ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា សេដ្ឋកិច្ចអាល្លឺម៉ង់បានធ្លាក់ចុះបន្តិចនៅក្នុងត្រីមាសទី៣ ដែលការណ៍នេះបានបង្កើនហានិភ័យនៃវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតនៅតំបន់អឺរ៉ុបមួយនេះ។
ផលិតផលក្នុងស្រុកសរុបរបស់អាល្លឺម៉ង់បានធ្លាក់ចុះ០,១% ក្នុងត្រីមាសទី៣ បើធៀបនឹងកំណើន០,១%នៅត្រីមាសទី២។ នេះបើយោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិសហព័ន្ធ (Destatis) របស់ប្រទេសអាល្លឺម៉ង់។
ទិន្នន័យ ខាងលើនេះ បានបង្កជាការព្រួយបារម្ភសម្រាប់ តំបន់ ដែល ចាយប្រាក់អឺរ៉ូទាំងមូល ព្រោះអាល្លឺម៉ង់ជា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតនៅតំបន់នេះ។
លោក Claus Vistesen ប្រធានសេដ្ឋវិទូប្រចាំតំបន់ចាយប្រាក់អឺរ៉ូនៅក្រុមហ៊ុន Pantheon Macroeconomics បានអះអាងថា “សេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់កំពុងធ្លាក់ចុះជាថ្មីម្តងទៀត និងស្ថិតនៅលើមាត់ជ្រោះដែលអាចធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ច”។
GDP របស់អាល្លឺម៉ង់បានធ្លាក់ចុះក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២២ មុនពេលស្ថិតនៅទ្រឹងក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ នេះបើយោងតាមទិន្នន័យដែលបានកែសម្រួលពីការិយាល័យស្ថិតិសហព័ន្ធ (Destatis)។
ក្រុមសេដ្ឋវិទូលើកឡើងថា រូបភាពនេះទំនងជាមិនអាចប្រសើរឡើងវិញ ក្នុងពេលឆាប់ៗនេះទេ ដោយសារវិស័យផលិតកម្មរបស់ប្រទេសអាល្លឺម៉ង់ប្រឈមមុខនឹងការធ្លាក់ចុះនៃតម្រូវការ តម្លៃថាមពលហក់ឡើងខ្ពស់ និងការដំឡើងអត្រាការប្រាក់។
ម្យ៉ាងទៀត បណ្តាក្រុមហ៊ុននានានៅក្នុងវិស័យផលិតកម្មនេះ កំពុងកាត់បន្ថយការងារក្នុងអត្រាលឿនបំផុត ក្នុងរយៈពេល៣ឆ្នាំ ដោយសារការបញ្ជាទិញថ្មីបានធ្លាក់ចុះ ហើយទំនុកចិត្តនៅតែមានសញ្ញាអវិជ្ជមានយ៉ាងខ្លាំង៕