ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋមន្ត្រីរតនាគារអាមេរិក លោកស្រី Janet Yellen បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ ទំនាក់ទំនងសេដ្ឋកិច្ច ដែលមានសុខភាពល្អ រវាងប្រទេសចិន និងសហរដ្ឋអាមេរិក។លោកស្រីបានជំរុញឱ្យទីក្រុងប៉េកាំង បង្ក្រាបក្រុមហ៊ុនចិនទាំងឡាយណា ដែលជួយដល់ការធ្វើសង្គ្រាមរបស់រុស្ស៊ី នៅប្រទេសអ៊ុយក្រែន។
លោកស្រី Yellen បានបន្តថា ទីក្រុងវ៉ាស៊ីនតោនមិនមានបំណងកាត់ផ្តាច់ទំនាក់ទំនង រវាងសេដ្ឋកិច្ចអាមេរិក និងចិននោះទេ ប៉ុន្តែរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន នឹងមិនបោះបង់សកម្មភាពឯកតោភាគីប្រឆាំង នឹងក្រុមហ៊ុនចិនទាំងឡាយណា ដែលផ្គត់ផ្គង់ឧបករណ៍សព្វាវុធដល់ទីក្រុងម៉ូស្គូនោះឡើយ។
លោក Yellen បានថ្លែងប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃ ជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូថា “យើងមិនមានបំណងក្នុងការកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច របស់យើងពីប្រទេសចិននោះទេ”។ទំនាក់ទំនងរវាងអាមេរិក និងចិនបានធ្លាក់ចុះដុនដាប ក្រោមអាណត្តិ របស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានដាក់ចេញនូវពន្ធគយលើទំនិញរបស់ចិន ដើម្បីជំរុញការផលិតក្នុងស្រុក និងដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនចិន ជុំវិញការចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្ស។ ទោះជាយ៉ាងនេះក្តី ទំនាក់ទំនងរវាងមហាអំណាចទាំង២ នៅតែមានភាពតានតឹង ស្ថិតក្រោមរដ្ឋបាលដឹកនាំបច្ចុប្បន្នរបស់លោកប្រធានាធិបតី ចូ បៃដិន។
ជាក់ស្តែងរដ្ឋបាលថ្មីនេះ បានបន្តកិច្ចខិតខំប្រឹងប្រែងរបស់លោកDonald Trump ក្នុងការស្តារការផលិតក្នុងស្រុកឡើងវិញ និងបានគាបសង្កត់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន។ ចំណែក កាលពីថ្ងៃទី៨ ខែវិច្ឆិកា អនុប្រធានាធិបតីចិន លោក Han Zheng បានអះអាងថា ទីក្រុងប៉េកាំង ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន។
លោក Han Zheng បានបញ្ជាក់ប្រាប់សារព័ត៌មាន Bloomberg ក្នុងវេទិកាសេដ្ឋកិច្ច នៅប្រទេសសិង្ហបុរី ថា ជំនួបកម្រិតខ្ពស់រវាងមន្ត្រីចិន និងអាមេរិក កាលពីពេលថ្មីៗនេះ បានបញ្ជូនសញ្ញាវិជ្ជមាន និងបានធ្វើឱ្យសហគមន៍អន្តរជាតិមានក្ដីរំពឹងថា ទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក នឹងអាចប្រសើរឡើង៕