ដោយៈ គង់ សូរិយា
ហ្លួងព្រះបាងៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា-ឡាវ លោកប៉េង ពោធ៍នា បានជួបពិភាក្សាការងារទ្វេភាគីជាមួយរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូននៅប្រទេសឡាវ។
ជំនួបនេះធ្វើឡើង ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន រវាងប្រទេសកម្ពុជា និងឡាវ ដែលជាប្រទេសមានភូមិផងរបងជាប់គ្នា។
លោកប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងឯកឧត្តម Ngampasong Muongmany រដ្ឋមន្រី្តក្រសួងសាធារណការ និងដឹកជញ្ជូនឡាវបានពិភាក្សាគ្នា នៅទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ។
លោករដ្ឋមន្រ្តីដឹកជញ្ជូនឡាវ បានស្នើឱ្យភាគីកម្ពុជា ពិនិត្យ ពិចារណាទៅលើការបង្កើន ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បង្កើនការកែលម្អច្រករបៀងដឹកជញ្ជូន និងបង្កើនរំហូរទំនិញ-ទេសចរណ៍-សេវា រវាងប្រទេសពីរ ឱ្យកាន់តែប្រសើរឡើង សំដៅរួមចំណែកជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងតំបន់។
ឆ្លើយតបទៅនឹងការលើកឡើងរបស់ភាគីឡាវ លោកប៉េង ពោធិ៍នា បានគូសបញ្ជាក់ថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ហើយដែលការតភ្ជាប់នេះ គឺស្របទៅតាមផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ២០២៣-២០៣៣ ដែលរាជរដ្ឋាភិបាលកម្ពុជា ទើបបានអនុម័តកាលពីពេលថ្មីៗនេះផងដែរ។លោករដ្ឋមន្រ្តីទាំងពីររូប បានឯកភាពគ្នាបង្កលក្ខណៈងាយស្រួលទៅវិញទៅមក ដើម្បីបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសការអនុវត្តគម្រោងនានា ដែលនឹងផ្តល់ផលប្រយោជន៍ទៅវិញ ទៅមកជូនប្រជាពលរដ្ឋប្រទេសទាំងពីរ៕