តំបន់ផ្លូវ៦០ម៉ែត្រ នៅតែមានសក្ដានុពល និងទាក់ទាញការអភិវឌ្ឍ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ តំបន់​ស្ថិតនៅស្របតាមបណ្តោយ មហាវិថីសម្តេចតេជោ ឬផ្លូវ៦០ម៉ែត្រ ​​និងតំបន់ជុំវិញ នៅតែមានសក្ដានុពល​ និងការអភិវឌ្ឍ។

ទោះបីជា​តំបន់​ផ្លូ​វ​៦០​ម៉ែត្រ ឬមហា​វិថី​សម្ដេច​តេជោ​ហ៊ុន សែន បច្ចុប្បន្ននេះ មាន​ការ​អភិ​វឌ្ឍ​ជាមួយ នឹងវត្តមានសំណង់អគារ​ខ្ពស់​ៗ ​ផ្សារទំនើប លំនៅឋានបែបប្រណីតក្ដី ប៉ុន្តែតំបន់នេះ​នៅតែមានសក្ដានុពល​ធំធេងស​ម្រា​ប់ការវិនិយោគ ជាពិសេស​វិស័យដីធ្លីនៅតំបន់នេះនៅតែមាន​ទំហំធំសម្រាប់គម្រោងអភិវឌ្ឍន៍។​

តំបន់ផ្លូវ៦០ម៉ែត្រ កំពុង​ទាក់ទាញ​ការវិនិយោគបន្ថែមទៀត ស្របពេល​អាកាស​យានដ្ឋានអន្តរជាតិ​ភ្នំពេញ​ថ្មី ឬព្រលានយន្តហោះអន្តរជាតិ​តេជោ​ នៅស្រុកកណ្ដាល​ស្ទឹង​ កំពុងមមាញឹក​ក្នុងការសាងសង់​ ដើម្បីពន្លឿន​​ឱ្យ​ទាន់ពេលវេលា​កំណត់ ​​និងគ្រោងដាក់ឲ្យដំណើរការនៅដើមឆ្នាំ២០២៥ខាងមុខ។

តំបន់​ជុំវិញ​ផ្លូវ​៦​០ម៉ែត្រ​នេះដែរ ក៏ឃើញថា​កំពុង​មានការអភិវឌ្ឍ​លើ​ហេដ្ឋា​រច​នា​ស​ម្ព័​​ន្ធ​ខ្វាត់ខ្វែង រួមមានផ្លូវជាតិលេខ​២ បានបញ្ចប់​ការសាងសង់​រួចរាល់ហើយ ផ្លូវ​ក្រវាត់​ក្រុងទី​៣ ក៏​បា​នប​ញ្ច​ប់​ការ​​សាងសង់ទាំងស្រុង និងកំពុង​ទាក់ទាញ​អាជីវកម្ម​ទៅ​កាន់​ទី​នោះ ជា​បន្តបន្ទាប់ រួមជាមួយផ្លូវថ្មីៗជាច្រើនទៀត ​នៅក្នុង​ខណ្ឌ​​ដង្កោ​ ​​និង​​ខណ្ឌមានជ័យ ។នៅក្នុង​គម្រោង​របស់​សាលា​រាជធានីភ្នំពេញ ក៏គ្រោងអភិវឌ្ឍ​ន៍​ស្ពាន​តភ្ជាប់​ពី​ព្រែកប្រា​ ក្នុងខណ្ឌច្បារ​អំពៅ​ ឆ្លងកាត់ទន្លេបាសាកទៅកាន់​ផ្លូ​វជាតិលេ​ខ២ ក្នុងសង្កាត់ចាក់​អង្រែ​ រួច​ឆ្ពោះ​ទៅកាន់​តំបន់​ផ្លូវ​៦០ម៉ែត្រ ដែល​នឹង​ធ្វើឱ្យផ្លូវ​៦០​ម៉ែត្រ ​កាន់​​តែទាក់ទាញ​ដល់វិនិយោគិនជាតិ និងអន្តរជាតិ​បន្ថែមទៀត។

តាមការសង្កេតរបស់អ្នកជំនាញបានបង្ហាញថា លើសពីនេះ​ គម្រោ​ងស្ពាន​អាកាស​ព្រះ​មុនីវង្ស​ថ្មី​ ក៏កំពុងមមាញឹក​ក្នុងកា​រសាងសង់ ដោយ​ដំណាក់​កាលទី​១ ស្ពាន​នេះនឹង​ដាក់ដំណើរការ​ នៅ​មុន​ចូល​ឆ្នាំ​ខ្មែរខាងមុខនេះ ។អ្នកស្រី អាន សុធីតា នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ​ PropNex Cambodia បាន​លើកឡើងថា​ តំបន់​​ប៉ែក​ខាងត្បូង​ភ្នំពេញ​ ក្នុងនោះរួមមានតំបន់​ផ្លូវ​៦០ម៉ែត្រ ​នឹង​ក្លាយជា​តំបន់​លំនៅឋាន និង​ពាណិជ្ជកម្មដ៏មាន​សក្ដា​នុពល។​ ​ជាក់ស្ដែងបច្ចុប្បន្ននេះឃើញថា ​មានក្រុមហ៊ុនអភិវឌ្ឍន៍​លំនៅឋានធំៗ ​កំពុង​លេច​រូបរាង​​នៅក្នុង​តំបន់នេះ។ កា​រអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធផ្លូវ​ថ្មីៗ ជា​បន្តបន្ទាប់​នៅក្នុង​តំបន់ បានទាក់​ទាញឱ្យ​វិនិយោគិន​ថ្មីៗ ចាប់អារម្មណ៍​ចូលទៅ​អភិវឌ្ឍន៍​ទីតាំង​នោះ។​អ្នកស្រីបានបន្តថា​ សម្រាប់ដីធ្លីនៅតំបន់​នេះ ប្រហែលជានឹង​មិនឡើង​ថ្លៃខ្ពស់បន្តទៀត​ទេ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ ប៉ុន្តែ​ផ្សារទំនើប​ធំចំនួន២​នៅក្នុងតំបន់ រួមមាន ផ្សារ​ជីបម៉ុង Megamall 271 និងផ្សារទំនើបអ៊ីអន​មានជ័យ កំពុង​ធ្វើឱ្យតំបន់​ផ្លូវ​៦០ម៉ែត្រ ​និងតំបន់ជុំវិញនោះកាន់តែ​មានសក្ដានុពល​ខ្លាំង ក្នុងការទាក់ទាញមនុស្ស​ទៅ​រស់​នៅទី​នោះកាន់តែច្រើន ហើយវិនិយោគិន ក៏​នឹងបំពេញ​តម្រូវការ​ដោយនឹង​អភិវឌ្ឍន៍ ​គម្រោង​លំនៅ​ឋាន​​បន្ថែមទៀតផងដែរ​។

ជាមួយនឹងការបោះទុនវិនិយោគរាប់រយលានដុល្លារនៅកម្ពុជា លោកបណ្ឌិតBen Li អគ្គនាយកក្រុមហ៊ុនUrban Land ដែលកំពុងវិនិយោគខុនដូUrban Villageបានមានប្រសាសន៍ថា តំបន់បឹងកេងកង១ ជាតំបន់ដ៏ល្បីល្បាញនៅរាជធានីភ្នំពេញ ប៉ុន្តែតំបន់ភាគខាងត្បូងរាជធានី ពិសេសនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ នឹងក្លាយជាតំបន់ថ្មីមួយ ដែលនឹងជំនួសតំបន់បឹងកេងកង១ នាពេលអនាគត ដោ​យសារតំបន់នេះ ជាតំបន់ថ្មីងាយស្រួល ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋ និងរៀចំទីក្រុងថ្មី។

កាលពីឆ្នាំ២០២២ សាលាបារាំងចុងបូព៌ា បានសហការជាមួយ​រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ឋ និងតំបន់បតងនៅភាគខាងត្បូងរាជធានី ដោយសារតំបន់នេះមានការរីកចម្រើនលឿន និងលំហូរប្រជាសាស្រ្តកើនឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here