សេដ្ឋកិច្ចម៉ាឡេស៊ីប្រឈមមុខនឹងផលប៉ះពាល់ ខណៈការចំណាយលើការអភិវឌ្ឍកំពុងធ្លាក់ចុះជារៀងរាល់ឆ្នាំ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានឱ្យដឹងថា ការចំណាយលើការអភិវឌ្ឍជាក់ស្តែងរបស់ប្រទេសម៉ាឡេស៊ី កំពុងធ្លាក់ចុះជារៀងរាល់ឆ្នាំ ទោះបីជាការបែងចែកនៅក្រោមថវិកាជាតិប្រចាំឆ្នាំ មានការកើនឡើងយ៉ាងណាក្តី។

តួយ៉ាង ទឹកប្រាក់ចំនួន៩០ពាន់លានរីងហ្គីត ត្រូវបានបែងចែកសម្រាប់ការចំណាយអភិវឌ្ឍជាក់ស្តែង នៅក្នុងថវិកាជាតិឆ្នាំ២០២៤ ពោលគឺធ្លាក់ចុះ បើប្រៀបធៀបទៅនឹង៩៧ពាន់លានរីងហ្គីត នៅក្នុងថវិកាជាតិឆ្នាំ២០២៣។

លោក Anwar ដែលកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងដែរនោះបានអះអាងថា ការរកឃើញនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា សកម្មភាពសេដ្ឋកិច្ចជាតិ ដោយលោកបន្ថែមថា ការថយចុះ នៃការចំណាយលើការអភិវឌ្ឍជាក់ស្តែង អាចជះឥទ្ធិពលរយៈពេលវែង ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី។លើសពីនេះ លោក Anwar បានបញ្ជាក់ថា ការអនុវត្តគម្រោងអភិវឌ្ឍន៍ដែលមានបញ្ហា និងប្រឈមមុខនឹងការពន្យារពេល បានបណ្តាលឱ្យថ្លៃចំណាយមានការកើនឡើង និងជះឥទ្ធិពលអវិជ្ជមានដល់កំណើនសេដ្ឋកិច្ច។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ Anwar បានលើកឡើងថា រដ្ឋាភិបាលនឹងចាត់វិធានការគោ ​លនយោបាយជាបន្ទាន់មួយចំនួន ដើម្បីកែលម្អការអនុវត្តគម្រោង និងជំរុញការចំណា​យលើការអភិវឌ្ឍជាក់ស្តែង។

ថ្លែងអំពីប្រាក់រីងហ្គីត លោក Anwar បានអះអាងថា “ការធ្លាក់ថ្លៃនៃរូបិយប័ណ្ណក្នុងស្រុក ដែលបណ្តាលមកពីការរំពឹងទុកថា អត្រាការប្រាក់របស់សហរដ្ឋអាមេរិក នឹងនៅតែមានកម្រិតខ្ពស់ ក្នុងរយៈពេលយូរ ក៏ដូចជាកត្តាភូមិសាស្ត្រនយោបាយ មិនត្រូវបានគេរំពឹងថា នឹងជះផលប៉ះពាល់ ដល់កំណើនសេដ្ឋកិច្ចម៉ាឡេស៊ីនោះទេ។

លោកបានកត់សម្គាល់ថា ធនាគារកណ្តាលម៉ាឡេស៊ី (Bank Negara Malaysia) ប្តេជ្ញាចិត្តក្នុងការទប់ស្កាត់ ការប្រែប្រួលហួសហេតុ ដើម្បីធានាថាទីផ្សារប្តូរប្រាក់រីងហ្គីត នៅតែមានសណ្តាប់ធ្នាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here