ខេត្តកែបគ្រោងអភិវឌ្ឍឆ្នេរប្រវែងជាង២គីឡូម៉ែត្រឱ្យក្លាយទៅជាឆ្នេរលំដាប់ពិភពលោក

0

        ដោយៈ គង់ ហ្វីអូណា

        ខេត្តកែបៈ អាជ្ញាធរ​ខេត្ត​កែប និង​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង និង​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​កម្ពុជា បាន​ពិភាក្សា​គ្នា​ដើម្បី​រៀ​ប​ចំ​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ត​ចំនួនបួន ក្នុង​នោះ​ខេត្ត​កែប ត្រូវ​បាន​ជ្រើស​រើស​អភិវ​ឌ្ឍន៍​មុន​គេ ក្នុង​​ការ​ធ្វើ​ឱ្យ​ឆ្នេរប្រវែង​២៧០០​ម៉ែត្រ ក្លាយ​ទៅ​ជា​ឆ្នេរ​លំដាប់​ពិភព​លោក​។

អភិបាលនៃគណៈអភិបាលខេត្តកែប លោកសោម ពិសិដ្ឋ បាន​ថ្លែង​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា​ថា នៅ​ក្នុង​កិច្ច​ពិភាក្សា​ជា​មួយ​ប្រតិភូ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង និង​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​កម្ពុជា នា​ពេល​ថ្មី​នេះៗ ​​ភាគី​ទាំង​ពីរ​បាន​ជជែក​គ្នា​​ ពី​ផែន​ការ​រៀប​ចំ​អភិវឌ្ឍ​ខេត្ត​តំបន់​ឆ្នេរ​រួម​គ្នា រវាង​ខេត្ត​ព្រះសីហនុ កំពត កោះកុង និង​ខេត្ត​កែប​។ក្នុង​ផែន​ការ​រៀប​ចំ​អភិវឌ្ឍ​ខេត្ត​តំបន់​ឆ្នេរ​នេះ ប្រតិភូ​គណៈ​កម្មាធិការ​ជាតិបាន​​​ចាប់ផ្ដើម​ចុះ​ត្រួត​ពិនិត្យ​ និង​ស្រា​វជ្រាវ ដើម្បី​អភិវឌ្ឍ​ឆ្នេរ​នៅ​ក្នុង​ខេត្ត​កែប​មុន​គេ ខណៈ​ដែល​ក្នុង​ខេត្ត​នេះ កំពុង​តែ​អភិវឌ្ឍ​តំបន់​ឆ្នេរ​របស់​ខ្លួន​ជា​បណ្តើរៗ​ហើយ មាន​ដូច​ជា​ ឆ្នេរ​តាម​បណ្តា​កោះ និង​ឆ្នេរ​​អង្កោល​ជា​ដើម​។

លោកសោម ពិសិដ្ឋ បាន​ឱ្យដឹ​ង​ទៀត​ថា ក្រៅ​តែ​ពី​មាន​ការ​អភិវឌ្ឍ​​ឆ្នេរទាំ​ង​នេះ​ហើយ គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​ និង​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​កម្ពុជា ក៏​បាន​ជ្រើស​រើស​តំបន់​ឆ្នេរ២​៧០០​ម៉ែត្រក្នុង​ខេត្ត​កែប ដែ​ល​ទើប​តែ​ចាក់​ដី​បំពេញ​ថ្មី ដើម្បី​​អភិវឌ្ឍ​​ឱ្យ​ក្លាយ​ទៅ​ជា​ឆ្នេរ​លំដាប់​ពិភព​លោកផងដែរ​​។

ទន្ទឹម​នេះ វា​ក៏​ជាកា​រ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ ​​អន្តរ​ជាតិ​ផង​ដែរ ​ព្រោះ​គម្រោង​ផ្ដួច​ផ្ដើម​ កសាង​ផែ​ន​ការ​រៀប​ចំ​ដែនដីឆ្នេរ​កែប​នេះ ក្នុង​គោលដៅ​ធ្វើ​ឱ្យ​មាន​ភាព​ទាក់​ទាញ​ទាំង​ភ្ញៀវ​​​ជាតិ និង​​អន្តរ​ជាតិ ហើយ​ការ​អភិវឌ្ឍន៍​​ឆ្នេរ​នេះ​ដែរ វា​ក៏​មិន​មែន​រៀប​ចំ​ឡើង​ ដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែង​ជា​មួយ​ឆ្នេរ​សមុទ្រ ​ខេត្ត​ព្រះសីហនុ កំពត ឬ​​ខេត្ត​កោះកុង​ឡើយ ប៉ុន្តែ​ការ​រៀប​ចំ​នេះ ដើម្បី​ឱ្យ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ ​អាច​មាន​ការ​ប្រកួត​ប្រ​ជែ​​ង​ជា​មួយ​នឹង​ប្រទេស​នា​នា​បាន​។

អភិបាលខេត្តរូបនេះបានអះ​អាង​ថា ចំពោះ​ការ​អភិវឌ្ឍន៍​​តំបន់​ឆ្នេរ​នេះ​បែប​ណា​នោះ លោក​មិន​ដឹង​ច្បា​ស់​​នោះ​ទេ ដោយ​សារ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង និង​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រក​ម្ពុជា ​គ្រាន់​តែ​ចុះ​មក​ពិនិត្យមើ​​ល​ទីតាំង​សិន ហើយ​ក៏​មិន​ទាន់​ស្រាវ​ជ្រាវ​លម្អិត​ទាក់​ទង​នឹង​សក្ដានុពល​តំបន់​ឆ្នេរ​នេះ​នូវ​ឡើយ​ទេ​។ ប៉ុន្តែនៅ​​ក្នុង​ផែនការ​រៀប​ចំ​តំបន់​ឆ្នេរ២៧០០​ម៉ែត្រ​ក្នុង​ខេត្ត​កែប​នេះ អាច​មាន​ការ​រៀប​ចំហេដ្ឋា​រចនា​សម្ព័​ន្ធ ដូច​ជា ធ្វើ​ផ្លូវ​ថ្នើរ​ជើង ផ្លូវ​ជិះ​កង់​តាម​​បណ្តោយ​ឆ្នេរ ​កន្លែង​សម្រាប់​ទុក​ដាក់​សំរាម​ ដើម្បី​ឱ្យ​មាន​អនាម័យ​ល្អ​​នៅ​តាម​ឆ្នេរ​។​

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីនបានមានប្រសាសន៍ថា ផែនការនេះ​ជា​ការ​ផ្ដួច​ផ្ដើម​មួយ​ដ៏​ល្អ​ស​ម្រាប់​ខេត្ត​កែប ក៏​ដូច​ជា​ប្រ​ទេស​កម្ពុជា​ទាំង​មូល​ផង​ដែរ ​ព្រោះ​​​ខេត្ត​កែប​ជា​ខេត្ត​តំបន់​ទេសចរណ៍​មួយ ​ដែល​ទាក់​ទាញ​ទាំង​ទេសចរ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​។

លោកស្រី​បន្ត​ថា “ក្រៅ​ពី​​នេះ​ខេត្ត​កែប​ក៏​មាន​ឆ្នេរ​ស្អាត និង​មាន​គ្រឿង​សមុទ្រ ​ដែល​មាន​រសជាតិ​ឆ្ងាញ់ ជាពិ​សេស​គឺ​មាន​ព្រៃ​កោង​កាង​”។លោក​ស្រីបន្ថែមថា ​“បើ​យើង​ប្រែ​ក្លាយ​ឱ្យ​ទៅ​ជា​តំបន់​ឆ្នេរ​លំដា​ប់​ពិភព​លោក វា​នឹង​រួម​ចំណែ​ក​ជួយ​ទៅ​ដល់ ​ការ​កើន​ឡើង​ភ្ញៀវ​​ទេសចរ​ក្នុង​ស្រុក ​និង​​ក្រៅ​ស្រុក និង​ការ​កើន​ឡើង​នៃ​សេដ្ឋកិច្ច​ជាតិ​តាម​រយៈ​អ្នក​នៅ​ក្នុង​មូលដ្ឋាន​ គាត់​អាច​ពង្រីក​អាជីវកម្ម​របស់​គាត់​បន្ថែម​ទៀត​ ដើម្បី​ទាក់ទា​ញ​ភ្ញៀវ​ទេសចរ​មក​លេង ​ហើយស្នាក់​នៅ​បាន​យូរ ខណៈ​ដែល​អ្នក​ទេសចរ​​ក្រឡេក​​ទៅ ​​ឃើញ​តែប​រិស្ថាន​ល្អ សណ្ដាប់​ធ្នាប់​ល្អ និង​សេវាកម្ម​ល្អ​ផង​ដែរ​”​៕

LEAVE A REPLY

Please enter your comment!
Please enter your name here