញអំពីអត្ថប្រយោជន៍ជាក់ស្តែង ដែលកម្ពុជាទទួលបានពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” និងកិច្ចសហប្រតិបត្តិការមិត្តដែកថែបមិនអាចកាត់ថ្លៃបានរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយលើកកម្ពស់ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា។

លោកស៊ុន ចាន់ថុលបានបញ្ជាក់ថា ផ្លូវល្បឿនលឿនខ្សែទី១របស់កម្ពុជានេះ បានរៀបចំបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅវិមានសន្តិភាពកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម លី ខឺឈាង អតីតនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ។

លោកក៏បានបន្ថែមផងដែរ ជូនចំពោះ លោក ចាវ យ៉ុង ដោយបានស្នើសុំឱ្យក្រុមហ៊ុន ពិនិត្យលទ្ធភាពទទួលនិស្សិតពីវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនឱ្យចូលបម្រើការងារក្នុងក្រុមហ៊ុន CRBC បានផងដែរ។អាស្រ័យលើភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការ រវាងដៃគូទាំងពីរ លោកឧបនាយករដ្ឋមន្ត្រី បានសំណូមពរដល់ឯកឧត្តម វ៉ាង វិនធៀន មេត្តាជួយជំរុញនីតិវិធីផ្តល់កម្ចីសម្បទាន ដើម្បីធ្វើការជួសជុលផ្លូវជាតិលេខ៣ កំណាត់កំពត-វាលរិញ ប្រវែងប្រមាណ២០គីឡូម៉ែត្រ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបានបង្កការលំបាកដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរបច្ចុប្បន្ននេះ។

ជាមួយគ្នានេះ គម្រោងសាងសង់ផ្លូវជាតិលេខ៧ កិច្ចការងាររៀបចំប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងក្រុងព្រះសីហនុ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត សុទ្ធសឹងតែជាគម្រោងដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន ដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំជំរុញពន្លឿនកិច្ចការងារអនុវត្តន៍ លើគម្រោងការងារទាំងនេះបន្ថែមទៀត។

ដើម្បីជាការអបអរសាទរនូវគម្រប់ខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុ និងដោយមានការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូ​ន ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសម្តេចមហាបវរធិបតីនាយ​​ករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមហ៊ុនផ្លូវល្បឿនលឿន បានសម្រេចបន្តរក្សាតម្លៃដដែល (បញ្ចុះតម្លៃ២០%) ក្នុងរយៈពេលពេញ១ឆ្នាំ ចំពោះអ្នកប្រើប្រាស់គន្លង ETC និងគន្លង ANPR ដោយគិតពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ចំពោះអ្នកប្រើប្រាស់ផ្លូវ ដែលទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) ក្រុមហ៊ុននឹងរក្សាតម្លៃនៅដដែល (បញ្ចុះតម្លៃ២០%) សម្រាប់រយៈពេល ៦ខែ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។ ចំពោះសេវាធ្វើដំណើរ នឹងត្រូវគណនាតាមចម្ងាយជាក់ស្តែងនៃការបើកបរ និងតាមប្រភេទយានយន្ត។

គិតពីថ្ងៃទី១ វិច្ឆិកា ២០២២ ដល់ថ្ងៃទី៣១ តុលា ២០២៣ កន្លងមកនេះ មានយានយន្តប្រមាណ៤,៦៨លានគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនថ្មីនេះ ហើយថវិកាដែលក្រុមហ៊ុនទទួលបានរយៈពេល១ឆ្នាំនេះគឺប្រមាណ៣៥លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here