ដោយ: គង់ លាងហួរ
ម៉ានីល: សេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីន បានកើនឡើងយ៉ាងគំហុក ក្នុងត្រីមាសទី៣ ដែលជំរុញដោយការស្ទុះងើបឡើងវិញ នៃការចំណាយរបស់រដ្ឋាភិបាល និងជំរុញឱ្យគោលដៅកំណើនសេដ្ឋកិច្ចចន្លោះពី៦ ទៅ៧%នៅឆ្នាំនេះ អាចសម្រេចទៅបាន។
ផលិតផលក្នុងស្រុកសរុប (GDP) របស់ហ្វីលីពីនបានកើនឡើង៥,៩ភាគរយនៅក្នុងត្រីមាសទី៣ បើធៀបនឹងឆ្នាំមុន ពោលគឺលើសពីការព្យាករណ៍៤,៧ភាគរយ នៅក្នុងការស្ទង់មតិរបស់សារពត៌មាន Reuters។ការចំណាយរបស់រដ្ឋាភិបាលហ្វីលីពីន បានកើនឡើង៦,៧ភាគរយក្នុងត្រីមាសទី៣ បើធៀបនឹងការធ្លាក់ចុះ០,៧ភាគរយ ក្នុងត្រីមាសទី២។
លោក Arsenio Balisacan លេខាធិការរៀបចំផែនការសេដ្ឋកិច្ចបានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងសង្ឃឹមថា នឹងរក្សាបាននូវសន្ទុះនេះ សម្រាប់រយៈពេលដែលនៅសល់នៃឆ្នាំនេះ និងឆ្នាំខាងមុខ”។លោក Balisacan បានបន្តថា អតិផរណានៅតែជាបញ្ហាប្រឈមមួយ ដោយសារវាបានធ្វើឱ្យការប្រើប្រាស់ ក្នុងគ្រួសារធ្លាក់ចុះ។ តួយ៉ាង ការប្រើប្រាស់ក្នុងគ្រួសារ បានកើនឡើងក្នុងល្បឿន៥ភាគរយប៉ុណ្ណោះនៅក្នុងត្រីមាសទី៣ បើធៀបនឹង៥,៥ភាគរយនៅក្នុងត្រីមាសទី២។
លោក Balisacan បានអះអាងថា “យើងសង្កត់ធ្ងន់ថា វិធានការមិនមែនរូបិយវត្ថុ ដើម្បីការពារអំណាចនៃការទិញ របស់ប្រជាជនហ្វីលីពីននៅតែមានសារៈសំខាន់ នៅពេលយើងដោះស្រាយបញ្ហានៃអត្រាអតិផរណាដ៏ខ្ពស់”៕