សហរដ្ឋអាមេរិកប្រកាសសាងសង់ស្ថានីយកុងតឺន័រទឹកជ្រៅតម្លៃ៥៥៣លានដុល្លារ នៅប្រទេសស្រីលង្កា ដើម្បីទប់ឥទ្ធិពលចិន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: សហរដ្ឋអាមេរិក បានប្រកាសគម្រោងក្នុងទំហំទឹកប្រាក់៥៥៣លានដុល្លារ កាលពីថ្ងៃពុធ ដើម្បីសាងសង់ស្ថានីយកុងតឺន័រដឹកជញ្ជូនទឹកជ្រៅមួយ នៅក្នុងកំពង់ផែកូឡុំបូ (Colombo) របស់ប្រទេសស្រីលង្កា ដើម្បីទប់ទល់នឹងឥទ្ធិពលចិននៅក្នុងតំបន់។

គម្រោងនេះត្រូវបានចាត់ទុក ជាការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ សម្រាប់ប្រទេសស្រីលង្កា ដែលមានសក្តានុពល ដើម្បីប្រែក្លាយទីក្រុងColombo ទៅជាមជ្ឈមណ្ឌលដឹកជញ្ជូន លំដាប់ពិភពលោកនៅត្រង់ចំនុចប្រសព្វ នៃផ្លូវដឹកជញ្ជូនសំខាន់ៗ និងប្រទេសទីផ្សារដែលកំពុងរីកចម្រើន។

ទឹកប្រាក់ចំនួន៥៥៣លានដុល្លារអាមេរិកនេះ គឺជាប្រាក់កម្ចី ដែលផ្តល់ដោយទីភ្នាក់ងារ សាជីវកម្ម​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក​ (DFC)។លោក​ Scott Nathan ​នាយក​ប្រតិបត្តិ​ DFC ​ បាន​លើកឡើងថា ការបោះទុនចំនួន៥៥៣លានដុល្លារនេះ នឹងជួយពង្រីកសមត្ថភាពដឹកជញ្ជូនរបស់កំពង់ផែកូឡុំបូ បង្កើតវិបុលភាពកាន់តែច្រើន សម្រាប់ប្រទេសស្រីលង្កា ដោយមិនបន្ថែមបន្ទុកបំណុលជាតិ ព្រមទាំងពង្រឹងជំហររបស់សម្ព័ន្ធមិត្តរបស់យើងនៅទូទាំងតំបន់។

ការផ្តល់ហិរញ្ញប្បទានដែលគាំទ្រ ដោយសហរដ្ឋអាមេរិកកើតឡើង ស្របពេលដែលស្រីលង្កាកំពុងខិតខំតស៊ូ ដើម្បីងើបឡើងវិញពីវិបត្តិហិរញ្ញវត្ថុ និងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលប្រទេសមួយនេះកំពុងជួបប្រទះ។

DFC ​បាន​អះអាងថា​ កំពង់ផែ​កូឡុំបូ​ បាន​ដំណើរការ​ស្ទើរ​តែ​ពេញ​ចំណុះ​ផែ ​ចាប់តាំង​ពី​ឆ្នាំ​២០២១មក​ម្ល៉េះ ​ហើយ​​ការស្ថាបនាស្ថានីយកុងតឺន័រថ្មី​​នេះ នឹង​បំពេញ​តាមតម្រូវការ​សេដ្ឋកិច្ច​ ដែល​កំពុង​រីក​ចម្រើន​នៅ​ឈូង​សមុទ្រ​បេងហ្គាល់​​។​

ចំណែក ដៃគូ​សហការក្នុងគម្រោង រួមមានក្រុមហ៊ុនស្រី​លង្កា​​ John Keells Holdings ​​និង​ក្រុម​ហ៊ុន​ឥណ្ឌា​​ Adani Ports & Special Economic Zones Limited។

លោក​ Nathan ​បាន​អះអាងថា​ DFC ​នឹងផ្តល់​ប្រាក់​កម្ចី​ដោយ​ផ្ទាល់​ដល់​ក្រុម​ហ៊ុន ​ដែល​ពាក់​ព័ន្ធ​ក្នុង​ការ​សាង​សង់​ ដោយ​លោកបន្ថែ ម​ថា​ “វា​ជា​អាទិភាព​ខ្ពស់​សម្រាប់​សហរដ្ឋ​អាមេរិក ​ក្នុង​ការ​ធ្វើ​សកម្ម ភាព​នៅ​ក្នុង​តំបន់​ឥណ្ឌូ​​-​ប៉ាស៊ីហ្វិក​ ខណៈតំបន់​នេះ​គឺ​ជា​ម៉ាស៊ីន​នៃកំណើន​សេដ្ឋកិច្ច​របស់​ពិភព​លោក ​និងមា​ន​សក្តានុពល​ដ៏​ធំ​មួយ ​ក្នុង​ការ​បង្កើត​ផល​​ប្រយោជន៍​សម្រាប់​ការ​អភិវឌ្ឍន៍​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here