តើទីផ្សារដីធ្លីនៅភាគខាងត្បូងរាជធានីកំពុងមានស្ថានភាពបែបណា ខណៈហេដ្ឋារចនាសម្ព័ន្ឋធំៗកំពុងសាងសង់

0

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ នៅភាគខាងត្បូងរាជធានីភ្នំពេញ បានធ្វើឲ្យផ្ទុះតម្លៃដីធ្លីយ៉ាងខ្លាំង មុនវិបត្តិមកដល់ ប៉ុន្តែតើ​ស្ថានភាពបច្ចុប្ប​ន្នកំពុងមានសភាពបែបណា?។

ចម្លើយចំពោះសំណួរនេះ យើងគួរងាកមកមើលពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋធំៗ ដូចជា ផ្លូវក្រវ៉ាត់ក្រុងទី៣ គំរោងសាងសង់ផ្លូវុំក្រវ៉ាត់ក្រុងទី៤ ការសាងសង់ព្រលានយន្តហោះតេជោ តម្លៃ១៥០០លាន​ដុល្លារ និងការបញ្ចប់ការស្ថាបនា និងពង្រីកផ្លូវជាតិលេខ២ បាននិងកំពុងជម្រុញការអភិវឌ្ឍ នៅតំបន់ភាគខាងត្បូងយ៉ាងលឿន។

អគ្គនាយិកាក្រុមហ៊ុនPropNex Cambodia លោកស្រីអាន សុធីតាបានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា ហេដ្ឋារចនាសម្ព័ន្ឋពិតជាមានការរីកចម្រើន នៅភាគខាងត្បូងរាជធានីភ្នំពេ​ញ ប៉ុន្តែវាមិនទាន់បានធ្វើឲ្យតម្លៃដីធ្លី ងើបឡើងនៅឡើយទេ ដោយ​សារកត្តាមួយចំនួន ទី១ ដីនៅតំបន់នេះមានសភាពធំទូលាយ ធ្វើឲ្យអ្នកអភិវឌ្ឍន៍មានជម្រើសច្រើន ទី២ ស្ថានភាពសេដ្ឋកិច្ចមិនច្បាស់​លាស់ និងទី៣ ការទិញដូរនៅមានសកម្មភាពតិចតួចនៅឡើយ ប៉ុន្តែស្ថានភាពនឹងមានសភាពប្រសើរឡើងនាពេលអនាគត។អតីតវីរស្ថាបត្យករកម្ពុជា លោកវណ្ណ ម៉ូលីវណ្ណបានជម្រុញឲ្យអ្នកអភិវឌ្ឈន៍ ងាកមកកាន់ភាគខាងត្បូងរាជធានី នាពេលអនាគត ដោយលោកមើលឃើញថា តំបន់នេះងាយស្រួលអភិវឌ្ឈន៍ មានសណ្ឋា​នដីខ្ពស់ មិនប្រឈមការលិចទឹកនៅរដូវស្សាជាដើម។

ជាមួយគ្នានេះ សាលាបារាំងចុងបូព៌ា កាលពីប៉ុន្មានឆ្នាំកន្លងមកនេះ បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរៀបចំកសាងផែនការមេសម្រាប់អភិវឌ្ឍន៍ តំបន់ភាគខាងត្បូងជាតំបន់បៃតង និងរៀបចំផែន​ការ កសាងហេដ្ឋារចនាសម្ព័ន្ឋនៅតំបន់នេះ ដើម្បីកាត់បន្ថយលំហូរកកស្ទះចរាចរណ៍នាពេលអនាគត។សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់ ដែលបានតាមដានដំណើរវិវត្តន៍ នៃវិស័យអច​លនទ្រព្យ និងសេដ្ឋកិច្ច បានមានប្រសាសន៍ថា ការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ឋ និងការវិនិយោគរបស់រដ្ឋាភិបាល ក្នុងប៉ុន្មានឆ្នាំចុងក្រោ​យនេះ បានធ្វើឲ្យវិស័យអចលនទ្រព្យ បានបង្កើនតម្លៃបន្ថែមយ៉ាងសម្បើម នៅគ្រប់ទិសទាំងអស់នៅរាជធានីភ្នំពេញ និយាយជារួម ប៉ុន្តែបើនិយាយដោយឡែក តំបន់ភាគខាងត្បូងរាជធានី ត្រូវបានគេចាប់អារម្មណ៍ជាងគេ ដោយសារវត្តមានព្រលានយន្តហោះអន្តរជាតិតេជោតម្លាំ១៥០០លានដុល្លារបានសាងសង់នៅតំបន់នេះ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនានា។ ​

លោកបន្តថា “ការចាក់បញ្ចូលមូលធនហិរញ្ញវត្ថុរបស់រដ្ឋាភិបាល បាននិងកំពុងលើកស្ទួយសេដ្ឋកិច្ច និងបង្កើនប្រភពចំណូល និងមូលដ្ឋានហិរញ្ញវត្ថុយ៉ាងច្រើន ដល់ប្រជាពលរដ្ឋនៅជុំវិញរាជធានី”។ លោ​ក​បន្តថា “ការកសាងហេដ្ឋារចនាសម្ព័ន្ឋជាតិ ជាការជម្រុញកំនើន​សេដ្ឋ​កិច្ចមូលដ្ឋានរយៈពេលវែង ហើយវាបាននិងកំពុងជម្រុញការលើកស្ទួយវិស័យសំណង់ និងអចលនទ្រព្យបន្ថែមទៀតនាពេលអនាគតផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here