រដ្ឋាភិបាលថៃកំពុងត្រៀមលក្ខណៈដើម្បីកាត់បន្ថយការកកស្ទះរំហូរភ្ញៀវអន្តរជាតិនៅតាមព្រលានយន្តហោះ ខណៈរដូវកាល High season ខិតជិតមកដល់

0

ដោយ: គង់ លាងហួរ

បាងកក: រដ្ឋាភិបាល​ថៃបាន​បង្កើត​មជ្ឈមណ្ឌល​បញ្ជា​មួយ ​ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ មក​ពី​ប្រទេស​ឥណ្ឌា និង​កោះតៃវ៉ាន់​ក្រោម​គោល​នយោបាយ​លើកលែងទិដ្ឋាការ ដែល​គ្រោងនឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​សុក្រសប្តាហ៍នេះ។

ទីភ្នាក់ងារផ្សេងៗត្រូវបានណែនាំ ឲ្យចូលរួមចំណែកក្នុងគ្រប់មធ្យោបាយ ដែលពួកគេអាចធ្វើបាន ដើម្បីកាត់បន្ថយចំនួនមនុស្សច្រើនលើសលប់ នៅអាកាសយានដ្ឋានដុនមឿង និងអាកាសយានដ្ឋានសុវណ្ណភូមិ ខណៈរដូវកាលដែលមានភ្ញៀវទេសចរច្រើន(High season)ខិតជិតមកដល់។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក Suriya Jungrungreangkit បានអះអាងថា លោកបានបញ្ជាដល់ភ្នាក់ងាររដ្ឋឱ្យរៀបចំខ្លួន ដើម្បីធានាភាពងាយស្រួលនៃការធ្វើដំណើរ និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរបរទេស បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញ គោលនយោបាយ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរឥណ្ឌា និងតៃវ៉ាន់ចូល និងស្នាក់នៅប្រទេសថៃ ដោយពុំចាំបាច់មានទិដ្ឋាការរយៈពេល៣០ថ្ងៃ។លោករដ្ឋមន្ត្រីបានបន្តថា អាកាសយានដ្ឋានថៃ (AOT) ត្រូវបានណែនាំឱ្យធ្វើការយ៉ាងជិតស្និទ្ធ ជាមួយភ្នាក់ងារផ្សេងៗ រួមទាំងអាជ្ញាធរអន្តោប្រវេសន៍ ដើម្បីសម្រួលដំណើរការ និងទប់ស្កាត់ការកកស្ទះ។

លោកបានមានប្រសាសន៍ឱ្យដឹងថា “មជ្ឈមណ្ឌលបញ្ជាត្រូវបានបង្កើតឡើង ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ​របស់អ្នកផ្តល់សេវានៅអាកាសយានដ្ឋានទាំងអស់ ក្នុងការធានាការធ្វើដំណើរប្រក​បដោយភាពរលូនសម្រាប់ភ្ញៀវ ជាពិសេសគឺនៅអាកាសយានដ្ឋានសុវណ្ណភូមិ និងដុនមឿង”។

លោក Suriya បានឱ្យដឹងទៀតថា លោកបានណែនាំដល់ភ្នាក់ងារផ្សេងទៀត រួមទាំងផ្លូវដែក រថយន្តក្រុងអន្តរខេត្ត និងអាជ្ញាធរដែនសមុទ្រ ដើម្បីផ្តល់សេវាប្រកបដោយប្រសិទ្ធភាព និងបង្កើនការប្រុងប្រយ័ត្ន ផ្នែកសុវត្ថិភាពបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរ។ លោកបានបន្ថែមថា គោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីប្រទេសឥណ្ឌា និងតៃវ៉ាន់ នឹងត្រូវបានអនុវត្ត ចាប់ពីថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំនេះ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ដែលនេះជាផ្នែកមួយ នៃផែនការជំរុញវិស័យទេស​ចរណ៍ និងកំណើនសេដ្ឋកិច្ចរបស់យើង។

កាលពីមុននេះ រដ្ឋាភិបាលថៃបានយល់ព្រម ផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ មកពីប្រទេសចិន និងកាហ្សាក់ស្ថាន ហើយគោលការណ៍​នេះ ​ត្រូវ​អនុវត្ត​រហូត​ដល់​ថ្ងៃ​ទី២៩ ខែ​កុម្ភៈ ឆ្នាំ២០២៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here