ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុង Austin ក្នុងរដ្ឋតិចសាស់នៅសហរដ្ឋអាមេរិក បានបង្កើត“ទំនាក់ទំនងទីក្រុងមិត្តភាព” ចំនួន៣ រួមមាន ទីក្រុងសៀមរាបនៅកម្ពុជា ទីក្រុង Villefranche-sur-mer នៅប្រទេសបារាំង និងទីក្រុង Tehuacán នៅប្រទេសម៉ិកស៊ិក។
ទីក្រុងទាំង៣នេះ កំពុងស្ថិតក្នុងដំណើរការក្លាយជាទីក្រុង ដែលភ្ជាប់ចំណងមេត្រីភាព(Sister city)ជាមួយនឹងទីក្រុង Austin។ ចំណែក ទីក្រុងឈៀងម៉ៃនៅប្រទេសថៃនឹងក្លាយទៅជាទីក្រុងដែលមានចំណងមេត្រីភាព (Sister city)ជាមួយនឹងទីក្រុង Austin ជាផ្លូវការនៅចុងសប្តាហ៍នេះ។
ជាក់ស្តែង លោក Nirat Phongsittithaworn អភិបាលខេត្តឈៀងម៉ៃ នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅសាលាក្រុង Austin នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ជាមួយអភិបាលក្រុង Austin លោក Kirk Watson ដើម្បីចាប់ផ្តើមគំនិតផ្តួចផ្តើមនេះ។
លោក Watson បានមានប្រសាសន៍ថា “ទីក្រុង Austin និងទីក្រុងឈៀងម៉ៃ មានភាពស្រដៀងគ្នាជាច្រើន។ ទីក្រុងទាំងពីរឈរ ក្នុងនាមជាមជ្ឈមណ្ឌលសកលសម្រាប់សិល្បៈ វប្បធម៌ តន្ត្រី អាហារ និងភាពយន្ត”។
បច្ចុប្បន្ននេះ ទីក្រុង Austin បានបង្កើត ចំណង មេត្រីភាព (Sister City)ជាមួយនឹងទីក្រុងចំនួន១៣ នៅក្នុងប្រទេសជាច្រើន រួមមានប្រទេសមុិកសុិក ប៉េរូ អូស្ត្រាលី បារាំង ចក្រភពអង់គ្លេស និងឥណ្ឌា។







