រដ្ឋមន្ត្រីសាធារណការជំរុញដល់ក្រុមហ៊ុនចិនបន្តដាក់ទុនវិនិយោគ លើគម្រោងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនដែលនឹងត្រៀមអនុវត្តន៍

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ  រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បានជំរុញដល់ក្រុមហ៊ុនបន្តចូលរួមជាមួយរដ្ឋាភិបាលក្នុងការបណ្ដាក់ទុនវិនិយោគ លើគម្រោងជាអាទិភាពផ្សេងៗទៀត ដែលរដ្ឋាភិបាលកំពុងពិនិត្យ និងត្រៀមដាក់ចេញក្នុងពេលឆាប់ៗខាងមុខ។

ថ្លែងក្នុងពិធីអបអរសាទរខួបមួយឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងព្រះសីហនុ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ប៉េង ពោធិ៍នា បានលើកឡើងថា ផ្លូវល្បឿនលឿន ដែលជាការដាក់ទុនវិនិយោគរួមគ្នា រវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនចិន ដែលបានផ្ដល់ប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានសេវាពីផ្លូវនេះ។

លោកបន្តថា មិនតែប៉ុណ្ណោះផ្លូវនេះ ក៏ជាខ្សែផ្លូវតភ្ជាប់សេដ្ឋកិច្ច និងទេសចរណ៍របស់កម្ពុជាផងដែរ។ លោកបានចាត់ទុកគម្រោងផ្លូវល្បឿនលឿននេះ ជាគម្រូនៃហិរញ្ញប្បទាន ក្រោមទម្រង់កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ឬទម្រង់សាងសង់-ប្រតិបត្តិការ (BOT) ដើម្បីប្រើប្រាស់ជាមូលដ្ឋាន ក្នុងការពិនិត្យលទ្ធភាពបន្តអនុវត្តន៍ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដទៃទៀត។

ជាមួយនឹងការពេញចិត្តនេះ លោកបានលើកទឹកចិត្តដល់ក្រុមវិនិយោគរបស់ប្រទេសចិន បន្តចូលរួមជាមួយរដ្ឋាភិបាលក្នុងការបណ្ដាក់ទុនវិនិយោគផ្អែកតាមគំរូនេះផងដែរ។

លោកបញ្ជាក់ថា “ខ្ញុំបាទសូមធ្វើការគាំទ្រ និងជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគ របស់ប្រទេសចិនដទៃទៀត ជាពិសេសក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ឱ្យបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្ដាក់ទុនវិនិយោគ លើគម្រោងជាអទិភាពផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលបាននិងកំពុងពិនិត្យ និងពិភាក្សាដាក់ឱ្យអនុវត្តនាពេលឆាប់ៗនេះ”។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ផ្លូវនេះមានប្រវែងសរុប១៨៧,០៥គីឡូម៉ែត្រ ដែលត្រូវបានវិនិយោគសាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន សាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) ក្រោមទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) និងប្រើប្រាស់ថវិការវិនិយោគប្រមាណ២០១៩លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here