អនុប្រធានាធិបតីចិនៈ ក្រុងប៉េកាំងត្រៀមខ្លួនជាស្រេចដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយអាមេរិក

0

ដោយៈ តែម សុខុម

ហុងកុងៈ អនុប្រធានាធិបតីចិន បានអះអាងកាលពីថ្ងៃពុធ ទី៨ ខែវិច្ឆិកា ថា ក្រុងប៉េកាំង ត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយក្រុងវ៉ាស៊ីនតោន។

ដំណឹងវិជ្ជមានដ៏គួរឱ្យភ្ញាក់ផ្អើលនេះ កើតមានឡើងប៉ុន្មានថ្ងៃមុនជំនួបដែលអាចកើតមានឡើង រវាងប្រធានាធិបតីចិន លោក ស៊ី ជីងភីង និងប្រធានាធិបតីអាមេរិក លោកចូ បៃឌិន នៅ San Francisco សហរដ្ឋអាមេរិក។

អនុប្រធានាធិបតីចិន លោក Han Zheng  បានថ្លៃងប្រាប់សារព័ត៌មានដ៏ល្បីល្បាញ Bloomberg ក្នុងវេទិកាសេដ្ឋកិច្ចនៅប្រទេសសិង្ហបុរី ថា ជំនួបកម្រិតខ្ពស់កាលពីពេលថ្មីៗ នេះបានបញ្ជូន “សញ្ញាវិជ្ជមាន និងបានធ្វើឱ្យសហគមន៍អន្តរជាតិ ​កាន់តែមានក្ដីរំពឹងថា ទំនា​ក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិកនឹងប្រសើរឡើង”។អនុប្រធានាធិបតីចិន រូបនេះបានគូសបញ្ជាក់ថា “យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីពង្រឹងការទំនាក់ទំនង និងការសន្ទនាជាមួយសហរដ្ឋអាមេរិកនៅគ្រប់កម្រិត លើកកម្ពស់កិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក គ្រប់គ្រងភាពខុសប្លែកគ្នាឱ្យបានត្រឹមត្រូវ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានារបស់ពិភពលោក”។

លោកបានបន្ថែមថា ទំនាក់ទំនងល្អប្រសើរ ប្រកបដោយស្ថិរភាព គឺជាក្ដីរំពឹងរួមដែលពលរដ្ឋ នៃប្រទេសទាំងពីរប្រាថ្នាចង់បាន។

ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន នឹងធ្វើដំណើរទៅកាន់ San Francisco នៅថ្ងៃទី១៤ ខែវិច្ឆិកា ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះស្វាគមន៍តំណាងមកពី២១ប្រទេស ដែលជាសមាជិកនៃអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here