Hattha top Banner

អាជ្ញាធរខេត្តកំពត គ្រោងអភិរក្ស និងកែច្នៃព្រែកទាំងអស់ក្នុងខេត្ត ឱ្យទៅជាតំបន់ទេសចរណ៍

0

ដោយៈ គង់ ហ្វីអូណា

        កំពតៈ ខេត្តកំពត ជាខេត្តមួយក្នុងចំណោមខេត្តទាំងបួន ដែលជាប់នឹងតំបន់ឆ្នេរ ខេត្តមួយនេះសម្បូរទៅដោយព្រែកជាច្រើន ដែលអាចកែច្នៃ ទៅជាតំបន់ទេសចរណ៍ធម្មជាតិទាក់ទាញបំផុត។

ផែនការនេះធ្វើឡើងក្នុងន័យ ដើម្បីពង្រីកបន្ថែមតំបន់ទេសច​រណ៍ និងទាក់ទាញភ្ញៀវទេសចរ អាជ្ញាធរខេត្តគ្រោងនឹងអភិរក្សនូវរុក្ខជាតិសមុទ្រ ក៏ដូចជាកែច្នៃព្រែកទាំងអស់ ឱ្យទៅជាតំបន់ទេចរណ៍ធម្មជាតិ បន្ថែមពីលើតំបន់ទេសចរណ៍ធម្មជាតិដែលមានបច្ចុប្បន្ន។អភិបាលនៃគណៈអភិបាលខេត្តកំពត លោក ម៉ៅ ធនិនបានថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានលើកឡើងថា ខេត្តកំពតសម្បូរទៅដោយតំបន់ទេសចរណ៍ដ៏គួឱ្យទាក់ទាញ។ វិស័យទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែង និងជាប្រភពចំណូលមិនចេះរីងស្ងួត។ ដូច្នេះត្រូវតែមានគំនិតក្នុងការកែច្នៃនូវទីតាំងនានា ដែលអំណោយផលដល់វិស័យនេះ ពិសេ​សព្រែកនៅក្នុងខេត្តទាំងអស់។លោកបានបញ្ជាក់ថា “រដ្ឋបាលខេត្តគ្រោងនឹងសិក្សា ពិនិត្យលើព្រែកទាំង១៣ ដែលមាននៅក្នុងខេត្ត ដើម្បីកែច្នៃធ្វើយ៉ាងណាឱ្យក្លាយទៅជាតំបន់ទេសចរណ៍បែបធម្មជាតិ ហើយក្នុងនោះការអភិរក្សនូវរុក្ខជាតិសមុទ្រ កុំឱ្យបាត់បង់ជាការចាំបាច់”។ លោកបន្តថា “ចំណីព្រែកដែលជាដីសាធារណៈរបស់រដ្ឋ មិនត្រូវឱ្យបាត់បង់ ហើយដីចំណីព្រែកទាំងអស់ នឹងត្រូវយកមកបម្រើផលប្រយោជន៍សាធារណៈ និងសម្រាប់ពង្រីកជាតំបន់ ទេសចរណ៍នៅលើព្រែកទាំងនោះ”។

បច្ចុប្បន្នខេត្តកំពត មានការកើនឡើងនូវតំបន់លម្ហែរ សម្រាប់ទទួលភ្ញៀវទេសចររហូតដល់៣៦កន្លែង។ មណ្ឌលកម្សាន្តទាំងនោះ រួមមាន រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ រមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានកែច្នៃ សហគមន៍ទេសចរណ៍ ព្រមទាំងគោលដៅទេសចរណ៍ដ៏ទាក់ទាញ ក៏ដូចជាទីតាំងបោះតង់ សម្រាប់បម្រើភ្ញៀវជាតិ និងអន្តរជាតិទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here