ដោយៈ គង់ សូរិយា
ភ្នំពេញៈ អនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនប្រទេសចិន លោកLi Yangបានសន្យានឹងបន្តកិច្ចសហប្រតិបត្តិការ និងពន្លឿនការងារដែលនៅសេសសល់ជាមួយកម្ពុជាឲ្យបានឆាប់រហ័ស។
លោកLi Yangបានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី ដឹកជញ្ជូនអាស៊ានលើកទី២៩ នៅទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវកាលពីដើមសប្តាហ៍នេះ។
ក្នុងឱកាសនោះ លោកបានជួបជាមួយ លោកប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបានទទួលជួបពិភាក្សាការងារទ្វេភាគី។
ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជាលើវិស័យដឹកជញ្ជូន។ ឆ្លៀតក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងសាធារណៈការបានមានប្រសាសន៍ថ្លែងអរគុណ ដល់រដ្ឋាភិបាលនៃប្រទេសចិន សម្រាប់កិច្ចគាំទ្រ និងកិច្ចសហប្រតិបត្តិ ក្នុងភាពជាដៃគូដ៏រឹងមាំកន្លងមកដល់កម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន រួមមាន៖ ផ្លូវថ្នល់ ស្ពាន ផ្លូវល្បឿនលឿន ផ្លូវដែក និងផែនការមេជាច្រើនទៀត ដែលកំពុងសិក្សា។
ឆ្លើយតបទៅនឹងសំណូមពររបស់លោក រដ្ឋមន្រ្តី ប៉េង ពោធិ៍នា លោកអនុរដ្ឋមន្រ្តីចិន Li Yang បានសន្យានឹង ជួយពន្លឿនកិច្ចការដែលនៅសេសសល់ទាំងឡាយ ឱ្យចេញលទ្ធផលជាផ្លែផ្កាយ៉ាងឆាប់រហ័ស ព្រមទាំងបន្តផ្តល់ការគាំទ្រ ដល់កម្ពុជាលើគ្រប់វិស័យ ជាពិសេសលើការបណ្តុះបណ្តាល ធនធានមនុស្ស ដើម្បីឆ្លើយតបឱ្យចំគោលដៅរបស់យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនចិនបានបញ្ចប់ការសិក្សា លើគំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើន ដូចជាផ្លូវក្រវ៉ាត់ក្រុងទី៤ គំរោងជីកព្រែកហ្វូណនតេជោ គំរោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ សៀមរាប សៀមរាប ប៉ោយប៉ែត គំរោងកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ភាគខាងកើត គំរោងតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញ ទៅកាន់ប្រទេសឡាវ តភ្ជាប់មកកាន់ខេត្តសៀមរាប គំរោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ មណ្ឌលគិរីជាដើម៕