ក្រុមហ៊ុនSpaceX របស់Elon Musk នឹងមានតម្លៃឈានដល់៥០០ពាន់លានដុល្លារ នៅឆ្នាំ២០៣០

0

ដោយៈ តែម សុខុម

សិង្ហបុរីៈ មហាសេដ្ឋីពាន់លានដុល្លារ លោកRon Baron បានលើកឡើងក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មានដ៏ល្បីល្បាញ CNBC កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅថា ក្រុមហ៊ុន SpaceX របស់កំពូលមហាសេដ្ឋី Elon Musk នឹងមានតម្លៃកើនឡើងដល់ប្រមាណ៥០០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣០។

សារព័ត៌មាន CNBC បានឱ្យដឹងថា លោកRon Baron កាន់កាប់ភាគហ៊ុនជាង១ពាន់លានដុល្លារ ក្នុងក្រុមហ៊ុនបាញ់បង្ហោះផ្កាយរណបបស់លោក Elon Musk មួយនេះ។

លោក Ron Baron បានគូសបញ្ជាក់ថា ក្រុមហ៊ុននេះនឹងមានតម្លៃចន្លោះពី២៥០ពាន់លានដុល្លារ ទៅ៣០០ពាន់លានដុល្លារ នៅ៣ឆ្នាំខាងមុខ។

ក្រុមហ៊ុន SpaceX នៅពេលបច្ចុប្បន្ន មានតម្លៃប្រមាណ១៥០ពាន់លានដុល្លារ ដែលធ្វើឱ្យវាជាប់ឈ្មោះ ក្នុងចំណោមក្រុមហ៊ុនឯកជន ដែលមានតម្លៃបំផុតក្នុងពិភពលោក។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា។

កាលពីដើមខែនេះ លោក Elon Musk បានប្រកាសថា ក្រុមហ៊ុនStarlink ដែលជាបុត្រសម្ព័ន្ធអ៊ីនធឺណិត ផ្កាយរណបរបស់ SpaceX បានឈានដល់ដំណាក់កាលជោគជ័យហើយ។

Starlink គឺជាក្រុមហ៊ុនផ្កាយរណប ធំបំផុតរបស់ពិភពលោក ហើយអះអាងថា ខ្លួនមានបណ្ដាញផ្កាយរណប ប្រមាណ៥.០០០នៅក្នុងគន្លងតារាវិថីកម្រិតទាប។

ដោយដកស្រង់ប្រភពច្បាស់ការ សារព័ត៌មានដ៏ល្បីល្បាញ Bloomberg បានចុះផ្សាយកាលពីថ្ងៃច័ន្ទ សប្ដាហ៍មុនថា ក្រុមហ៊ុន SpaceX នឹងទទួលបានប្រាក់ចំណូល ប្រមាណ៩ពាន់លានដុល្លារ ក្នុងឆ្នាំនេះ ដោយការលក់ត្រូវបានព្យាករថា នឹងកើនឡើងដល់ប្រមា​ណ១៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤៕ Reuters ៕

LEAVE A REPLY

Please enter your comment!
Please enter your name here