ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុន LYP GROUP កំពុងពន្លឿនការសាងសង់សួនទឹក Angkor Water Park ដែលបានបោះទុនវិនិយោគប្រមាណ ៥០លានដុល្លារអាមេរិក ដើម្បីដាក់ឲ្យដំណើរការនៅចុងឆ្នាំនេះ។
តាមព៌តមានរបស់ក្រុមហ៊ុននេះបានឲ្យដឹងថា សួនទឹក Angkor Water Park នេះ មានឧបករណ៍កំសាន្តច្រើនជាងថៃ ៥០ភាគរយ មានរលកសម្បនិមិត្តកម្ពស់ ៣.៥ ម៉ែត្រនៅលើទំហំដី៦.៣ហិចតា នឹងក្លាយជាសួនទឹកធំលំដាប់ទី២ ប្រចាំតំបន់អាស៊ាន បន្ទាប់ពីសួនទឹក Sunway lagoon ៣២ហិចតា របស់ម៉ាឡេស៊ី ដែលត្រៀមទម្លាក់តំណែងសួនទឹក Cartoon Network Pattaya របស់ថៃ ៥.៧ ហិចតា។
-->
សួនទឹកកម្សាន្ត Angkor Water Park នេះ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មីរបស់អ្នកឧកញ៉ា លី យ៉ុង ផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដែលមានចម្ងាយប្រមាណ១៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ សួនទឹកលំដាប់អន្តរជាតិនេះ ស្ថិតនៅទល់មុខគ្នានឹងសួនសត្វដ៏ធំជាងគេបំផុតនៅកម្ពុជា ភ្នំពេញ សាហ្វារី ដែលបានចាប់បើកដំណើរការឲ្យប្រជាជនចូលទស្សនាកម្សាន្ត កាលចុងឆ្នាំ២០១៧កន្លងមកននេះ។
ថ្នាក់ដឹកនាំក្រុមហ៊ុន LYP GROUP ធ្លាប់បានថ្លែងថា សួនទឹកកម្សាន្ត Angkor Water Park នេះ ទទួលសិទ្ធិសាងសង់ដោយក្រុមហ៊ុន វ៉ាយ វ៉តធើ (White Water) ដែលជាក្រុមហ៊ុនអន្តរជាតិដ៏ល្បីល្បាញនៅលើពិភពលោក ផ្នែកការសាងសង់សួនទឹកកម្សាន្តតែម្តង។ លោកបន្តថា ដោយសារតែមើលឃើញថា នៅរាជធានីភ្នំពេញ ខ្វះកន្លែងកម្សាន្តកម្រិតស្តង់ដារអន្តរជាតិបែបនេះ ហើយទើបក្រុមហ៊ុនលោកសម្រេចចិត្តសាងសង់សួនទឹកកម្សាន្តដ៏ធំជាងគេមួយនេះឡើង ដើម្បីផ្តល់សេវាកម្មកំសាន្តដល់ប្រជាពលរដ្ឋឲ្យមានកន្លែងកំសាន្ត និងទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិផងដែរ។
លោក ហូ វណ្ឌី អគ្គលេខាធិការសមាគមសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជាបានឲ្យដឹងដែរថា បន្ទាប់ពីសួនទឹកកម្សាន្តដ៏ធំមួយនេះ សាងសង់រួចរាល់នៅក្នុងឆ្នាំ ២០១៩នេះ នឹងទាក់ទាញភ្ញៀវទេសចរមកពីក្រៅស្រុក មកកម្សាន្តនៅប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត បន្ថែមពីនេះភ្ញៀវទេសចរណ៍ក្នុងស្រុក នឹងមកលេងកម្សាន្តកាន់តែច្រើនផងដែរជាពិសេសយុវជន ព្រោះនេះជាគម្រោងដ៏ធំ និងទី១របស់បកម្ពុជា។
លោកបន្តថា “នៅពេលមានភ្ញៀវមកលេងកាន់តែច្រើន នឹងធ្វើឲ្យសេវកម្មផ្សេងជាច្រើនទៀតនឹងកើតឡើងផងដែរ សម្រាប់បម្រើដល់ភ្ញៀវទេសចរណ៍”៕