ដោយ: គង់ លាងហួរ
បាងកក: លោក Korn Narongdej នាយកប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យប្រណីត Raimon Land បានមានប្រសាសន៍ឱ្យដឹងថា វិស័យអចលនទ្រព្យលំដាប់ប្រណីតបំផុត ឬលំដាប់អភិជន របស់ប្រទេសថៃ នឹងបន្តរីកចម្រើន ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។
លោក Korn បានបន្តថា ទោះបីជាជួបបញ្ហាប្រឈមមួយចំនួន ដូចជាបញ្ហាអតិផរណា ការកើនឡើងថ្លៃចំណាយលើការរស់នៅ ការថយចុះនៃសេដ្ឋកិច្ច និងភាពមិនប្រាកដប្រជា នៃភូមិសាស្ត្រនយោបា យយ៉ាងណាក្តី ប៉ុន្តែជាធម្មតា សង្គមពួកអ្នកមាន ឬអភិជន មិនបានរងផលប៉ះពាល់នោះទេ ហើយពួកគេនៅតែបន្តការចំណាយ ក្នុងកម្រិតធម្មតា ឬលើសពីធម្មតាទៅទៀត។លោកបានបន្ថែមថា “នៅពេលដែលសម្រេចចិត្តទិញផលិតផលប្រណីត ក្រុមអតិថិជន ដែលជាអ្នកមានទ្រព្យស្តុកស្តម្ភ អាចធ្វើការសម្រេចចិត្ត ដោយមិនស្ទាក់ស្ទើរ ជាមួយនឹងលក្ខខណ្ឌណាមួយឡើយ”។
លោក Korn Narongdej ក៏បានវាយតម្លៃផងដែរថា កំណើននៃវិស័យអចលនទ្រព្យ លំដាប់ខ្ពស់ប្រណីតនេះ បណ្តាលមកពីជនបរទេស ដែលកំពុងស្វែងរកផ្ទះទី២របស់ពួកគេនៅក្នុងប្រទេសថៃ។លោកបានអះអាងថា លក្ខណៈសម្បត្តិរបស់ប្រទេសថៃ ដូចជាប្រជាជនរួសរាយរាក់ទាក់ ការអត់ឱនខាងសាសនា ម្ហូបឆ្ងាញ់ពិសារ និងវប្បធម៌ដ៏សម្បូរបែប បានធ្វើឱ្យប្រទេសនេះ ក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់អ្នកវិនិយោគ ដែលមានទ្រព្យសម្បត្តិមហាសាល។
ចំពោះ គម្រោងខុនដូប្រណីតថ្មី ចុងក្រោយបង្អស់ដែលមានឈ្មោះថា “Tait Sathorn 12”របស់ក្រុមហ៊ុន Raimon Land លោក Korn បានគូសបញ្ជាក់ថា ជាង៤០%នៃយូនីតសរុប ក្នុងគម្រោងនេះ ត្រូវបានទិញយកដោយក្រុមជនបរទេស។ជនបរទេសដែលទិញខុនដូច្រើនជាងគេ នៅក្នុងគម្រោង Tait Sathorn 12 រួមមាន ដូចជា ជនជាតិចិន សិង្ហបុរី តៃវ៉ាន់ និងអូស្ត្រាលី ខណៈជនបរទេសភាគច្រើន ទិញខុនដូទាំងនេះសម្រាប់ការប្រើប្រា ស់ផ្ទាល់ខ្លួន ហើយជនបរទេសមួយចំនួនទៀត ទិញខុនដូសម្រាប់ការវិនិយោគ៕